ជនរងគ្រោះក្នុងព្រឹត្តិការណ៍បង្ក្រាបដោយហិង្សាកាលពី៧ឆ្នាំមុន នៅតែទាមទារឱ្យមានអ្នកទទួលខុសត្រូវ និងយុត្តិធម៌

ក្រុមគ្រួសារ និងជនរងគ្រោះក្នុងការព្រឹត្តិការណ៍បង្ក្រាបដោយហិង្សាលើមុខរោងចក្រយាកជីន និងមុខសួនឧស្សាហ៍កម្មកាណាឌីយ៉ា កាលពី៧ឆ្នាំមុន នៅតែទាមទារឱ្យរដ្ឋាភិបាលផ្តល់យុត្តិធម៌សម្រាប់ពួកគាត់ និងទាមទារឱ្យមានអ្នកទទួលខុសត្រូវចំពោះហេតុការណ៍ដ៏ព្រៃផ្សៃទៅលើពួកគាត់។

កាលពីថ្ងៃទី ២ និងទី៣ខែមករា ឆ្នាំ២០១៤ គឺជាព្រឹត្តិការណ៍នៃការវាយបង្ក្រាបដោយហិង្សានៅមុខរោងចក្រយាកជីន ពីសំណាក់កងកម្លាំងទាហានប្រដាប់អាវុធមកពីអង្គភាពបញ្ជាការពិសេស៩១១ បានវាយដំកម្មករ និងចាប់ខ្លួន ប្រធានសហជីពនិងកម្មករចំនួន១០នាក់ និង  ព្រឹត្តិការណ៍បាញ់ប្រហារនៅលើមហាវិថីវេងស្រេង ក្នុងសួនកាណាឌីយ៉ា រាជធានីភ្នំពេញ។

ការបាញ់បង្ក្រាបទៅលើក្រុមអ្នកតវ៉ាពេលនោះ ស្របពេលដែលពួកគេកំពុងធ្វើការទាមទារឱ្យមានប្រាក់ឈ្នួលអប្បរមាចំនួន ១៦០ដុល្លារ។

ក្រៅពីការស្លាប់របស់មនុស្ស៤នាក់ និងបាត់ខ្លួនម្នាក់ ការបង្រ្កាបនៅផ្លូវវេងស្រេង ដែលបានកើតឡើងអំឡុងពេលគណបក្សជំទាស់ធ្វើពហិកាមិនចូលរួមប្រជុំសភា ដោយសារបញ្ហាចម្រូងចម្រាសនៃលទ្ធផលបោះឆ្នោតជាតិ បានធ្វើឱ្យមនុស្ស៣៨នាក់រងរបួសធ្ងន់ និងស្រាល និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។

ជាផ្នែកមួយនៃការបង្រ្កាបទាំងនេះ ប្រធានសហជីព និងសកម្មជនចំនួន២៣នាក់ ក៏ត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួនក្នុងពន្ធនាគាររយៈពេល៥ខែផងដែរ ។ មកទល់ពេលនេះ គ្មានសមាជិកកងកម្លាំងសន្ដិសុខ ឬកងកម្លាំងប្រដាប់អាវុធណាម្នាក់ ត្រូវបានព្យួរពីការងារ ឬផ្ដន្ទាទោស ពាក់ព័ន្ធនឹងការស្លាប់របស់កម្មករទាំងនេះទេ ។

កាលពីថ្ងៃម្សិលមិញអង្គការការពារសិទ្ធិមនុស្សលីកាដូ បានចុះផ្សាយអត្ថបទខ្លីមួយបានឱ្យដឹងថាក្នុងខួបគម្រប់៧ឆ្នាំនៃព្រឹត្តិការណ៍ហិង្សានេះ សមាជិកសហជីព សកម្មជនដីធ្លី និងសមាជិកសង្គមស៊ីវិលប្រមាណជា ៨០នាក់ បានជួបជុំគ្នានៅការិយាល័យផ្ទះសាមគ្គី នៅក្នុងរាជធានីភ្នំពេញ។

ការជួបជុំរបស់គេ គឺដើម្បីប្រារព្ធពិធីរំលឹកខួប៧ឆ្នាំនៃការបាញ់ប្រហារនៅលើមហាវិថីវេងស្រេង ដែលកងកម្លាំងសមត្ថកិច្ចបានវាយប្រហារដោយគ្រាប់កាំភ្លើងបាញ់ទៅលើកម្មករ-កម្មការិនីដែលកំពុងធ្វើកូដកម្ម ដោយបានធ្វើឱ្យមនុស្សយ៉ាងតិច៤នាក់ស្លាប់ ម្នាក់បាត់ខ្លួន និងរងរបួសរាប់សិបនាក់ផ្សេងទៀត ។

អង្គការលីកាដូបន្តថា ពិធីបែបព្រះពុទ្ធសាសនា និងរំលឹកការចងចាំ ត្រូវបានធ្វើឡើង ដើម្បីចងចាំការបាញ់ប្រហារនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ ខណៈសមាជិកគ្រួសាររបស់ជនរងគ្រោះដែលបានស្លាប់និងបាត់ខ្លួន នៅតែបន្តការអំពាវនាវឱ្យស្វែងរកយុត្តិធម៌សម្រាប់មនុស្សជាទីស្រឡាញ់របស់ពួកគាត់ ។

