អាជ្ញាធរខេត្តបន្ទាយមានជ័យ កំពុងជម្លៀសអ្នកទោសទៅកាន់ពន្ធនាគារនៃខេត្តផ្សេងទៀតដោយសារបញ្ហាទឹកជំនន់

អាជ្ញាធរខេត្តបន្ទាយមានជ័យ ឱ្យដឹងថាអ្នកជាប់ឃុំជាង១ពាន់នាក់ក្នុងពន្ធនាគារខេត្តនេះ ត្រូវជម្លៀសទៅកាន់ពន្ធនាគារខេត្តផ្សេងៗដែលនៅក្បែរ ដោយសារជំនន់ទឹកភ្លៀងបានជន់លិចពន្ធនាគារខេត្តនេះ។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ចុះផ្សាយនៅថ្ងៃនេះ ដោយស្រង់សម្តីរបស់អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ថា ដោយសារតែស្ថានភាពលិចលង់ខ្លាំង គណៈគ្រប់គ្រងពន្ធនាគារខេត្តបានសម្រេចជម្លៀសអ្នកជាប់ឃុំចេញពីពន្ធនាគារក្នុងខេត្តនេះ ទៅកាន់ពន្ធនាគារខេត្តផ្សេងទៀតដែលនៅក្បែរ ដើម្បីកុំឱ្យមានហានិភ័យកើតឡើង។

ប្រភពដដែលក៏បានស្រង់ការលើកឡើងរបស់ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ លោក អ៊ុង ស៊ីផាន ថា ជនជាប់ឃុំក្នុងពន្ធនាគារនេះ មានចំនួន១ពាន់ ៦រយនាក់ ក្នុងនោះស្រី១រយនាក់។ លោកបន្តថា ដោយសារទឹកបានហូរចូលមកក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យយ៉ាងគំហុក ធ្វើឱ្យមានការលិច អាគាររដ្ឋបាល និងបន្តហូរចូលទៅក្នុងអាគារស្នាក់នៅរបស់ជនជាប់ឃុំ។

ទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៣ ខែតុលានេះ  បានអំពាវនាវដល់ពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដោយសារក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ស្ថានភាពទឹកបាននឹងកំពុងហូរធ្លាក់មកពីព្រំដែនកម្ពុជា-ថៃ ដោយសារមានការបើកទំនប់អាងអូខៃដន ក្រុងប៉ោយប៉ែត និងទឹកធ្លាក់មកពីខេត្តបាត់ដំបង តាមស្ទឹងបវេល ស្រុកមង្គលបូរី។

បញ្ហានេះ ធ្វើឱ្យស្ថានភាពទឹកមានការកើនឡើងគួរឱ្យព្រួយបារម្ភ ពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់នៅភូមិសាស្រ្តមួយផ្នែកនៃក្រុងសិរីសោភ័ណ និងឃុំមួយចំនួនក្នុងស្រុកមង្គលបូរី និងកន្លែងផ្សេងៗទៀតនាផ្នែកខាងក្រោម។

កាលពីថ្ងៃម្សិលមិញ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកជាបណ្តោះអាសន្ន នូវការធ្វើចរាចរណ៍យានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ៥ ពីចំណុចទីរួមខេត្ត រហូតដល់ប្រទល់ខេត្តបាត់ដំបង ដោយសារបញ្ហាជំនន់ទឹកភ្លៀងនេះផងដែរ ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.