បញ្ញវន្តខ្មែរនៅក្រៅស្រុកថា រលើកឡើងរបស់បវរកញ្ញាកម្ពុជា គ្រាន់តែបង្ហាញពីកម្រិតនៃការយល់ទាបរបស់នាងប៉ុណ្ណោះ

ក្រុមអ្នកតស៊ូរមតិ ប្រតិកម្មថា ការលើកឡើងរបស់បវរកញ្ញាកម្ពុជា លីវ ជីលី អំពីបញ្ហានយោបាយក្នុងស្រុក ដែលសារព័ត៌មានបរទេសបានចុះផ្សាយនោះ គឺជាបង្ហាញពីកម្រិតនៃការយល់ដឹងទាបរបស់នាងដែលវាជាការឆ្លុះបញ្ចាំង អំពីកម្រិតនៃការយល់ដឹងរបស់អ្នកដឹកនាំខ្មែរ និងអ្នកគ្រប់គ្រងបវរកញ្ញារូបនេះផង។

ប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់ សារព័ត៌មាន The Cambodia daily នៅថ្ងៃនេះថា បវរកញ្ញាកម្រិតពិភពលោកតំណាងឲ្យកម្ពុជា បានបង្អាប់កិត្តិយពលរដ្ឋខ្មែរ មួយប្រទេសលើឆាកអន្តរជាតិ ដែលនឹងអាចធ្វើឲ្យពិភពលោកមានការភ័ន្តច្រឡំលើជនជាតិខ្មែរ ថា ជាជនជាតិដែលមិនខ្វល់ខ្វាយពីសង្គម និងមិនចេះជួយជាតិសាសន៍ខ្លួនឯង។

លោកបញ្ជាក់ថា បញ្ហានេះ ប្រហែលអាចបណ្តាលមកពី ការអប់រំ និងកម្រិតនៃការចេះដឹងរបស់នាងនៅទាបពេក មិនសាកសមនឹងធ្វើជាមនុស្សឯកតំណាងឲ្យកម្ពុជា ដើម្បីឡើងទៅបង្ហាញពីភាពអស្ចារ្យរបស់កម្ពុជា ទៅកាន់ពិភពលោក ផ្ទុយទៅវិញ នាងបែរជាបង្ហាញពីគំនិតដ៏ក្មេងខ្ចីដែលនាំឲ្យពិភពលោកសើចចំអកទៅវិញ។

ដោយឡែក បវរកញ្ញាប្រទេសភូមា ឆ្លៀតពេលដែលពិភពលោកកំពុងដាក់ភ្នែកមើលនាង នាងបានធ្វើឲ្យពិភពលោកស្គាល់ និងចាប់អារម្មណ៍កាន់តែខ្លាំងលើទុក្ខវេទនា របស់ប្រជាជនភូមា ទោះក្រោយការនិយាយរបស់នាងនឹងត្រូវរងការធ្វើទារុណកម្ម ពីពួកយោធានៅពេលនាងត្រឡប់ទៅប្រទេសវិញក៏ដោយ។

ការរិះគន់នេះធ្វើឡើងបន្ទាប់ពីបវរកញ្ញាកម្ពុជា គឺនាង ជីវ ជីលី បានប្រកាសតាមបណ្ដាញសង្គម Facebook កាលពីពាក់កណ្តាលខែមីនា កន្លងទៅដោយអំពាវនាវឲ្យពលរដ្ឋខ្មែរ កុំពាក់ព័ន្ធនឹងរឿងនយោបាយ។

សារព័ត៌អន្តរជាតិ BBC បានចុះផ្សាយ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ ពីភាពក្លាហានរបស់បវរកញ្ញាតំណាងឲ្យប្រទេសភូមា ថា ជាបវរកញ្ញាដែលមានសម្រស់ស្អាត គឺកញ្ញា ហាន់ ឡេ ដែលហ៊ានប្រកាសជំហរតតាំងជាមួយយោធាភូមា បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើល។ សារព័ត៌មានមួយនេះ ក៏បានលើកឡើងដែរ អំពីបវរកញ្ញា កម្ពុជា ដែលអំពាវនាវឲ្យអ្នកគាំទ្រខ្លួន កុំពាក់ព័ន្ធនឹងរឿងនយោបាយទៅវិញ។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ បានប្រាប់សាព័ត៌មាន The Cambodia Dailyថា បញ្ហានេះអាចប្រហែលជាបណ្តាលមកពីកត្តាអប់រំ ដែលធ្វើឲ្យនាងមិនយល់ថា អ្វីទៅជានយោបាយ ហើយវាមានឥទ្ធិពលយ៉ាងណា និងមានអត្ថន័យដូចម្តេចនោះ។

កញ្ញា លី ស្រីស្រស់ អះអាងថា មានយុវជនកម្ពុជាច្រើនណាស់ដែលមានការភ័ន្តច្រឡំពីអត្ថន័យនៃពាក្យថា នយោបាយ ដូច្នេះបវរកញ្ញារូបនេះ ក៏មិនខុសពីយុវជនក្នុងប្រទេសកម្ពុជាទាំងនោះដែរ៕នេះក៏មិនខុសពីយុវជនប្រទេសកម្ពុជាទាំងនោះដែរ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.