តើអ្វីខ្លះជាហានិភ័យក្នុងការគ្រប់គ្រងមេរោគកូវីដ១៩ ដោយរដ្ឋាភិបាលលោកហ៊ុន សែន?

ភាពជាអ្នកដឹកនាំរបស់លោកហ៊ុន សែន ក្នុងការគ្រប់គ្រងប្រទេស កម្ពុជាក្នុងរយៈពេលជិត៤០ មកឆ្នាំនេះ អាចលាតត្រដាងបានច្បាស់តាមរយៈការ គ្រប់គ្រងជម្ងឺឆ្លងកូវីដ១៩ និងការជួយពលរដ្ឋខ្មែរ នាពេលបច្ចុប្បន្ននេះ។ តើសមត្ថភាពរបស់លោក វិធានការនានា និងលទ្ធភាពរបស់លោក ក្នុងការទប់ស្កាត់ជម្ងឺឆ្លងដ៏កាចសាហាវមួយនេះ មានភាពប្រាកដនិយម គួរឲ្យទុកចិត្តដែរ ឬទេ?

កម្ពុជាក្រោមការគ្រប់គ្រងនៃគណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុនសែន ក្នុងអំឡុងពេលបួនទសវត្សរ៍កន្លងមកនេះ បានក្លាយជាប្រទេសក្រីក្របំផុត និងពុករលួយបំផុតក្នុងចំណោមបណ្តាប្រទេសកំពុង អភិវឌ្ឍន៍នានាក្នុងពិភពលោក។

សហគមន៍ជាតិ និងអន្តរជាតិដែលរិៈគន់ការដឹកនាំរបស់លោកហ៊ុន សែនបានដាក់ការទទួលខុសត្រូវទាំងស្រុងទៅលើលោកហ៊ុន សែន ក្នុងនាមជាមេដឹកនាំនៃជាតិមួយ។ ប៉ុន្តែលោកហ៊ុន សែន ប្រកាសអំពីមោទនភាពរបស់លោកថា លោកបានធ្វើឲ្យប្រទេសជាតិរីកចម្រើនគ្រប់វិស័យ ហើយពលរដ្ឋរស់នៅដោយសម្បូរសប្បាយសុខដុមរមនា។

ប៉ុន្តែ ក្រុមអ្នករិៈគន់ថា លោកហ៊ុន សែន ជាមេដឹកនាំផ្តាច់ការនិងគ្មានសមត្ថភាពដឹកនាំប្រ ទេសទេ ដោយសារតែគ្មានទស្សនៈវិស័យជាតិច្បាស់លាស់ គ្មានផែនការអភិវឌ្ឍន៍ជាតិច្បាស់លាស់ គ្មានវិធានការ ឬស្តង់ដាអនុវត្តន៍ការងារច្បាស់លាស់ និងគ្មានលទ្ធភាពធ្វើឲ្យមន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋរស់នៅក្នុងកំរិតជីវភាព សមរម្យ និងប្រកកបដោយសុភមង្គលនោះឡើយ។ នេះជាបញ្ហាដែលអ្នករិៈគន់ចាត់ទុកថា ជាហានិភ័យខ្ពស់សំរាប់កម្ពុជា

ប្រសិនបើគេចង់ធ្វើការវិភាគវែកញែកដើម្បីបញ្ជាក់អំពីភាពឡូស៊ិក នៃការអះអាងរបស់លោកហ៊ុន សែន និងទស្សនៈក្រុមអ្នករិៈគន់ ដូច ដែលបានលើកឡើងខាងលើ ប្រហែលជាគេត្រូវលើកយកភស្តុតាងជាក់ស្តែងជាច្រើនមកធ្វើការពន្យល់ដ៏វែងអន្លាយមួយ។ ប៉ុន្តែ ដើម្បីងាយស្រួលយល់គេអាចពិនិត្យមើលរបៀបគ្រប់គ្រងនៃការរីករាល ដាលមេរោគកូវីដ១៩ និងចំណាត់ការជួយពលរដ្ឋក្នុងពេលបច្ចុប្បន្ននេះ។ តើលោកហ៊ុន សែន បាន និង កំពុងធ្វើអ្វីខ្លះក្នុងអំឡុងពេលផ្ទុះការឆ្លងមេរោគកូវីដ១៩ អាចនាំមកនូវហានិភ័យ?

