ចលនានិស្សិតដើម្បីលទ្ធប្រជាធិបតេយ្យ ថា ដើម្បីប្រយោជន៍ជាតិកម្ពុជា និងប្រជាពលរដ្ឋខ្មែរ អ្នកនយោបាយគ្មានជម្រើសអ្វីក្រៅពីការរកឯកភាពជាតិនោះទេ

ក្រុមបញ្ញវន្តខ្មែរនៅក្រៅប្រទេស អំពាវនាវ ឲ្យឥស្សរជននយោបាយខ្មែរគ្រប់ភាគី វិលទៅរកការផ្សះផ្សា និងឯកភាពជាតិ ដើម្បីស្តារស្ថានភាពនយោបាយនៅកម្ពុជាឲ្យល្អប្រសើរឡើងវិញ ជាប្រយោជន៍ជាតិ និងពលរដ្ឋខ្មែរ។

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (Student Movement for Democracy-SMD) ប្តេជ្ញាថា ពួកគេនឹងបន្តបេសកកម្មឆ្នាំ២០២១ ដើម្បីស្វែងរកការឯកភាពជាតិ សន្តិភាពថ្លៃថ្នូរ ពង្រឹងការគោរពសិទ្ធិមនុស្ស ការពារបូរណភាពទឹកដី ដោះស្រាយបញ្ហាអន្តប្រវេសន៍ខុសច្បាប់ជម្រុញគោលដៅយុត្តិធម៌សង្គម និងនីតិរដ្ឋស្អាតស្អំ ជូនពលរដ្ឋខ្មែរទូទៅ។

ការអះអាងនេះធ្វើឡើងក្នុង របាយការណ៍សង្ខេប នៃការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ នេះ។

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានអះអាងថា សកម្មភាពរបស់ពួកគេ គឺជាចលនាចូលរួមតស៊ូមតិ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីលើការលើកម្ពស់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ កិច្ចការព្រំដែន និងការស្វះស្វែងរកដំណោះស្រាយនយោបាយ សម្រាប់ពលរដ្ឋខ្មែរថែមទៀផង។ 

ពួកគេលើកឡើងអំពីសកម្មជាច្រើន រួមមាន ការទាមទារឲ្យមានការស្តារលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការការពារបូរណភាពទឹកដី ដែលមានការំលោភបំពានពីប្រទេសវៀតណាមជាដើម ក្នុងនោះពួកគេបានជុំរុញឲ្យរដ្ឋាភិបាលកម្ពុជា ទាមទារយកកោះត្រល់ និងចង្កោមកោះក្រសេះត្រឡប់មកវិញ ដោយអនុវត្តតាមយន្តការអន្តរជាតិ ជាធរមាន។

ជាងនេះទៀតពួកគេ បានទាមទារឲ្យប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ដាក់មោឃភាពជាផ្លូវការ នូវសន្ធិសញ្ញា កិច្ចព្រមព្រៀង និងឯកសារមិនស្របច្បាប់ទាំងឡាយណា ដែលបានចុះហត្ថលេខា ឯកភាពជាមួយរដ្ឋាភិបាលវៀតណាម អំពីបូរណភាពទឹកដី ដែលមានខ្លឹមសារផ្ទុយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ផងដែរ។

បន្ថែមពីនេះ ចលនានិស្សិត SMD បានព្រមាន រដ្ឋាភិបាលកម្ពុជាឲ្យដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ជាបន្ទាន់ ដើម្បីបញ្ជៀសគ្រោះហានិភ័យកាន់តែធ្ងន់ធ្ងរ ដល់ប្រទេសកម្ពុជា ទៅថ្ងៃអនាគត។

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បញ្ជាក់ថា រាល់សេចក្តីថ្លែងការណ៍ និងសារលិខិតរបស់ខ្លួន តែងតែទទួលបានការឆ្លើយតប និងគាំទ្រយ៉ាងពេញទំហឹងពីស្ថាប័នជាតិ និងអន្តរជាតិ ជាពិសេស ពីក្រសួងការបរទេសអាមេរិក។ ដោយឡែករដ្ឋាភិបាលលោក ហ៊ុន សែន មិនបានឆ្លើយតបជាផ្លូវការ តាមការទាមទារ និងស្នើសុំរបស់ពួកគេម្តងណាឡើយ។

អនុប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ នឹងបន្តជុំរុញឲ្យកាន់តែខ្លាំងបន្ថែមទៀត ឲ្យអ្នកនយោបាយខ្មែរ ស្តារលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការការពារបរណភាពទឹកដី ឲ្យខានតែបាន។

លោកបានបញ្ជាក់ថា បើពួកគេមិនអាចរកការផ្សះផ្សា និងឯកភាពជាតិ ដើម្បីបញ្ចប់វិបត្តិនយោបាយដ៏រ៉ាំរ៉ៃនេះទេ កម្ពុជានឹងរអិលធ្លាក់ផុងកាន់តែជ្រៅទៅៗ ក្នុងប្រព័ន្ធនៃការកាន់កាប់អំណាចបន្តវង្សត្រកូលរបស់លោក ហ៊ុន សែន។ បញ្ហានេះ នឹងធ្វើឲ្យសិទ្ធិមនុស្ស យុត្តិធម៌សង្គម លទ្ធិប្រជាធិបតេយ្យ និងបូរណភាពទឹក របស់កម្ពុជាពិបាកនឹងស្រោចស្រង់ នាពេលអនាគត។

ក្រុមអ្នកសង្កេតការណ៍ រិះគន់ថា ឧបាយកលដើម្បីឈ្នះចាញ់របស់ឥស្សរជននយោបាយនៅកម្ពុជា មិនបានជួយអ្វីបន្តិចសោះដល់ជាតិ និងប្រជាជនខ្មែរ ជាពិសេស ការគោរពសិទ្ធិមនុស្សកាន់តែធ្លាក់ដុនដាបទៅៗ។ ប្រព័ន្ធប្រជាធិបតេយ្យ ក៏ប្រឈមនឹងការរំលោភពីអ្នកមានអំណាចឥតឈប់ឈរ។ ចំណែកប្រជាពលរដ្ឋត្រូវរស់ក្នុងភាពភ័យខ្លាច ប្រឈមនឹងការចាប់ខ្លួន និងការលាភពណ៌ និងការជេរប្រមាថជាដើម ពីសំណាក់ក្រុមបក្ខពួករបស់ឥស្សរជននយោបាយទាំងនោះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.