នាយករដ្ឋមន្ត្រីកម្ពុជា ត្រៀមចាត់វិធានការព្យាបាលអ្នកវិជ្ជមានជំងឺCovid-19តាមផ្ទះ

ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានត្រៀមក្រុមប្រតិបត្តិព្យាបាលអ្នកវិជ្ជមានវីរុសCovid-19 នៅតាមផ្ទះរៀងៗខ្លួន ប្រសិនអ្នកជំងឺកាន់តែមានចំនួនកើនឡើងមិនថមថយទៀតនោះ។

លោក ហ៊ុន សែន បានបញ្ចេញខ្សែអាត់សំឡេង នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នេះថា ទោះមានមន្ទីរពេទ្យច្រើនប៉ុណ្ណាក៏មិនអាចដាក់អ្នកជំងឺអស់ដែរ ប្រសិនបើ អ្នកដែលជាសះស្បើយពីជំងឺនេះមានតិចខណៈអ្នកឆ្លងវីរុស Covid-19កាន់តែកើនឡើងៗដូចសព្វថ្ងៃនេះ។

លោកអះអាងថា វិធីដោះស្រាយជាក់ស្តែងសម្រាប់ការព្យាបាលដើម្បីបញ្ចៀសភាពកកស្ទះក្នុងមន្ទីរពេទ្យ មានតែជ្រើសរើសយកវិធីព្យាបាលតាមផ្ទះជំនួសឲ្យការសម្រាកនៅមន្ទីរសម្រាប់អ្នកមានជំងឺកម្រិតស្រាល តែស្ថិតក្រោមការតាមដានរបស់គ្រួពេទ្យជាប្រចាំ ដោយឡែកអ្នកដែលឈឺធ្ងន់ធ្ងរ និងអ្នកដែលគ្មានទីតាំងព្យាបាលនៅផ្ទះ គឺត្រូវបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យដូចធម្មតា។

លោក ហ៊ុន សែន ជំរុញឲ្យក្រុមប្រតិបត្តិត្រៀមរៀបចំការព្យាបាលតាមផ្ទះឲ្យបានឆាប់រហ័សដើម្បីកាត់បន្ថយភាពកកស្ទះ តាមមន្ទីរពេទ្យ និងជួយបញ្ចៀសផលប៉ះពាល់ដល់អ្នកដទៃទៀត ដែលមិនទាន់ឆ្លងវីរុសCovid-19 ជាងនេះទៀត លោក ជំរុញឲ្យអាជ្ញាធរ និងក្រុមគ្រូពេទ្យប្រចាំនៅមូលដ្ឋានត្រូវជួយសម្រួល និងតាមដានអ្នកជំងឺអ្នកដែលបានព្យាបាលតាមផ្ទះផងដែរ។

ការអះអាងនេះធ្វើឡើងស្របពេលអ្នកឆ្លងវីរុសCovid-19 ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ពុំមានការអន់ថយ និងរឹតតែកើនខ្លាំងឡើងៗទៅវិញ ខណៈអ្នកជាសះស្បើយមានចំនួនតិចតួចបើធៀបនឹងអ្នកដែលបានឆ្លងជំងឺនេះប្រចាំថ្ងៃ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការៀបចំឲ្យមានការព្យាបាលតាមផ្ទះសម្រាប់អ្នកជំងឺ Covid-19 ដែលមានកម្រិតស្រាល គឺជាវិធានការល្អដែលអាចទទួលយកបាន ដើម្បីឲ្យអ្នកទាំងនោះអាចឃ្លាតឆ្ងាយពីអ្នកដែលមានជំងឺCovid-19 ធ្ងន់ធ្ងរ ពេលដែលពួកគេត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

លោក អះអាងថា ទោះជាយ៉ាងណាក៏ដោយ សង្គមស៊ីវិលនៅមិនទាន់អាចវាយតម្លៃពីដំណើរការនេះថាល្អ ប៉ុណ្ណានៅឡើយទេ ព្រោះត្រូវរង់ចាំមើលក្រុមប្រតិបត្តិទាំងនោះ អនុវត្តការងាររបស់ពួកគេជាក់ស្តែងជាមុនសិន។ លោកថា បើតម្រូវឲ្យមានការសម្រាកព្យាបាលតាមផ្ទះ ក្រុមគ្រូពេទ្យ ត្រូវតាមដានអ្នកជំងឺឲ្យបានដិតដល់ ជាទីបំផុតដើម្បីផ្តល់ប្រឹក្សាដល់ពួកគាត់អំពីការថែទាំ និងការអនុវត្តក្នុងការព្យាបាលឲ្យបានត្រឹមត្រូវតាមក្បួនសុខាភិបាល ដូចពួកគេព្យាបាលនៅមន្ទីរពេទ្យដូច្នោះដែរ។

ក្រសួងសុខាភិបាលបានប្រកាសព័ត៌មាននៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នេះថា ក្រសួងបានរកឃើញអ្នកឆ្លងវីរុសCovid-19ថ្មីចំនួន ៧២នាក់ ចំណែកអ្នកឆ្លងសរុបមានចំនួនជាង ២ពាន់ ៨រយនាក់ ខណៈអ្នកជាសះស្បើយថ្មីមានចំនួន ៤៧នាក់ រីឯអ្នកព្យាបាលជាសរុបមានចំនួនជាង ១ពាន់ ៧រយនាក់ ដោយឡែកអ្នកដែលកំពុងសម្រាកព្យាបាលមានចំនួន ១០០៣ និងអ្នកដែលបានស្លាប់បានកើនដល់ទៅ២២នាក់៕ 

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.