នៅតំណាក់កាលដំបូងនៃការផ្ទុះមេរោគកូវីដ១៩ ក្នុងទីក្រុងអ៊ូហាននៃប្រទេសចិននាចុងឆ្នាំ២០១៩ ក្រុមសង្គមស៊ីវិល អ្នកវិភាគអំពីបញ្ហាសង្គមអ្នកនយោបាយក្រៅរដ្ឋាភិបាល និងអ្នកបច្ចេកទេសនានា បានសម្តែងការព្រួយបារម្ភ និងស្នើរអោយ លោកហ៊ុន សែន ដាក់ចេញនូវវិធានការការពារមួយចំនួន ដោយរួមទាំងការបិទជើងយន្តហោះផ្ទាល់ ពីប្រទេសចិនជាបណ្តោះអាសន្ន។

លោកហ៊ុន សែន មិនមែន ត្រឹមតែធ្វើមិនដឹងមិនឮនោះទេ តែលោកថែមទាំងបានគំរាមគេឯង ដោយរួមទាំងអ្នកណាដែលពាក់ម៉ាស់ តាមការណែនាំរបស់អ្នកជំនាញ និងក្រសួងសុខាភិបាលផងដែរ។

បើគេពិនិត្យមើលចំណុចនេះ វាអាចឆ្លុះបញ្ចាំងបានថា លោកហ៊ុន សែនមិនបានរៀបចំផែនការរួម ឬផែនការមេជាក់លាក់ក្នុងការត្រៀមការពារ និងទប់ទល់ចំពោះការផ្ទុះឡើងនៃការឆ្លងមេរោគ កូវីដ១៩ ជាយថាហេតុនោះទេ។ ជាងនេះទៅទៀត លោកប្រកបដោយ អំនួតថា ទាល់តែដល់ ថ្ងៃ៣១ កុម្ភៈ ទើបកម្ពុជាមានការឆ្លងមេរោគ កូវីដ១៩។

ជាធម្មតា ប្រតិទិនសាកលគ្មានទេថ្ងៃ៣១ ក្នុងខែកុម្ភៈ ដោយខែនេះ គឺមានត្រឹមតែថ្ងៃទី ២៨  ឬ២៩ ប៉ុណ្ណោះ។ ដូច្នេះលោកចង់បញ្ជាក់ថា ការឆ្លងមេរោគកូវីដ១៩ នឹងមិនកើតឡើងទេ

សំរាប់ប្រទេសកម្ពុជា គឺប្រៀបដូចពាក្យខ្មែរថា ទាល់តែសេះដុះស្នែង ទើបមានការឆ្លងមេរោគ កូវីដ១៩ នៅកម្ពុជាអញ្ចឹងដែរ។

មជ្ឈដ្ឋានមួយចំនួននិយាយថា ភាពអំណួត និងភាពក្អេងក្អាងរបស់លោក ហ៊ុន សែន នាំឲ្យលោកធ្វើមិនដឹងមិនឮ ឬធ្វេសប្រហែស ដោយមិនបានត្រៀមផែនការហ្មត់ចត់ ដើម្បីទប់ស្កាត់មេរោគនេះ និងជួយពលរដ្ឋទាំងបញ្ហាសុខភាព និងជីវភាព នោះឡើយ។ ជាលទ្ធផល ពលរដ្ឋខ្មែរកំពុងរងគ្រោះពីការឆ្លងមេរោគ កូវីដ១៩ និងស្លាប់ដូចសព្វថ្ងៃ ហើយពលរដ្ឋជាច្រើនគ្រួសារដែលរស់ក្នុងតំបន់បិទខ្ទប់ ជួបវិបត្តិដាច់ចំណូល និងអាហារជាដើម។

ដូច្នេះភាពអំណួតក្អេងក្អាងរបស់លោកហ៊ុន សែន គឺជាហានិភ័យមួយដ៏ធំ នៃភាពជាអ្នកដឹកនាំរបស់គាត់សំរាប់ជាតិខ្មែរទាំងមូល ដូចជាការគ្រប់គ្រងនិងដោះស្រាយបញ្ហាសង្គមក្នុងស្ថានភាពគ្រោះថ្នាក់ ដូចបញ្ហាការឆ្លង កូវីដ១៩នេះ ជាដើម។

ជាក់ស្តែងណាស់ប្រទេសនានា លើពិភពលោកក៏រងគ្រោះពីការផ្ទុះឡើងនៃឆ្លងមេរោគកូវីដ១៩នេះដែរ គឺមិនមែនតែកម្ពុជាម្នាក់នោះទេ។ ប៉ុន្តែគេក៏ត្រូវទទួលស្គាល់ដែរថា មានប្រទេសជាច្រើនដែលបានចាត់វិធានការទាន់ពេលវេលា ក្នុងការទប់ស្កាត់ ឬកាត់បន្ថយការឆ្លងមេរោគនេះ ជាពិសេសដែនដីកោះតៃវ៉ាន់ ទីក្រុងហុងកុង និងប្រទេសវៀតណាមដែលជាអ្នកភូមិផងរបងជាមួយនឹងកម្ពុជា និង ជាប្រទេសមានព្រំដែនជាប់ប្រទេសចិនថែមទៀត។

