អាស៊ានស្វែងរកការគាំទ្រពីអាមេរិកដើម្បីឈានទៅអនុវត្តផែនការ៥ចំណុចនៃវិបត្តិនៅប្រទេសភូមា

សមាគមអាស៊ាន ដែលកំពុងទទួលបានការសារទរពីសហគមន៍អន្តរជាតិ ជាពិសេស ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិចំពោះ ការធ្វើអោយសម្រេចនូវផែនការប្រាំចំណុច ដើម្បីដាក់អោយពួកយោធាភូមា អនុវត្តគឺមកដល់ពេលនេះ សមាគមមួយនេះ នៅតែរង់ចាំការប្រជុំមួយលើកទៀតជាមួយ សហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះ គេហៅថា កិច្ចប្រជុំអាស៊ាន បូកអាមេរិក។ កិច្ចប្រជុំអាស៊ាន បូកអាមេរិកកន្លងមក ផ្ដោតលើសហប្រតិបត្តិការ ទ្វេភាគី ប៉ុន្តែសម្រាប់កិច្ចប្រជុំឆ្នាំនេះ ទំនងប្រធានបទសំខាន់ជាងគេ គឺអាចមានបញ្ហាប្រទេសភូមា និងសមុទ្រចិនខាងត្បូង។ ចំពោះបញ្ហាវិបត្តិនៅប្រទេសភូមា គឺជារបៀបវារៈដែលលេខាធិការដ្ឋានអាស៊ាន បានកំណត់ឡើង។

កាលពីថ្ងៃទី១ ឧសភា លេខាធិការដ្ឋាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ បានបើកកិច្ចប្រជុំរបស់ខ្លួន ដើម្បី កំណត់ពេលវេលា ទៅរកការបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសរបស់សមាគមនេះ ជាមួយ ដៃគូ ដែលគេហៅថា អាស៊ានបូកចិន និងអាស៊ាន បូកអាមេរិក។

ប៉ុន្តែ កិច្ចប្រជុំអាស៊ាន បូកអាមេរិក មិនទាន់ដឹងថាអាចធ្វើឡើងដែរឬទេព្រោះអាមេរិកមិនទាន់ឆ្លើយតប ។ បើតាមសារព័ត៌មាន  ជប៉ុន Nikkei Asia សហរដ្ឋអាមេរិក មិនអាចប្រជុំជាមួយសមាគមអាស៊ានបានទេ បើមានវត្តមានពួកយោធាភូមា ។

តាមប្រភពដដែលនេះ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន បូកចិន អាចប្រព្រឹត្តទៅបានព្រោះចិន ឆ្លើយតបហើយដែលថានឹងចូលរួមប្រជុំ។

តាម Nikkei Asia លេខាធិការដ្ឋាននៃសមាគមប្រជាជាតិអាស៊ី បានប្រជុំកាលពីថ្ងៃទី១ឧសភានេះនៅទីក្រុងចាការតាប្រទេសឥណ្ឌូនេស៊ី ។  ក្រុមអាស៊ាន ស្វែងរការគាំទ្រ ពីប្រទេសចិននិងអាមេរិក មុនអាស៊ាន ដើរតួនាទីសកម្ម ជួយពន្លត់ហិង្សានៅប្រទេសភូមា ដែលជាសមាជិកអាស៊ានមួយដែរ។ ប៉ុន្តែអាស៊ាន រង់ចាំជាខ្លាំងចំពោះការគាំទ្រ ពីសហរដ្ឋអាមេរិក។ សម្រាប់សហភាពអឺរ៉ុប បានសារទរមុនគេ នូវលទ្ធផលនៃកិច្ចប្រជុំ អាស៊ាន កាលពីថ្ងៃទី២៤មេសា។ ចំពោះឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី រុស្ស៊ី ដែលជាដៃគូអាស៊ាន ក៏បានប្រកាសគាំទ្ររួចហើយដែរ។

ចិនដែលមិនបានឃើញចេញសេចក្ដីថ្លែងការណ៍គាំទ្រ ជាផ្លូវការ តែតំណាង របស់ចិន នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បានបង្ហើបថា ចិនគាំទ្រ ផងដែរ។

ពីទីក្រុងចាការតា កិច្ចប្រជុំនៃថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ខាងមុខនេះ នឹងផ្ដោតសំខាន់ ទៅលើ វិបត្តនយោបាយ នៅប្រទេសភូមា និង ការចាប់ផ្ដើម អនុវត្តផែនការប្រាំចំណុច ដែលអាស៊ាន បានសម្រេចដាក់អោយមេយោធាភូមាឧត្តមសេនីយមីនអ៊ុងឡាំង ទទួលយកទៅអនុវត្ត។

សម្រាប់សហរដ្ឋអាមេរិក ដែលទំនងអន់ចិត្តគឺអាចមកពី អាស៊ាន មិនបានសម្រេចបាននូវចំណុចមួយទៀត ដែលបង្ខំអោយ មេរដ្ឋប្រហារភូមា ទទួលយកការដោះលែងអ្នកជាប់ឃុំទាំងអស់។ ពីទីក្រុងវ៉ាស៊ីនតោន អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក Ned Price បានបញ្ជាក់លើទ្វីតធើ របស់លោកថា អាមេរិក សរសើរការខិតប្រឹងប្រែងរបស់សមាគមអាស៊ាន ដើម្បី ជួយបញ្ជប់វិបត្តិនៅប្រទេសភូមាដែលនាំអោយមានផែនការប្រាំចំណុចនោះកើតឡើង។

