លោក ហ៊ុន សែន ប្រកាសថាលោក និងភរិយាឆ្លងកាត់ការធ្វើតេស្តរកកូវីដ១៩ ដំណាក់កាលចុងក្រោយដោយជោគជ័យ

លោក ហ៊ុន សែន បានអះអាងនៅថ្ងៃពុធទី ១៨ខែវិច្ឆិកានេះ ថា លោក និងភរិយា ព្រមទាំងអ្នកនៅជាមួយលោក បានឆ្លងកាត់ការធ្វើតេស្តរកវីរុសកូរ៉ូណា ដោយជោគជ័យក្នុងដំណាក់កាលទី៤ ដោយសារលទ្ធផលបង្ហាញថាអវិជ្ជមានកូវីដ១៩ទាំងអស់គ្នា។

ទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃពុធនេះ ចុះផ្សាយថា លោក និងភរិយា ព្រមទាំងអ្នកនៅជាមួយ ពុំមានឆ្លងជំងឺដ៏កាចសាហាវនេះឡើយ។ ដូច្នេះ ចាប់ពីថ្ងៃស្អែក ដែលត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកាទៅ លោកនឹងចេញទៅហាត់ប្រាណ ឬបំពេញការងារជាធម្មតា ដូចកាលពីមុនថ្ងៃទី៤ខែវិច្ឆិកា។

យ៉ាងនេះក្តី លោកហ៊ុន សែន បញ្ជាក់ថាលោកនៅមិនទាន់ឱ្យកូននិងចៅៗ របស់លោកមកលេងផ្ទះរបស់លោកឡើយ ដើម្បីឱ្យប្រាដកថាលោកពិតជាគ្មានមេរោគកូរ៉ូណា និងបង្ការមិនឱ្យជំងឺនេះឆ្លងរាលដាលទៅកូនចៅរបស់លោក។ លោកថានេះ ជាក្តីស្រលាញ់ដែលឪពុក និងជីតា ផ្តល់ចំពោះកូន និងចៅ ៗ គឺដើម្បីសុវត្ថិភាពកូន និងចៅជាទីស្រលាញ់ ប៉ុន្តែលោកហាក់បំភ្លេចចំពោះសុវត្ថិភាពកូនចៅក្នុងក្រុមការងារ និងមនុស្សដែលនឹងហែហមលោកទៅហាត់ប្រាណទៅវិញ។

ព្រឹត្តិការណ៍៣វិច្ឆិកា គឺជាការជួបគ្នារវាងថ្នាក់ដឹកនាំកម្ពុជា ជាមួយប្រតិភូប្រទេសហុងគ្រី ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រី លោក ភីធើ ហ្ស៊ីចាតូ។

រដ្ឋមន្ត្រីការបរទេសហុងគ្រីរូបនេះ ត្រូវបានរកឃើញថាមានជំងឺកូវីដ១៩ ក្រោយត្រឡប់ពីកម្ពុជា ទៅដល់ទីក្រុងបាងកក ប្រទេសថៃនៅល្ងាចថ្ងៃទី៣ ខែវិច្ឆិកាដដែលនោះ។

ក្រោយបញ្ហានេះបានកើតឡើង រដ្ឋាភិបាលកម្ពុជាបានប្រកាសឱ្យអ្នកពាក់ព័ន្ធទាំងអស់ក្នុងព្រឹត្តិការណ៍នេះ ត្រូវដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ឱ្យបានហ្មត់ចត់ ជៀសវាងបង្កការឆ្លងរីករាលដាលជំងឺកូវីដ១៩ចូលទៅក្នុងសហគមន៍។