ការក្តោបអំណាចក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ រដ្ឋាភិបាលលោកហ៊ុនសែន បរាជ័យក្នុងការធ្វើឲ្យមានសេវ៉ាសាធារណៈ ដូចជាមន្ទីរ ពេទ្យ និងប្រព័ន្ធរដ្ឋបាលសាធារណៈទំនើប។

ប្រទេសចិន អាមេរិក និង បណ្តាលប្រទេសជឿនលឿនខ្លះទៀតមានការបាត់បង់ជីវិតមនុស្សច្រើនណាស់នៅពេល ដែលមានការផ្ទុះនូវការឆ្លងមេរោគកូវីដ១៩នោះ ទោះបីជាប្រ ព័ន្ធសុខាភិបាលនិងប្រព័ន្ធរដ្ឋបាលសាធារណៈរបស់ប្រទេសទាំងនោះទំនើប និងរឹងមាំក៏

ដោយ។ ចុះទំរាំវិស័យសុខាភិបាលនៃប្រទេសកម្ពុជាដែល មានភាពអន់ថយ តើជីវិតពលរដ្ឋខ្មែរ នឹងប្រឈមហានិភ័យបែបណាខ្លះទៅ? ហានិភ័យនៃការខ្វះវិស័យសុខាភិបាល ទំនើប និងរឹងមាំក្នុងស្ថានភាពការឆ្លងកូវីដ១៩ពេលនេះ គឺកើតឡើងដោយសារតែ អសមត្ថភាពរបស់លោកហ៊ុនសែន និងអំពើពុករលួយដ៏ស៊ីជំរៅនៃរបបរបស់គាត់ ក្នុងគ្រប់គ្រងអំណាចជិត៤០ឆ្នាំមកនេះ។

ផលប៉ះពាល់នៃវិបត្តិសង្គមបច្ចុប្បន្ន កាន់តែធ្ងន់ធ្ងរ ប្រសិនបើស្ថានភាពកូវីដបច្ចុប្បន្ននេះមិនអាចមិនបញ្ចប់ក្នុងរយៈពេលខ្លី។ ឩទាហរណ៍ បើសិនជាចំនួន អ្នកឆ្លងកូវីដ១៩នៅតែបន្តកើនឡើងដូចសព្វថ្ងៃនេះ តើរដ្ឋាភិបាលលោកហ៊ុន សែន មានមន្ទីរពេទ្យ មណ្ឌលសុខភាព និងគ្រែពេទ្យគ្រប់គ្រាន់ដែរឬទេ? មានគ្រូពេទ្យជំនាញគ្រប់គ្រាន់ដែរឬទេ? ឬមានឩប្បករណ៍បច្ចេកទេស ដូចជា បំពង់អុកស៊ីសែនសំរាប់ជួយដល់ការដកដង្ហើមគ្រប់គ្រាន់ដែរ ឬទេ?។

ក្រៅពីប្រព័ន្ធសុខាភិបាល ប្រព័ន្ធរដ្ឋបាលសាធារណៈរបស់លោក ហ៊ុន សែន ក៏នៅមានភាពទន់ខ្សោយជាខ្លាំង។

ភាពទន់ខ្សោយនេះ គឺស្តែងចេញតាមរយៈការដាក់ចេញនូវវិធានការភ្លាមៗ និងផ្លាស់ប្តូរជា ញឹកញាប់ក្នុងពេលមួយរំពេចតាមតែចិត្តរបស់លោកហ៊ុន សែន ហើយនិតិវិធីធ្វើការខ្លះ មិនច្បាស់លាស់ និងមិនគប្បី ចំពោះពលរដ្ឋថែមទៀត។

អ្វីដែលលោកហ៊ុន សែន បានធ្វើនៅពេលនេះ មិនមែនជាលើកដំបូងនោះទេ។ វាដូចគ្នានឹងអ្វីដែលគាត់ធ្លាប់កន្លងមក ដូចជាការបញ្ជារឲ្យ រដ្ឋសភាអនុម័តច្បាប់ចរាចរផ្លួវគោកតាមការចង់បានរបស់លោក ហើយបន្ទាប់មកលោកប្រកាសដូរការអនុវត្តន៍ច្បាប់នោះរហូតដល់ទៅបីដងតែក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ។