ផែនការប្រាំចំណុចនោះរួមមាន៖

ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសភូមា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។

ទី២៖ ចាប់ផ្តើមសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។

ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។

ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA។

ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសភូមា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងការបរទេសសឹង្ហបូរីនិងម៉ាឡេស៊ីបាននិយាយថាមេដឹកនាំអាស៊ាននឹងត្រូវធ្វើឱ្យប្រាកដថាពួកយោធាភូមាត្រូវយកផែនការ ប្រាំចំណុចនេះទៅអនុវត្តដើម្បីដោះស្រាយវិបត្តិដែលកំពុងបន្ត ហើយភាគីពាក់ព័ន្ធត្រូវចូលអនុវត្តផងដែរ។

រដ្ឋមន្រ្តីទាំងពីររូបបានពិភាក្សាអំពីស្ថានភាពប្រទេសភូមាកាល ពីថ្ងៃអាទិត្យទី២ ឧសភា ក្នុងដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃរបស់រដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ីលោក Hishammuddin Hussein ទៅកាន់ ប្រទេសសិង្ហបុរី។

សេចក្តីថ្លែងការណ៍រួមរបស់លោក Hishammuddin និងរដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបរីលោក Vivian Balakrishnan បាន យល់ស្របថាវាមានសារៈសំខាន់សម្រាប់អាស៊ាននិងបណ្តាប្រទេសជាសមាជិកដើម្បីបន្តដើរតួនាទីសកម្មក្នុងការសម្របសម្រួល ដំណោះស្រាយយូរអង្វែងនិងសន្តិភាព ដើម្បីផលប្រយោជន៍របស់ ប្រជាជនភូមា។

សមភាគីទាំង២បន្ថែមថាដើម្បីសម្រេចបាននូវផែនការប្រាំចំណុចនេះគឺមេដឹកនាំអាស៊ានចាំបាច់ត្រូវតាមដានសកម្មភាពនៃការអនុវត្តផែនការ ៥ ចំណុចដែលបានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំកំពូលពិសេសជាមួយមេបញ្ជាការយោធាភូមាគឺឧត្តមសេនីយ Min Aung Hlaing នៅទីក្រុងហ្សាការតាកាលពីថ្ងៃទី ២៤ ខែមេសា។

ក្នុងកិច្ចប្រជុំនោះ មេដឹកនាំទាំងអស់នៃសមាគមអាស៊ាន បានឯកភាពគ្នានៅឯកិច្ចប្រជុំនោះដោយ អំពាវនាវថាអំពើហឹង្សានៅក្នុងប្រទេសភូមាត្រូវបញ្ឈប់ជាបន្ទាន់ហើយគ្រប់ភាគីទាំងអស់ត្រូវបានស្នើអោយមកចូលរួមក្នុងការសន្ទនាគ្នាដើម្បីរកដំណោះស្រាយដោយសន្តិវិធី។

ខណៈប្រទេសចិននៅស្ងៀមស្ងាត់ចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូលរបស់ មេដឹកនាំអាស៊ាន គឺរដ្ឋមន្ត្រីការបរទេសចិនវ៉ាងយីបានឆ្លើយតបទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហឹង្សានៅក្នុងប្រទេសភូមា។ចិននិងរុស្ស៊ីត្រូវបានរាយការណ៍មកថា ប្រទេសមហាអំណាច២នេះ បានស្នើអោយមានសេចក្ដីការណ៍រួមនៃក្រុមប្រឹក្សាដោយគាំទ្រផែនការ៥ចំណុចរបស់ មេដឹកនាំអាស៊ាន ហើយក៏គាំទ្រ ឱ្យមានប្រេសិតមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ចូលទៅប្រទេសភូមា ដើម្បីដោះស្រាយវិបត្តិដែលបង្កឡើងដោយរដ្ឋប្រហារយោធាថ្ងៃទី ១ ខែកុម្ភៈ។

សេចក្ដីថ្លែងការរបស់ក្រុមប្រឹក្សាសន្តិសុខ ទទូចថា គួរតែត្រូវបានអនុវត្តដោយគ្មានការពន្យារពេលនោះទេ។ នេះជាលើកដំបូងហើយ ដែល ប្រទេសចិន និងរុស្ស៊ី ជាអ្នកធ្វើសំណើដូចនេះ ដែលកិច្ចប្រជុំ ៤លើកកន្លងមកគឺប្រទេសសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ២នេះ តែងតែជំទាស់។ អ្នកសង្កេតការណ៍ខ្លះយល់ថាចិន មិនចង់ឃើញ អនាគតភូមា ធ្លាក់ក្នុងភូមិសាស្ត្រ នយោបាយ របស់អាមេរិកនិងលោកខាងលិចនោះទេ តែបែបណា អោយតែរបបប្រជាធិបតេយ្យរស់ឡើង វិញ គឺភូមិសាស្ត្រនយោបាយនៅភូមាពិតណាស់នឹងធ្លាក់ទៅលើលោកសេរី ដឹកនាំដោយសហរដ្ឋអាមេរិក៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.