ជប៉ុន​និង​អាមេរិក​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ខណៈ​ទ័ព​តៃវ៉ាន់​ទៅកាន់​ទីនោះ​រួចហើយ

សមុទ្រ​ចិន​ខាងត្បូង ដែល​មាន​ក្រឡាផ្ទៃ៣លាន​គីឡូ​ម៉េ​ត្រ​ក្រឡា និង​មាន២៥០កោះ បាន​កំពុង​ក្លាយជា តំបន់​វាតទី​ដ៏​ខ្លាំង​ពីសំណាក់​ប្រទេស​ចិន ។នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ មិនថា​ឡើយ ប្រទេស៥នៃ​សមាគម​អាស៊ាន​ដែល កំពុង​វិវាទ​ជាមួយ​ចិន គឺ​សូម្បី​កោះ​តៃវ៉ាន់ នៅ​ក្រៅ​សមាគម​នេះ ក៏​កំពុង​ភ័យខ្លាច​នូវ​ការបាត់បង់​កោះ របស់​ខ្លួន​នៅ​ប្រជុំកោះ ស្ព្រា​តលី និង​ប៉ា​រ៉ា​ហ្សែល​ផង​ដែរ។ប៉ុន្តែ​សហរដ្ឋអាមេរិក និង​ជប៉ុន ពុំ​មាន កោះ​របស់​ពួក​គេ​នៅ តំបន់​សមុទ្រ​ខាងត្បូង​នោះ​ទេ តែ​បែរ ជា​មានការ​ព្រួយបារម្ភ​ខ្លាច​តំបន់​នោះ លែង​ក្លាយជា​ផ្លូវ​នាវាចរណ៍​អន្តរជាតិ ហើយ​ធ្លាក់​ក្រោម​ការគ្រប់គ្រង ទៅលើ​ប្រទេស​ចិន ព្រោះតែ​មាន​ព័ត៌មាន​មក​ថា ចិន​ត្រៀម​ប្រកាស​តំបន់​នោះ​ជា​តំបន់​ហាម​ហោះហើរ។

កាលពី​ថ្ងៃទី២៤ ខែមិថុនា សារព័ត៌មាន អាមេរិក UPI បាន​ចុះផ្សាយ​ថា នាវាចម្បាំង​របស់​សហរដ្ឋអាមេរិក មួយ​គ្រឿង ឈ្មោះថា USS Gabrielle Giffords បាន​ចូលរួម​ជាមួយនឹង​នាវាចម្បាំង​ពីរ​គ្រឿង​របស់​ជប៉ុន​គឺ​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​នោះ​តែម្ដង។សេចក្ដីថ្លែង​ការណ៍​របស់ កងនាវាចរណ៍​អាមេរិក បាន​ចេញផ្សាយ​ថា នាវា​ជប៉ុន ២គ្រឿង​នេះ​គឺ​នាវា JS Kashima និង JS Shimayuki បាន​ទៅ​ចូលរួម សមយុទ្ធ​នេះ ហើយ​សមយុទ្ធ​នេះ មាន​គោលដៅ ពង្រឹង​និង​បង្កើន​សមត្ថភាព នៃ​កិច្ច​សហប្រតិបត្តិ​ការ ទ្វេភាគី ជាមួយ​សហរដ្ឋអាមេរិក​ផ្នែក​សន្តិសុខ​សមុទ្រ។

បើ​តាម​សេចក្ដីថ្លែង​ការណ៍​នេះ គឺ​នាវា​ជប៉ុន​ចំនួន២គ្រឿង​នេះ ត្រូវ​ដាក់អោយ​ចូលរួម​សមយុទ្ធ​សម្រាប់​ឆ្នាំ២០២០នេះ ក៏​សំដៅ​ហ្វឹកហ្វឺន​កង​នាវា អោយ​កាន់តែ​មានបទពិសោធន៍​ក្នុង​វិស័យ​សន្តិសុខ​សមុទ្រ​អន្តរជាតិ។នៅ​តំបន់​សមុទ្រ​ចិន គឺជា​ផ្លូវ​នាវាចរណ៍​អន្តរជាតិ​ដ៏​ធំ ។ ប៉ុន្តែ​រយៈពេល​ចុងក្រោយ​នេះ ចិន បាន​អួតអាង​ថា តំបន់​នោះ ភាគច្រើន​បំផុត​ជា​ដែនទឹក​របស់​ខ្លួន គឺថា​ចិន​មានកម្ម​សិទ្ធ​តាំងពី យូរលង់​មក​ហើយ។

តែ​នៅ​ឆ្នាំ២០១៣ ចិន បាន​ធ្វើសកម្មភាព​ទាំង​យោធា និង​ស៊ីវិល ដើម្បី​ច្បាម​យក​កោះ​មួយចំនួន​ពី​ប្រទេសជិតខាង ដែល​ប្រទេស​មហាយក្ស​មួយ​នេះ ធ្លាប់​លុកលុយ​ចូក​កាន់កាប់​កោះ​ជាច្រើន នៅ​ប្រជុំ​កោះ​ប៉ា​រ៉ា​ហ្សែល នៅក្នុង​សង្រ្គាម​ទ័ពជើងទឹក នៅ​ឆ្នាំ១៩៧៤ ដោយ​ដំ​ណ្ដើម បាន​កោះ មួយចំនួន ពី​ប្រទេស​វៀតណាម។ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង គឺ​ប្រទេស​ចិន បាន​ស្ថាបនា​កោះ​សិប្បនិម្មិត​បាន​ចំនួន១០កោះ ដែល​កោះ​ទាំងនោះ គឺជា​មូលដ្ឋានទ័ព​ជើងអាកាស​និង​ជើងទឹក​របស់​ចិន។