ដូច្នេះ ចំណុចនេះក៏ជាហានិភ័យមួយដែរសំរាប់អាយុជីវិតរបស់ប្រជាពលរដ្ឋនិងជាតិទាំង មូល ដែលស្ថិតក្នុងភាពហេងស៊យអាស្រ័យលើការសម្រេចចិត្ត និងដូរចិត្តរបស់លោកហ៊ុន សែន។ ភាពមិនច្បាស់លាស់ នៃនិតិវិធីអនុវត្តន៍ការងារគឺជាហានិភ័យខ្ពស់សំរាប់ប្រជាពលរដ្ឋ ជាពិសេសក្នុងអំឡុងដែលមានភាពជ្រួលច្របល់ដូចអំឡុងពេលរីករាល ដាលនៃការឆ្លងមេរោគកូវីដ១៩នេះ។

ឩទាហរណ៍ ពេលពលរដ្ឋត្រូវការលិខិតអនុញ្ញាតិដើម្បីដឹកបន្លែពីខេត្តមកលក់ជូនអ្នករស់នៅក្នុងរាជធានីភ្នំពេញដែលកំពុងខ្វះខាត និងស្ថិតក្នុងតំបន់បិទខ្ទប់។ តែពួកគេមិនដឹងទៅរកអាជ្ញាធរថ្នាក់ណាជាអ្នកចេញលិខិតនោះឲ្យ ឬអ្នកជំងឺធម្មតាទៅរកសេវ៉ាពេទ្យឯកជនដែលពួកគេធ្លាប់ទៅ ហើយគ្លីនិកឯកជននោះមិនទទួលមើលក្នុងអំឡុងពេលនេះ តើអ្នកជំងឺរូបនោះទាក់ទងទៅអាជ្ញាធរមួយណា? 

តាមពិត បញ្ហារដ្ឋបាលរញ៉េរញ៉ៃ និងមិនមានភាពច្បាស់លាស់បែបនេះគឺជារឿងធម្មតាក្នុងរដ្ឋាភិបាលរបស់ លោកហ៊ុន សែន ហើយភាពមិនច្បាស់លាស់នេះ គឺជាមធ្យោបាយរកលុយឬប្រព្រឹត្តិអំពើពុករលួយរបស់មន្រ្តីខ្លះតាមរយៈ ការធ្វើឲ្យភាពយឺតយ៉ាវ ឬការបង្ករការលំ 

បាកដល់ពលរដ្ឋដែលស្វែងរកសេវ៉ាសាធារណៈ។ ប៉ុន្តែបញ្ហានេះ គឺជាហានិភ័យ ដែលអាចបង្កគ្រោះថ្នាក់ដល់ពលរដ្ឋដែលត្រូវការសេវ៉ាសាធារណៈ ឬជាការជួយបន្ទាន់ៗពីអាជ្ញធរនៅពេលដែលពួកគេជួបបញ្ហាក្នុងអំឡុងពេលរីករាលដាលនៃមេរោគដ៏គួរអោយភ័យខ្លាចនេះ។

ហានិភ័យមួយទៀត គឺជាលទ្ធភាពនៃការខ្វះខាតថវិការបស់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងពេលបច្ចុប្បន្ន។ កាលពីថ្ងៃទី១៩ ខែមេសាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសបញ្ចប់ ការផ្តល់ប្រាក់ឩបត្ថម្ភដល់គ្រួសារដែលរងគ្រោះ ឬរងផលប៉ះពាល់ ធ្ងន់ធ្ងរដោយកូវីដ១៩ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ។

មួយថ្ងៃបន្ទាប់មក លោកហ៊ុន សែន ក៏បានថ្លែងសារសូមទោសតាមប្រព័ន្ធសង្គមរបស់លោកអំពីការបញ្ចប់ផែនការផ្តល់ប្រាក់ ឩបត្ថម្ភចំនួន៣០ម៉ឺនរៀល។ ប៉ុន្មានថ្ងៃមុននោះលោក ហ៊ុន សែន បានប្រកាសដោយអំនួតអំពីគំរោងផ្តល់ប្រាក់ឩបត្ថម្ភនេះ ហើយពេលនោះពួកមន្ត្រីរបស់លោកបន្ទរថា វាជាទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ។