ក្រសួងសុខាភិបាលបានប្រកាសថា ព្រឹត្តិការណ៍៣វិច្ឆិកានេះ មានមនុស្សប្រមាណ២ពាន់នាក់ ត្រូវបានរកឃើញថាជាប់ពាក់ព័ន្ធ ប៉ុន្តែការធ្វើតេស្តរកមេរោគកន្លងមក លទ្ធផលបង្ហាញថាមានវិជ្ជមានមនុស្សចំនួន៤នាក់ប៉ុណ្ណោះ។ លោក ហ៊ុន សែន បញ្ជាក់ថាព្រឹត្តិការណ៍៣វិច្ឆិកា នឹងត្រូវបិទបញ្ចប់ការធ្វើចត្តាឡីស័កឬ ការដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករួមមាន សម្រាប់ថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០២០ មានមនុស្សជាង១៥០០នាក់។

ក្នុងចំណោមអ្នកនៅភ្នំពេញមានជនជាតិហុងគ្រីចំនួន៥នាក់ ដោយរាប់ទាំងអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤នាក់ ដែលម្នាក់ជាសះស្បើយ និង៣នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ដោយឡែកសម្រាប់ខេត្តកណ្តាល ដែលមានមនុស្ស៦៧នាក់ ហើយខេត្តពោធិ៍សាត់មានមនុស្ស៤០នាក់ ខេត្តព្រៃវែងមានមនុស្សពាក់ព័ន្ធ២៣នាក់ និងខេត្តកំពង់ធំចំនួន៣នាក់ នឹងត្រូវបញ្ចប់ការធ្វើចត្តាឡីស័កត្រឹមថ្ងៃទី១៩ខែវិច្ឆិកាដូចគ្នាដែរ។

សម្រាប់ថ្ងៃទី២១ ខែវិច្ឆិកា ពាក់ព័ន្ធនឹងមនុស្សចំនួន១១នាក់នៅខេត្តកំពង់ឆ្នាំង ក៏ត្រូវបានបញ្ចប់ការដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកដែរ។ ក្រៅពីនេះ ករណីមនុស្សជិត៦០នាក់ នៅខេត្តកែប ខេត្តព្រះសីហនុ និងកំពង់ចាម ក៏ត្រូវបិទបញ្ចប់នៅថ្ងៃទី២៣ខែវិច្ឆិកា ហើយចុងក្រោយមនុស្ស៣០នាក់ទៀតនៅខេត្តព្រះវិហារ និងរតនៈគិរី ក៏នឹងត្រូវបញ្ចប់ការធ្វើចត្តាឡីស័កផងដែរ។

លោក ហ៊ុន សែន ក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានទាំងអស់ដែលមានពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ដែលមិនទាន់ដល់ថ្ងៃត្រូវបញ្ចប់ត្រូវណែនាំបងប្អូនឱ្យបន្តធ្វើការងារនេះឱ្យបានត្រឹមត្រូវ បើមិនដូច្នេះពួកគេនឹងត្រូវប្រឈមការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃឡើងវិញ ព្រោះផ្នែកសុខាភិបាលកំណត់រយៈពេល១៤ថ្ងៃ គឺចាប់ពីពេលយកសំណាកដំបូងមកធ្វើតេស្ត។ 

លោកហ៊ុន សែន អះអាងទៀតថា ការប្រកាសបិទបញ្ចប់ការធ្វើចត្តាឡីស័កទៅបាន គឺនៅត្រង់យើងគ្រប់គ្រងបានចំនួនរហូតដល់១ពាន់ ៨០២នាក់ នៅតាមរាជធានី និងខេត្តចំនួន១១ ដែលមានការពាក់ព័ន្ធការធ្វើតេស្តរកកូវីដ១៩ និងការធ្វើចត្តាឡីស័ក បានត្រឹមត្រូវគ្រប់រយៈពេល១៤ថ្ងៃ។

គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកានេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣០៤នាក់ ដោយក្នុងនោះអ្នកជំងឹដែលព្យាបាលជាសះស្បើយមានចំនួន២៩១នាក់ ហើយអ្នកដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋមាចំនួន១៣នាក់ទៀត៕ 

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.