តាម​សេចក្ដីរាយការណ៍ ពី​បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia ចិន នឹង​ចាប់ផ្ដើម​ពង្រាយ​កងទ័ព​របស់​ខ្លួន​ថែមទៀត នៅ​ទីនោះ តាមរយៈ​ការ​ធ្វើ​សមយុទ្ធ​របស់​កងទ័ព​ប្រជាជន​ចិន នៅដើម​ខែសីហា​ឆ្នាំ២០២០នេះ ដែល​នាំ​អោយ​ប្រទេស​ចំនួន៥នៃ​សមាគម​អាស៊ាន ដែល​មាន​ជម្លោះ​ជាមួយ​ចិន រួម​ទាំង​កោះ​តៃវ៉ាន់​ផង​ដែរ​នោះ បង្ហាញ​ការ​ព្រួយបារម្ភ ពី​ការ​បាត់​កោះ​របស់​ខ្លួន​ថែមទៀត​ទៅលើ​ប្រទេស​ចិន។

ទាំង​វៀតណាម ហ្វីលីពីន និង​ឥណ្ឌូ​នេ​ស៊ី គឺជា​ភាគី​ចុងក្រោយ​គេ ដែល​ចិន ចាប់​យក​ជា​ដៃគូ​ចរចា​អំពី​ដែនទឹក​ត្រួតស៊ីគ្នា​នោះ បាន​ទទូច​ថា អាស៊ាន​គួរ​រួមគ្នា រុញ​ឲ្យ​មាន​ក្រម​ប្រតិបត្តិ​សមុទ្រ ឆាប់​ចេញ​រូបរាង ដើម្បីអោយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​យក​ទៅ​អនុវត្ត។សម្រាប់​វៀតណាម ព្រមាន​ថា​នឹង​ប្ដឹង​ចិន​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ បើ​ចិន មិន​ទទួលយក​ក្រម​ប្រតិបត្តិ​នេះ ហើយ​នៅតែ​វាតទី​យក​ដែន​កោះ របស់​វៀតណាម​ថែមទៀត​នោះ។

សម្រាប់​វៀតណាម និង​ហ្វីលីពីន​បាន​ប្រកាស​ថា​ខ្លួន​ត្រៀម​រួចហើយ ដើម្បី​ធ្វើស​កម្ម​យោធា ដើម្បី​ការពារ​ដែនទឹក​របស់​ខ្លួន។ Channel News Asia បាន​ចុះផ្សាយ​ទៀត​ថា អាជ្ញាធរ​កោះ​តៃវ៉ាន់​ឯណោះ ដែល​មិន​មាននៅ​ក្នុង​សមាគម​អាស៊ាន បែរជា​ប្រទេស​នេះ អះអាង​មុនគេ ថា បាន​បញ្ជូន​កង​នាវា ចម្បាំង​របស់​ខ្លួន ទៅកាន់​ដែន​កោះ​របស់ តៃវ៉ាន់ ដែល​មាននៅ​សមុទ្រ​ចិន​ខាងត្បូង​រួចរាល់​ហើយ។ កោះ​តៃវ៉ាន់​បញ្ជាក់​ថា កង​នាវា​នោះ គឺ​មានបំណង ទៅ​ការពារ​ដែនទឹក​របស់​តៃវ៉ាន់ ផង​និង​ទៅ​ធ្វើ​សមយុទ្ធ​នៅ​ទីនោះ​ផង​ដែរ។

ក្រសួងការពារជាតិ​ដែនដី​តៃវ៉ាន់ បាន​ប្រកាស​ថា កងទ័ព​ម៉ារី​នរ​បស់​ខ្លួន នៅពេល​នេះ គឺ​ស្ថិតនៅ​លើ​កោះ​របស់​តៃវ៉ាន់​អស់ហើយ គឺ​ប្រជុំកោះ Pratas នៃ​ដែន កោះ ស្ព្រា​តលី និង​ប៉ា​រ៉ា​ហ្សែល។ បើ​តាម​ការិយាល័យ​ប្រធានាធិបតី របស់​អ្ន​ស្រី សាយ​អ៊ឹ​ងវិន កងទ័ព​មា​រី​នតៃវ៉ាន់ បាន​ទៅដល់​កោះ​នោះ​កាលពី​ថ្ងៃទី២១មិថុនា ។

ការដែល​តៃវ៉ាន់​បញ្ជូន​ទ័ព​ម៉ារី​នរ​បស់​ខ្លួន ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង គឺ​បន្ទាប់ពី​កាសែត ជប៉ុន Kyodo ចុះផ្សាយ​កាលពី​ខែឧសភា​ថា ប្រទេស​ចិន មាន​ផែនការ​ចាប់​យក​កោះ Pratas នៅពេល​ដែល​កងទ័ព ប្រជាជន​ចិន ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នៅ​ខែសីហា។

អ្នកសង្កេតការណ៍​ព្រមាន​ថា សកម្មភាព​កងទ័ព នៃ​ប្រទេស​ពាក់ព័ន្ធ​ជម្លោះ​ជាមួយ​ចិន រួម​ទាំង​សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី គឺជា​កម្លាំង​រួម​មួយ​ប្រាប់​ចិន​ថា កោះ​ទាំងនោះ​សុទ្ធតែ​ជា​កម្ម​សិទ្ធ​របស់​ពួក​គេ ប៉ុន្តែ អាស្រ័យ​លើ​ចិន បើ​ប្រទេស​ធំ​នេះ នៅតែ​ឈ្លានពាន​យក​កោះ​ពី​ប្រទេស​ពាក់ព័ន្ធ គឺ​ជម្លោះ​ប្រដាប់​អាវុធ​ទំនង​នឹង​ជៀស​មិន​រួច​ឡើយ​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.