ប៉ុន្តែក្រុមមន្រ្តីទាំងនោះហាក់យល់ច្រលំថា ថវិការជាតិ ឬសម្ភារៈផ្សេងៗ ដែលរដ្ឋាភិបាលផ្តល់ជូនពលរដ្ឋនោះ គឺជាអំណោយសប្បុរសធម៌របស់លោកហ៊ុន សែនទៅវិញ។ ក្រុមមន្រ្តីទាំងនោះ ហាក់មិនបានគិតថា នោះគឺជាកាតព្វកិច្ច ដែលរដ្ឋាភិបាល ឬលោកហ៊ុន សែន 

ត្រូវតែជួយពលរដ្ឋនោះ។ លុះដល់ពេលលោកហ៊ុន សែន លប់ចោលគំរោងនេះវិញ តើនេះមានន័យថា លោក ហ៊ុន សែន លែងមានសមានចិត្តល្អចំពោះពលរដ្ឋ ឬយ៉ាងណា? ចំណុចនេះអាច ជាហានិភ័យមួយសំរាប់ពលរដ្ឋដែលគ្មានជំនឿលើលទ្ធភាព របស់លោក ហ៊ុនសែន ក្នុងការជួយពលរដ្ឋ នៅពេលមានការប្រឈម ការរាតត្បាតនៃមេរោគកូវីដ១៩នេះ ជាដើម។

កាលពីខែមីនា ឆ្នាំ២០២០ លោកហ៊ុន សែន បានសំរេចកាត់៥០%នៃ ថវិកាចំណាយគ្រប់ក្រសួងទាំងអស់ លើកលែងតែបីក្រសួងដែលត្រូវកាត់២៥%។ ដូចគ្នានេះដែរ កាលពីខែមករា ឆ្នាំ២០២១ លោកហ៊ុន សែន បានប្រកាសកាត់ប្រាក់ខែខ្លួនឯងចំនួនប្រាំពីរខែ និងអំពាវនាវឲ្យមន្រ្តី រាជការទាំងអស់ចូលរួមបរិច្ចាក ប្រាក់ខែរបស់ពួកគេ ដើម្បីប្រមូលលុយ ទាំងនោះទិញវ៉ាក់សាំង ការពារមេរោគកូវីដ១៩។

ក្រុមអ្នកសង្កេតការណ៍ សង្គមបានលើកឡើងថា ថ្វីបើលោក ហ៊ុន សែនអំពាវនាវឲ្យមន្រ្តីរាជការ ចូលរួមកាត់បា្រក់ខែដោយស្មគ្រ័ចិត្ត ប៉ុន្តែ វាមានន័យថា នោះគឺជាការបង្ខំ ព្រោះនេះជារបៀបគ្រប់គ្រងរបស់របបផ្តាច់ការ និងជាទំលាប់របស់ លោក ហ៊ុន សែន។

ដូច្នេះ សរុបមក គេអាចធ្វើការសន្និដ្ឋានបានថា រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងតែខ្វះលុយក្នុងការចំណាយផ្សេងៗ ជាពិសេស គឺការជួយពលរដ្ឋក្នុងអំឡុងពេលនៃការផ្ទុះមេរោគកូវីដ១៩នេះ។

ក្រុមអ្នកឃ្លាំមើលនិយាយថា ការមិនអាចជួយទ្រទ្រង់ជីវភាពរបស់ពលរដ្ឋទូទៅ គឺមិនមែនជារឿងចម្លែកពេកនោះទេ ព្រោះនោះគឺជារឿងធម្មតាដែលលោក ហ៊ុន សែន តែងខកខានមិនបានប្រតិបត្តិក្នុងពេលគ្រប់គ្រងអំណាចរបស់លោក ជិត ៤០ឆ្នាំ មកនេះ។ ប៉ុន្តែអ្វី ដែលបារម្ភនោះ គឺការដែលរដ្ឋាភិបាលរបស់លោកមិនមាន លទ្ធភាពជួយអោយបានគ្រប់គ្រាន់ និងដិតដល់ចំពោះពលរដ្ឋដែល បាត់បង់ចំណូល ជាប់គាំងក្នុងតំបន់បិទខ្ទប់ និងអាជីវកម្មនានា

ដែលប៉ះពាល់ដោយជម្ងឺកូវីដ១៩។ ក្រៅពីនេះ វាជាការបារម្ភផងដែរ ប្រសិនរដ្ឋាភិបាល លោក ហ៊ុន សែន គ្មានលទ្ធភាពបញ្ជាទិញវ៉ាក់សាំង ដែលមានគុណភាព និងសម្ភារៈចាំបាច់ផ្សេងៗទៀតសំរាប់ព្យាបាល និងការពារ កូវីដ១៩ ក្នុងអំឡុងពេលកំពុងមានវិបត្តិបែបនេះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.