តុលាការកោះហៅអ្នកវិភាគនយោបាយលោក គឹម សុខ ឱ្យចូលរួមសវនាការពាក់ព័ន្ធការចោទប្រកាន់បទបរិហារកេរ្តិ៍ និងញុះញង់

សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅអ្នកវិភាគនយោបាយលោក គឹម សុខ ដែលកំពុងរស់នៅក្រៅប្រទេសឱ្យចូលខ្លួនឆ្លើយបំភ្លឺ ករណីបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិក វណ្ណៈ បានចេញដីកាកោះហៅ លោក គឹម សុខ ដែលជាជនជាប់ចោទឱ្យចូលខ្លួនសវនការជំនុំជម្រះករណីចោទប្រកាន់ទាំងនេះនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ។

ដីកាកោះហៅ លោក គឹម សុខ នេះ បានចេញតាំងពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយត្រូវបានសមត្ថកិច្ច ទើបនឹងយកទៅបិទនៅទីកន្លែងស្នាក់លំនៅរបស់លោក គឹម សុខ នារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា។

លោក គឹម សុខ ធ្លាប់ត្រូវបានតុលាការកាត់ទោស កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ ដោយដាក់ពន្ធនាគាររយៈពេល១៨ខែ ពិន័យ៨លានរៀលចូលថវិការដ្ឋ និងសងសំណងជំងឺចិត្តដល់ដើមបណ្ដឹង ចំនួន៨០០លានរៀល ករណីចោទប្រកាន់ថាគណបក្សប្រជាជនកម្ពុជា ថាជាអ្នកសម្លាប់លោកបណ្ឌិតកែមឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

យ៉ាងនេះ លោកគឹម សុខ នៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយលោក ហ៊ុន សែន ជុំវិញការលើកឡើងរបស់លោក គឹម សុខ បានចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតប្រព័ន្ធសម្លាប់មនុស្សរួចរកឃាតកមិនដែលឃើញ កាលពីថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០១៧។ ការចោទប្រកាន់នេះ តុលាការបានចោទប្រកាន់ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

ក្រោយពេលអនុវត្តទោសចប់កាលពីឆ្នាំ២០១៨ លោក គឹម សុខ បន្តរិះគន់ការដឹកនាំរបស់រដ្ឋាភិបាលឥតសំចៃមាត់ដដែល ហើយការវិភាគរបស់លោកក៏ត្រូវទៅនឹងយុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាច ពិសេសយុទ្ធសាស្ត្រលោក ហ៊ុន សែន ផ្ទាល់តែម្តង។

ដោយការរិះគន់ការដឹកនាំរបស់លោកហ៊ុន សែន ឥតសំចៃមាត់របស់លោកនេះហើយ បានជាលោកហ៊ុន សែន បង្ហើបពីបណ្តឹងរបស់លោកកាលពីឆ្នាំ២០១៨ ដោយទាមទារឱ្យលោកគឹម សុខ ផ្តល់សំណងជំងឺចិត្តដល់លោក។  លោកនាយរដ្ឋមន្ត្រីព្រមានពេលនោះថាបើគ្មានលុយទេ លោកនឹងឱ្យគេចាប់ដាក់គុកម្តងទៀតមិនខាន។

គ្រាន់តែលោកហ៊ុន សែន ប្រកាសមិនបានប៉ុន្មាននាទី សមត្ថកិច្ច និង គិញសម្ងាត់របស់លោកតាមដានរាល់សកម្មភាពរបស់លោក កឹម សុខ និងធ្វើទុក្ខបុកម្នេញដល់លោកឥតឈប់ឈរ ដែលជាហេតុជំរុញចិត្តលោក ត្រូវនាំកូនស្រីរត់គេចខ្លួនទៅប្រទេសថៃ។ ក្រោយមកលោកនិងកូនស្រី ក៏បានទទួលសិទ្ធិជ្រកកោនផ្នែកនយោបាយនៅប្រទេសហ្វាំងឡង់ផងដែរ។ 

សរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់នៅថ្ងៃទី១២ វិច្ឆិកានេះ អ្នកវិភាគនយោបាយ លោក គឹម សុខ ថាលោកមិនឆ្លើយតបទៅនឹងតុលាការទេ តែលោកផ្ញើសារជូនទៅលោកហ៊ុន សែន។ លោកថា ទីមួយតុលាការកម្ពុជា គ្រាន់តែសេនាធិការនយោបាយក្រោមការបញ្ជារបស់លោក ហ៊ុន សែន ប៉ុណ្ណោះ។

លើសពីនេះ លោក ហ៊ុន សែន បានប្រកាសជាសាធារណថា នឹងរៀបចំយន្តហោះ មកដឹករូបលោក ទៅប្រទេសកម្ពុជា ដើម្បីឱ្យលោកដឹកនាំបាតុកម្មមហាជន ប៉ុន្តែរាប់ខែមកនេះ លោកគឹម សុខ ចាំដំណឹងនេះបាត់ស្ងាត់សូន្យឈឹង ហើយនៅតែរង់ចាំរហូតដល់សព្វថ្ងៃ។

លោក គឹម សុខ បន្តដោយចោទជាសំណួរថា ដូច្នេះ តើមានមូលហេតុអ្វីដែលលោកត្រូវខ្វល់ខ្វាយឆ្លើយតបទៅនឹងតុលាការ ដែលត្រឹមតែជាការិយាល័យប្រតិបត្តិនយោបាយសំរាប់អំណាចលោក ហ៊ុន សែន នោះ?

អ្នកវិភាគនយោបាយដែលរត់ភៀសខ្លួនដោយសារការធ្វើទុក្ខបុកម្នេញពីសំណាក់លោកហ៊ុន សែន រូបនេះបន្ថែមថា បុរសខ្លាំងនៅកម្ពុជា គប្បីរៀនស្គាល់លោកឱ្យបានច្បាស់។ លោកថា កម្ពុជាជាប្រទេសរបស់ពលរដ្ឋខ្មែរទូទៅ ហើយលោកក៏ជាពលរដ្ឋខ្មែរម្នាក់ដែរ ហេតុនេះនៅពេលលោកវិលត្រឡប់មកកម្ពុជាវិញ លោកមិនចាំបាច់សុំការអនុញ្ញាតពីលោក ហ៊ុន សែន ឬក៏អាជ្ញាធររបស់លោកនោះដែរ។

លោកគឹម សុខ បន្តថា នៅពេលលោកត្រូវត្រឡប់មកកម្ពុជា លោកហ៊ុន សែន នឹងឃើញមុខលោក ហើយសុខភាពរបស់សម្តេចតេជោ នៅល្អគ្រប់គ្រាន់។

បញ្ហានេះ អ្នកវិភាគដដែលថា លោកនាយករដ្ឋមន្ត្រី មិនចាំបាច់បន្តលេងល្បែងតុលាការដ៏កខ្វក់បែបនេះសោះឡើយ ព្រោះវាមិនមានប្រសិទ្ធភាពបញ្ចប់សកម្មភាពរបស់លោកនោះទេ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.