ក្រសួងសុខាភិបាលបន្តអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នជំងឺកូវីដ១៩ ខណៈរកឃើញឆ្លងថ្មីជាង១០ករណីបន្ថែមទៀត

ក្រសួងសុខាភិបាលកម្ពុជា នៅតែជំរុញឱ្យពលរដ្ឋមានការ​ប្រុងប្រយ័ត្នខ្ពស់ និងបន្តរក្សាអនាម័យជាប្រចាំ តាមវិធានការរបស់ក្រសួង ដោយមិនត្រូវធ្វេសប្រហែលនឹងជំងឺកូវីដ១៩នោះឡើយ។

ការអំពាវនាវជាថ្មីទៀតនេះ ស្របពេលកម្ពុជា រកឃើញករណីថ្មីចំនួន ១១ករណីបន្ថែមទៀត នៅចន្លោះពីថ្ងៃទី២៦-២៧ មិថុនា ចុងសប្តាហ៍នេះ លើអ្នកដំណើរវិលត្រឡប់ពីប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃច័ន្ទនេះបានឱ្យដឹងថា បុរសជនជាតិខ្មែរ វ័យ២៩ឆ្នាំម្នាក់ បានជាសះស្បើយពីវីរុសកូវីដ១៩ ហើយត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ដោយបុរសរូបនោះ បានរកឃើញថាមានការឆ្លងវីរុសកូវីដ១៩ កាលពីថ្ងៃទី១៤ ខែមិថុនា ពីរថ្ងៃក្រោយពេលវិលត្រឡប់ពីប្រទេសឥណ្ឌូនេស៊ី ។

ក្រសួងបញ្ជាក់ថា គិតចាប់តាំងពីខែមករា យ៉ាងហោចណាស់មានអ្នក ឆ្លងជំងឺកូវីដ១៩ ចំនួន១៤១នាក់ ដោយមនុស្ស១៣០នាក់ត្រូវបានព្យាបាលឱ្យជាសះស្បើយ ហើយមនុស្សចំនួន១១នាក់ទៀត ដែលជាអ្នករកឃើញឆ្លងថ្មីៗនេះ កំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

ករណីឆ្លងថ្មី ១១នាក់នេះ ក្រសួងបញ្ជាក់ថា ជាក្រុមអ្នកទើបត្រឡប់មកពីក្រៅប្រទេស គឺមកពីប្រទេសឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.