អគ្គស្នងការ​នគរបាល​ជាតិ សម្រេច​ដាក់​វិន័យ​និង​ព្យួរការងារ​កងកម្លាំង​នគរបាល​ខេត្តព្រៃវែង៧នាក់

អគ្គស្នងការ​នគរបាល​ជាតិ លោក​នេត សាវឿ​ន បានសម្រេច​ដាក់​វិន័យ​កងកម្លាំង​នគរបាល​ជាតិ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តព្រៃវែង៧នាក់ ដែល​បាន​ប្រព្រឹត្ត​ខុសពី​ក្រមសីលធម៌ វិជ្ជាជីវៈ និង​វិន័យ​កងកម្លាំង​នគរបាល​ជាតិ។យោង​តាម​សេចក្តី​សម្រេច​របស់​អគ្គស្នងការ​នគរបាល​ជាតិ​កាលពី​ថ្ងៃម្សិលមិញ បាន​ប្រកាស​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន ចំពោះ​មន្ត្រី​នគរបាល​ខេត្តព្រៃវែង​ចំនួន៧នាក់ ដោយមាន​ទាំង​ស្នងការ​រង ប្រធាន អនុប្រធាន​ការិយាល័យ និង​មន្ត្រី​នគរបាល​ផង​ដែរ។

សេចក្តី​សម្រេច​នោះ បង្ហាញ​មន្ត្រី​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ចំនួន៧រូប​នោះ រួមមាន​ឧត្តមសេនីយ៍​ត្រី និង​ជា​ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន លោក ថោង វណ្ណ​ឌី ។ វរសេនីយ៍ឯក និង​ជា​ប្រធាន​ការិយាល័យ​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន លោក​ពៅ ជីវ័ន។ អនុសេនីយ៍ឯក និង​ជា​អនុប្រធាន​ការិយាល័យ​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន លោក ទូច ធា​រ៉ា ។

លោក​ស៊ី បូ នាយ​ផ្នែក​ទទួលបន្ទុក​ផែន​ប្រឆាំង​គ្រឿងញៀន លោក​ហេង ចាន់​រតនា មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន លោក សៀក ចាន់​ធឿន មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​លោក យន់ តា​រា​ភ័​ស្ត មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន។ ប្រភព​ដដែល​បញ្ជាក់​ថាម​ន្ត្រី​នគរបាល​ជាតិ​ទាំង៧នាក់​នេះ ត្រូវ​បង្ហាញខ្លួន​រៀងរាល់​ម៉ោង​ធ្វើការ​នៅ​ការិយាល័យ​បុគ្គលិក​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តព្រៃវែង ដើម្បី​ទទួលការ​សម្រេច​ថ្មី។

គេហទំព័រ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​ថ្ងៃទី២៨ខែកក្កដា​នេះ បាន​លើកឡើង​ថា ពាក់ព័ន្ធ​នឹង​ការសម្រេច​ដាក់​វិន័យ​ចំពោះ​មន្ត្រី​នគរបាល​ជាតិ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តព្រៃវែង ដោយសារតែ​មន្ត្រី​ទាំង៧នាក់​នោះ បាន​ធ្វើ​ប្រតិបត្តិ​ការ​បង្ក្រាប​គ្រឿងញៀន​ផ្ទុយពី​ក្រមសីលធម៌​វិជ្ជាជីវ​: និង​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ ព្រមទាំង​បង្ក​ឲ្យ​មានរបួស​ស្នាម​ដល់​ជនសង្ស័យ​ជាដើម។លោក នេត សាវឿ​ន បញ្ជាក់​ក្នុង​សេចក្តី​សម្រេច​នោះ​ថា ការ​ដាក់​វិន័យ​ដោយ​ផ្អាក​ការងារ​បណ្ដោះអាសន្ន​នេះ គឺ​គ្រាន់តែ​ជា​ជំហាន​ទី១ប៉ុណ្ណោះ ដោយ​លោក​បញ្ជា​ឲ្យ​នាយកដ្ឋាន​បុគ្គលិក​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើប​បញ្ជាក់​បន្ត​ដើម្បី​ឈាន​ទៅដល់​ការ​ដាក់​ពិន័យ​តាម​ទម្ងន់ទោស ឬក៏​អាច​ឈាន​ដល់​អនុវត្ត​នីតិវិធី​ច្បាប់​តែម្តង។

មន្ត្រី​នគរបាល​ទាំង៧នាក់ បាន​ចុះទៅ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ហើយក៏​ចាប់បាន​មនុស្ស៦នាក់​ជា​ជនជាតិ​ខ្មែរ​-អ៊ី​ស្លាម​កាលពី​ថ្ងៃទី២៦ខែកក្កដា ដែល​សង្ស័យ​ថា​ជា​អ្នកប្រើ​ប្រាស់​គ្រឿងញៀន។ គេហទំព័រ​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ សរសេរ​ថា ក្រោយ​ចាប់បាន មន្ត្រី​នគរបាល​ទាំង៧នាក់ បាន​ដោះលែង​អ្នកប្រើ​ប្រាស់​គ្រឿងញៀន​ទាំង៦នាក់​នោះ ឲ្យ​ត្រឡប់ទៅ​ផ្ទះ​វិញ ជា​ថ្នូរ​នឹង​ការ​ទទួល​ប្រាក់​ពី​ឪពុក​ម្តាយ​របស់​ពួក​គេ។

បញ្ហា​នេះ អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជា​ឱ្យ​មន្ត្រី​ខ្លួន​ចុះទៅ​សុំទោស​គ្រួសារ​ជនសង្ស័យ​ទាំង៦នាក់ និង​បញ្ជា​ឱ្យ​យក​ថវិកា​មួយចំនួន​ទៅ​ជូន​ពួក​គេ​វិញ​ផង​ដែរ។ លោក​នេត សាវឿ​ន បាន​បញ្ជា​ឲ្យ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន អង្គភាព និង​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​-ខេត្ត​ទាំង២៥ ត្រូវ​ពង្រឹង​ការអនុវត្ត​ន៍​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ​នៅ​ទូទាំង​ប្រទេស និង​មិន​លើកលែង​ដាច់ខាត​ចំពោះ​មន្ត្រី​នគរបាល​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​ខុសពី​វិន័យ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​កងកម្លាំង​នគរបាល​ជាតិ និង​អាច​ឈាន​ដល់​ការអនុវត្ត​នីតិវិធី​ច្បាប់​ទៀតផង​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.