រដ្ឋសភាកម្ពុជាចាត់ទុកការទាមទាររបស់សមាជិកសភាសហរដ្ឋអាមេរិកថា ឲ្យដាក់ទណ្ឌកម្មបន្ថែមលើថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា គឺជារឿងអយុត្តិធម៌

សភាកម្ពុជាសំដែងការខកចិត្ត និងចាត់ទុកថាជាទង្វើខុសឆ្គង និងអយុត្តិធម៌យ៉ាងខ្លាំង ដែលក្រុមតំណាងរាស្រ្តសហរដ្ឋអាមេរិកទាមទារឲ្យមានការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការធ្វើឲ្យធ្លាក់ចុះនូវការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិតេយ្យ។

សេចក្តីថ្លែងការណ៍របស់ក្រុមសមាជិកសភាឯកបក្សរបស់លោក ហ៊ុន សែន កាលថ្ងៃទី១៩ វិច្ឆិកា អះអាងថា រដ្ឋាភិបាលកម្ពុជាបានតស៊ូរស្រោចស្រង់អាយុជីវិតពលរដ្ឋ ពីការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរបំផុត និងការបាត់បង់សេរីភាពគ្រប់បែបយ៉ាងក្នុងភ្លើងសង្គ្រាមជិត ៣ទស្សវត្តរ៍ និងការប្រល័យពូជសាសន៍ដោយរបបខ្មែរក្រហម។

ពួកគេនិយាយថា ដើម្បីលើកកំពស់នីតិរដ្ឋ រដ្ឋាភិបាលកម្ពុជា បានបើកទូលាយ សេរីភាពបញ្ចេញមតិ ក្នុងនោះមានទាំងប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាននានា និងបើកទូលាយការជួបជុំដោយសន្តិវិធី ហើយកម្ពុជាតែងប្រកាន់ខ្ជាប់នូវការលើកកម្ពស់សិទ្ធិមនុស្ស ព្រមទាំងការពារមិនឲ្យមានសោកនាដកម្មពីអតីតកាលកើតមានម្តងទៀតជាដាច់ខាត។

ប្រភពដដែលលើកឡើងទៀតថា បើទោះបីជាប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ធ្លាប់គម្រាមថា ចេញ១វៃ១ យ៉ាងណាក៏ដោយ នោះគឺគ្រាន់តែជាការបញ្ជាក់ពីការប្តេជ្ញាចិត្ត ដើម្បីប្រឆាំងសកម្មភាពដែលអាចនឹងបង្ករអន្តរាយដល់ សណ្តាប់ធ្នាប់សង្គម សន្តិភាព ស្ថេរភាព និងសន្តិសុខ ដែលកម្ពុជារកបានមកដោយលំបាកតែប៉ុណ្ណោះ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពី សមាជិករដ្ឋាសភា និងព្រឹទ្ធសភា របស់សហរដ្ឋអាមេរិក ចំនួន៨រូប រួមមានលោក អាលែន ឡូវែនថល លោក Ted Yoho សមាជិកព្រឹទ្ធសភាអ្នកស្រី Elizabeth Warren និងតំណាងរាស្រ្ត៦រូបទៀត កាលពីថ្ងៃទី១៦ ខែវិច្ឆិកា បានជំរុញឲ្យលោក MiKe Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក អន្តរាគមន៍ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអាមេរិក ដើម្បីប្រើច្បាប់ Magnitsky Act ដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការថា្នក់ដឹកនាំជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា មន្ត្រីយោធានិងមន្រ្តីកងរាជអាវុធហត្ថ ដែលបានចូលរួមយ៉ាងសកម្មក្នុងការរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដ៏ធ្ងន់ធ្ងរ។

មន្ត្រីជាន់ខ្ពស់ការពារសិទ្ធិមនុស្សសមាគមន៍អាដហុក លោក សឹង សែនករុណា បាន ប្រាប់ The Cambodia Daily នៅថ្ងៃនេះថា សហរដ្ឋអាមេរិកមិនមែនចេះតែជឿលើភាគីណាមួយនោះទេ ទោះអ្នកជំនាញសិទ្ធិមនុស្សរបស់ពួកគេក៏ដោយ លុះត្រាតែមានការស៊ើបអង្កេត និងមានភស្តុតាងបញ្ចាក់ច្បាស់លាស់ពីគ្រប់ជ្រុងជ្រោយទើបពួកគេធ្វើការរិះគន់ ឬចោទប្រកាន់លើបញ្ហានោះ។

លោក ព្រមានថា កម្ពុជាគួរតែបញ្ឈប់រាល់ការបកស្រាយដែលមិនមានមូលដ្ឋានការពារខ្លួនត្រឹមត្រូវ ត្បិតការលើកឡើងដែលខុសពីការពិតជាក់ស្តែងនាំឲ្យអាប់មុខមាត់កម្ពុជាខ្លួនឯង នោះទៅវិញទេ។

ទាក់ទិននឹងបញ្ហនេះ ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (SMD) លោក ទូច វិបុល បានអះអាងថា រដ្ឋាភិបាលកម្ពុជាកំពុងគម្រាមកំហែង ធ្វើទុក្ខបុកម្នេញអ្នកតស៊ូរមតិ និងឈានទៅដល់ការ បង្ក្រាបលើសកម្មជនការពារសិទ្ធិមនុស្ស សកម្មជនបក្សប្រឆាំង និងអ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ។

លោកថា កម្ពុជាតែងទទួលផលប្រយោជន៍នយោបាយពាណិជ្ជរវាង កម្ពុជា-អាមេរិក ដូច្នេះសហរដ្ឋអាមេរិកនឹងមិនបណ្តោយឲ្យកម្ពុជាដើរឃ្លាតឆ្ងាយពីគោលការណ៍គោរពសិទ្ធិមនុស្ស និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ នោះឡើយ។

ក្រុមសិទ្ធិមនុស្សរកឃើញថា អ្នកការពារសិទ្ធិមនុស្ស យ៉ាងហោចណាស់ចំនួន ២១ នាក់ ត្រូវបានទទួលរងនូវការគំរាមកំហែង ការចាប់ខ្លួន និងការឃុំខ្លួនដោយបំពាន ក្នុងរយៈពេលបីខែចុងក្រោយនេះ។ 

ទិន្នន័យសង្គមស៊ីវិលបង្ហាញថា ក្នុងរយៈពេល ១២ ខែនេះ រដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់យុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ប្រឆាំងនឹងការចូលរួមជាសាធារណៈ ចំនួន ១៣២ ដង ដែលបានធ្វើឲ្យប៉ះពាល់ដល់សេរីភាពបញ្ចេញមតិធ្ងន់ធ្ងរ និងជាវិធីសាស្ត្របំបាក់ទឹកចិត្តក្នុងការចូលរួមរបស់ពលរដ្ឋក្នុងការតស៊ូរបញ្ចេញមតិជាសាធារណៈផងដែរ។

អ្នកស្រី Mary Lawlor អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស បានសំដែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការរឹតបន្តឹងលើ អង្គការសង្គមស៊ីវិល ការធ្វើទុក្ខបុកម្នេញ អ្នកតស៊ូរមតិដើម្បីយុត្តិធម៌សង្គម ក្រុមអ្នកការពារសិទ្ធិមនុស្ស និងពួកអ្នកការពារបរិស្ថាន ពីសំណាក់រដ្ឋាភិបាលកម្ពុជា៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.