ពលរដ្ឋខ្មែរ​ជាង១៥០នាក់​ទៀត​នឹង ត្រឡប់​មក​កម្ពុជា​វិញ បន្ទាប់ពី​ខកខាន​ដោយ​វិបត្តិ​កូ​វីដ១៩​

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង

​ក្រសួង​ការបរទេស​កម្ពុជា​បានឱ្យ​ដឹង​ថា ពលរដ្ឋខ្មែរ ដោយមាន​ទាំង​និស្សិត និង​ពលករ ចំនួន១៥៨នាក់ ទៀត​នឹង​ត្រូវ​រៀបចំ​ឱ្យ​វិលត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី២៦ ខែមិថុនា ស្អែកនេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បានឱ្យ​ក្រុម​អ្នកសារព័ត៌មាន​ដឹង​ថា ដោយមាន​ការ​សហការ និង​ជួយ​សម្របសម្រួល របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី តាម​ជើងហោះហើរ​លេខ MH754 របស់​ក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ី នឹង​ដឹក​អ្នកដំណើរ​ពលរដ្ឋ កម្ពុជា រួមមាន​និស្សិត និង​ពលករ​ចំនួន ១៥៨ នាក់ ព្រមទាំង​អ្នកដំណើរ​ជា​ជនជាតិ​ម៉ាឡេស៊ី ២ នាក់​ទៀត​មក​កម្ពុជា។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ដំណើរ​នេះ នឹង​ចាកចេញ ពីទី​ក្រុង​គូ​ឡា​ឡាំ​ពួ នៅ​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ស្អែក នេះ វេលា​ម៉ោង ៩ ព្រឹក ហើយនឹង​ទៅដល់​ទីក្រុង​ភ្នំពេញ​នៅ​វេលា​ម៉ោង ជិត១០ព្រឹក ថ្ងៃ​ដដែល ។

នេះ​ជា​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ពលរដ្ឋខ្មែរ​មក​ពី​ប្រទេស​ម៉ាឡេស៊ី​ជា​លើក​ទីពីរ​ហើយ បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​អនុញ្ញាត​ឱ្យ​ពួក​គេ​អាច​វិលត្រឡប់​មក​ស្រុកកំណើត​វិញ​បាន ដោយ​គ្រាន់តែ​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័​កឬរក្សា​ទុក១៤ថ្ងៃ ដើម្បី​បង្ការ​ជំងឺ​កូ​វីដ១៩ មុននឹង​អនុញ្ញាត​ឱ្យ​ពួក​គេ​បន្ត​ទៅ​ស្រុកកំណើត។ ប៉ុន្តែ​ត្រូវ​រក្សា​ការ​ធ្វើ​ចត្តាឡីស័​ក១៤ថ្ងៃ​បន្ថែម​ទៀត​ដោយខ្លួនឯង​ពេល​ពួក​គេ​ទៅដល់​ស្រុកកំណើត។

កាលពី​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល ឱ្យ​ដឹង​ថា ពលរដ្ឋខ្មែរ​សរុប ២០៤នាក់ ដែល​ជាប់​នៅ​ប្រទេស​ម៉ាឡេស៊ី ត្រូវ​បាន រដ្ឋាភិបាល​សម្របសម្រួល និង​អនុញ្ញាត​ឱ្យ​វិលត្រឡប់​មក​ប្រទេសកំណើត​វិញ តាម​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ម៉ាឡេស៊ី។ក្រសួងសុខាភិបាល​បញ្ជាក់​ថា ពលរដ្ឋខ្មែរ​ជាង ១០០នាក់​ដែល​ត្រឡប់​មក​ពី​ប្រទេស​ម៉ាឡេស៊ី ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​រយៈពេល ១៤ថ្ងៃ ហើយ​ក្រសួង​រក​ឃើញ​មនុស្ស​បុរស​ខ្មែរ​ម្នាក់ ដែល​ធ្វើដំណើរ​តាម​ជើងហោះហើរ​ពី​ប្រទេស​ម៉ាឡេស៊ី​ពេលនោះ មាន​ផ្ទុក​កូ​វីដ១៩។

កាលពីដើម​ខែមេសា ប្រមុខ​រដ្ឋាភិបាល​លោក​ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ផ្អាក​ជើងហោះហើរ​ទាំងអស់ ដោយ​មិន​ឱ្យ​ដឹក​អ្នកដំណើរ​ខ្មែរ​ចូល​មក​កម្ពុជា​ឡើយ ក្រោម​ហេតុផល​ដើម្បី​បង្ការ​មិន​ឱ្យ​មានការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ១៩នៅ​កម្ពុជា​បន្ថែម​ទៀត។គិត​ត្រឹម​ថ្ងៃម្សិលមិញ កម្ពុជា​រក​ឃើញ​ករណី​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ចំនួន ១៣០នាក់ ដោយ​ក្នុង​នោះ​អ្នកជំងឺ ១២៨នាក់ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ ពោល​គឺ​នៅសល់​តែ ២នាក់​ទៀត​ប៉ុណ្ណោះ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.