យ៉ាងហោចណាស់កម្មករ៤នាក់ ដែលត្រូវបានបាញ់សម្លាប់មានឈ្មោះ គឹម ផាលាប, សាម រ៉ាវី, យាន រឹទ្ធី និងផេង កុសល ។ កម្មករម្នាក់ទៀតឈ្មោះ ខឹម សុផាត បានបាត់ខ្លួនតាំងពីពេលបាញ់ប្រហារនោះមក និងត្រូវបានឃើញចុងក្រោយនៅកន្លែងឃុំឃាំងរបស់កងកម្លាំងសមត្ថកិច្ច ដោយមានរងរបួសគ្រាប់កាំភ្លើងចំផ្នែកពោះ ។

លីកាដូ លើកឡើងអំពីប្រសាសន៍របស់ អ្នកស្រី អ៊ីន លក្ខណា ម្ដាយរបស់ ខឹម សុផាត ដោយ បានអំពាវនាវឱ្យអាជ្ញាធរជួយស្វែងរកយុត្តិធម៌ជូនកូនប្រុសរបស់គាត់ ។

អ្នកស្រីថា អស់រយៈពេល៧ឆ្នាំមកហើយ ដែលគ្រួសារគាត់បានទន្ទឹងរង់ចាំកូនរបស់ខ្លួន ប៉ុន្តែមិនទាន់ឃើញមានលទ្ធផលអ្វីទេ។ អ្នកស្រី សូមសំណូមពរឱ្យអង្គការក្រៅរដ្ឋាភិបាលទាំងអស់ ទាំងជាតិ និងអន្តរជាតិជួយរកយុត្តិធម៌សម្រាប់កូនអ្នកស្រីផង។

ដោយឡែក អ្នកស្រី ឈីវ សារុន ភរិយារបស់លោក យាន រឹទ្ធី ក៏បានស្រែកទាមទាររកយុត្តិធម៌សម្រាប់ស្វាមីខ្លួនទាំងទឹកភ្នែកផងដែរ។

ទោះបីយ៉ាងនេះក្តីប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ធ្លាប់បានរុញករណីនេះថាជាការទទួលខុសត្រូវរបស់គណបក្សសង្រ្គោះជាតិពេលនោះ ព្រោះពួកគេមានគម្រោងរុញការតវ៉ានោះឱ្យទៅជាការផ្តួលរលំ             រដ្ឋាភិបាលពេលនោះតែម្តង។ លោក ហ៊ុន សែន ធ្លាប់ថ្លែងពីប្រទេសជប៉ុនថា លោកមានការសោកស្តាយណាស់ដែលមិនបានសម្លាប់ក្រុមប្រឆាំងពេលនោះ។ លោកបន្តថា ប្រសិនបើលោកដឹងរឿងនេះមុន ម្លេះសមនៅរៀងរាល់ដើមឆ្នាំម្តងៗ ជាថ្ងៃខួបនៃការស្លាប់របស់ពួកគេទៅវិញទេ។

តែយ៉ាងណា ក្រុមបក្សប្រឆាំងធ្លាប់បានទាមទារឱ្យរដ្ឋាភិបាលលោកហ៊ុន សែន ទទួលខុសត្រូវចំពោះសោកនាដកម្មមួយនេះ និងត្រូវផ្តល់យុត្តិធម៌ពិតជូនជនរងគ្រោះ។

លើសពីនេះ គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសបានប្រកាសពីការធ្វើសកម្មភាពនានាដើម្បីបញ្ចប់វប្បធម៌និទណ្ឌភាពនៅកម្ពុជា ដោយពួកគេបានធ្វើយុទ្ធនាការប្រមូលស្នាមមេដៃពីពលរដ្ឋ ប្តឹងទៅអង្គការយុត្តិធម៌អន្តរជាតិ ចំពោះអំពើឃាតកម្មធំៗ ដែលកើតឡើងនៅកម្ពុជា រាប់តាំងពីឃាតកម្មបោកគ្រាប់បែកទៅលើបាតុករក្រុមប្រឆាំងកាលពីឆ្នាំ១៩៩៧ រហូតដល់ករណីឃាតកម្មលើលោកបណ្ឌិតកែម ឡី កាលពីខែកក្កដា ឆ្នាំ២០១៦។

ក្រុមបក្សប្រឆាំងត្រៀមឯកសារប្តឹងរដ្ឋាភិបាលលោកហ៊ុន សែន តែម្តងចំពោះការឃាតកម្មទាំងនោះ ព្រោះពួកគេមិនសង្ឃឹមលើយុត្តិធម៌ ក្នុងរដ្ឋការមួយដែលពោលពេញដោយការរំលោភសិទ្ធិមនុស្ស និងអយុត្តិធម៌នោះឡើយ។

ប៉ុន្តែក្រុមអ្នកឃ្លាំមើលអះអាងថា ពួកគេនៅមិនទាន់មានជំនឿលើយុទ្ធនាការនេះទេ ដោយពួកគេចាត់ទុកថា យុទ្ធនាការបញ្ចប់និទណ្ឌភាពនៅកម្ពុជានេះគ្រាន់តែជាយុទ្ធសាស្រ្ត បង្កើតផលិតផលនយោបាយ ដើម្បីស្វែងរកការចរចានយោបាយជាមួយលោក ហ៊ុន សែន៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.