លោក សម រង្ស៊ី ប្រតិកម្មទៅនឹងចំណាត់របស់តុលាការលើមន្ត្រីនិង សកម្មជនគណបក្សសង្គ្រោះជាតិថា ជាចំណាត់ការត្រឡប់ត្រឡិន

អតីតមេបក្សប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេស បានអះអាងថា លោក ហ៊ុន សែន បានបញ្ជារឲ្យតុលាការអាយ៉ងរបស់ខ្លួន ឈប់យកចិត្តទុកដាក់ អើពើ ពីការរីករាលដាលនៃវីរុសកូវីដ-១៩ ទៀតហើយ ពីព្រោះ គណបក្សសង្គ្រោះជាតិ កំពុងតែធ្វើឲ្យ លោក ហ៊ុន សែន ភ័យរហូតដេកមិនលក់។

លោក សម រង្ស៊ីបានសរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅថ្ងៃទី១៨ ខែវិច្ឆិកា នេះថា តុលាការទើបតែព្យួររឿងក្តីរបស់លោក កឹម សុខា កាលពីពេលថ្មីៗនេះ ក្រោមលេសថា ដើម្បីបង្ការការឆ្លងវីរុសកូវីដ-១៩ ហើយបានពន្យាសវនាការរបស់លោកទៅពេលក្រោយវិញ ដោយរង់ចាំភាពស្ងប់ស្ងាត់នៃការរីករាលដាលនៃវីរុសមួយនេះ។

ប៉ុន្តែតុលាការក្រុងភ្នំពេញ បែរជាងាកមកបើកសំណុំរឿងថ្មី ជាង ១០០ ករណី លើថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិ ផ្សេងទៀតទៅវិញ ខណៈវីរុសកូវីដ១៩ កំពុងផ្ទុះឡើងជាថ្មីបន្ទាប់ពីព្រឹត្តការណ៍ ៣ វិច្ឆិកា ផងនោះ។

លោក រិះគន់ថា តុលាការកម្ពុជាបច្ចុប្បន្ន ត្រឹមតែជាស្ថាប័នអាយ៉ងរបស់លោក ហ៊ុន សែន ធ្វើកិច្ចការតាមរបៀបត្រឡប់ត្រឡិន និងជាឧបករណ៍សម្រាប់ធ្វើទុក្ខបុកម្នេញលើមន្រ្តីបក្សប្រឆាំង ព្រមទាំងដើម្បីគម្រាមកំហែងស្ថាប័នឯករាជដែលមិនស្របនឹងខ្លួនតែប៉ុណ្ណោះ។

ការរិះគន់នេះធ្វើឡើងបន្ទាប់ពី សាលាដំបូងរាជធានីភ្នំពេញចេញសាលដីកាបើកសវនាការសួរចម្លើយលើមន្រ្តី និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិជាង ១០០នាក់ ពាក់ព័ន្ធនឹងសំណុំរឿង រួមគំនិតក្បត់ និង ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ នៅថ្ងៃទី២៥ និង ២៦ ខែវិច្ឆិកាខាងមុខនេះ។

មន្ត្រីជាន់ខ្ពស់ការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែន ករុណា បានប្រាប់ The Cambodia Daily នៅថ្ងៃនេះថា វិវាទនយោបាយរវាងគណបក្សកាន់អំណាច និងអតីតគណបក្សសង្គ្រោះជាតិ កន្លងមក រដ្ឋាភិបាលកម្ពុជា បានប្រើកំលាំងសមត្ថកិច្ច និងប្រព័ន្ធតុលាការចាត់វិធានការលើថ្នាក់ដឹកនាំអតីតបក្សប្រឆាំងជាបន្តបន្ទាប់។ លោក អំពាវនាវ ឲ្យមេដឹកនាំ អ្នកនយោបាយ និងភាគីពាក់ព័ន្ធទាំងអស់វិលរកការចរចា រកដំណោះស្រាយនយោបាយមួយ ដើម្បីរួមគ្នាជួយស្តារវិបត្តិសេដ្ឋកិច្ចជាតិ ស្តារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ។

ចំណែកអ្នកវិភាគឯករាជ្យលោក បណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា របបប្រជាធិបតេយ្យនៅកម្ពុជា គឺដូចគ្នាទៅនឹងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ដូច្នេះដែរ គឺមិនអាចមានដំណើរការបានទេ បើមេដឹកនាំ និងអ្នកនយោបាយ ចាត់ទុកគូបដិបក្ខនយោបាយរបស់ខ្លួនជាខ្មាំងសត្រូវនឹងគ្នានោះ។

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សមត្ថកិច្ចបានយកដីកាសាលាដំបូងរាជធានីភ្នំពេញ ទៅបិទនឹងរបងមុខស្នាក់ការអតីតគណបក្សសង្គ្រោះជាតិដើម្បីជូនដំណឹងដល់ មន្ត្រី និងសកម្មជនអតីតគណបក្សនេះ ចំនួន ៦៨នាក់ ឲ្យចូលសវនាការនៅថ្ងៃទី២៦ វិច្ឆិកា ខាងមុខនេះ លើសំណុំរឿង រួមគំនិតក្បត់ ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋាជាអាទិ៍។

ដោយឡែក កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ អាជ្ញាធរក្រុងភ្នំពេញ ក៏បានយកដីកាបង្គាប់ ឱ្យលោកសម រង្ស៊ី និងបក្ខពួក ចំនួន ៤៦នាក់ផ្សេងទៀត ចូលសវនការ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលដីកានោះក៏បានបិទនៅរបងមុខស្នាក់ការអតីតគណបក្សសង្គ្រោះជាតិផងដែរ។

ក្រុមសិទ្ធិមនុស្សក្នុងស្រុកឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន ១១៤ នាក់ហើយ ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទរួមគំនិតក្បត់ក្នុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.