27 C
Phnom Penh

ស្ថាបនិក​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រកាស​លាឈប់​ពី​តួនាទី

បទវិភាគ

ប្រធាន និង​ជា​ស្ថាបនិក​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា អាដហុក លោក ធន សារាយ បាន​លាឈប់​ពី​តួនាទី​ជា​ប្រធាន​ហើយ​ក្រោយ​ពី​លោក​បាន​ដឹកនាំ​អង្គការ​សិទ្ធិមនុស្ស​នេះ​អស់​រយៈពេល ៣០​ឆ្នាំ។

ដំណឹង​ដែល​ភ្ញាក់ផ្អើល​នេះ លេច​ឡើង​តាមរយៈ​លិខិត​ថ្លែង​អំណរគុណ​របស់​លោក នី សុខា ប្រធាន​បច្ចុប្បន្ន ចុះ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២១។

នៅ​ក្នុង​លិខិត​ថ្លែង​អំណរគុណ​នោះ បាន​លើកឡើង​ថា សម្រាប់​ថ្នាក់​ដឹកនាំ និង​បុគ្គលិក​អាដហុក លោក ធន សារាយ ជា​អ្នក​ការពារ​សិទ្ធិមនុស្ស​ស្ទើរ​ពេញ​មួយ​ជីវិត ដោយ​លោក​បាន​លះបង់​កម្លាំង​កាយ​ចិត្ត​ដើម្បី​បុព្វហេតុ​លើកស្ទួយ​ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា លោក ធន សារាយ ជា​វីរជន​ការពារ​សិទ្ធិមនុស្ស​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ និង​ទទួលស្គាល់​ទាំង​ថ្នាក់​ជាតិ តំបន់ និង​អន្តរជាតិ រហូត​ទទួល​បាន​រង្វាន់​ជាច្រើន។

លិខិត​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​បញ្ជាក់​ថា លោក ធន សារាយ ទទួល​បាន​រង្វាន់​អន្តរជាតិ​ជាច្រើន រួម​មាន៖

  • ពានរង្វាន់ «មូលនិធិ​សិទ្ធិមនុស្ស​របស់​ប្រទេស​បារាំង» ឆ្នាំ​១៩៩៣
  • ពានរង្វាន់ «មូលនិធិ​សិទ្ធិមនុស្ស​ប្រចាំ​អាស៊ី​លើក​ទី​៣» នៅ​តូក្យូ ឆ្នាំ​១៩៩៨
  • ពានរង្វាន់​ពី​ក្រុម​អ្នកច្បាប់​ក្រុង​ញីវយ៉ក ឆ្នាំ​១៩៩៩
  • ហើយ​នៅ​ឆ្នាំ​១៩៩៩ ដដែល ស្ថាបនិក​អាដហុក រូប​នេះ បាន​ពាន «មូលនិធិ​សិទ្ធិមនុស្ស​សាធារណរដ្ឋ​បារាំង» ពី​លោក​នាយករដ្ឋមន្ត្រី Lionel Jospin
  • និង​កាលពី​ឆ្នាំ​២០១៧ បាន​ពានរង្វាន់​ណូបែល «Martin Ennals Award» សម្រាប់​អ្នក​ការពារ​សិទ្ធិមនុស្ស​ដែល​ផ្តល់​ដោយ​អង្គការ​អន្តរជាតិ​ធំៗ​ចំនួន ១០ នៅ​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។

សារព័ត៌មាន​ថ្មីៗ​បាន​ដកស្រង់​សម្ដី​លោក នី សុខា តាម​ទូរស័ព្ទ​ចុះផ្សាយ​ថា លោក ធន សារាយ ដែល​បច្ចុប្បន្ន​ស្នាក់នៅ​ប្រទេស​កាណាដា ឈាន​ដល់​វ័យ​ចូល​និវត្តន៍ ហើយ​ចង់​ប្រើប្រាស់​ពេល​ផ្ទាល់ខ្លួន​ក្នុង​ជីវិត។

សមាគម​អាដហុក គឺជា​សមាគម​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដំបូង​គេ​បង្អស់​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​១៩៩១ ដោយ​អតីត​អ្នកទោស​នយោបាយ​មួយ​ក្រុម ក្រោម​ការ​ដឹកនាំ​របស់​លោក ធន សារាយ ដែល​ជា​អតីត​អ្នក​ធ្លាប់​ជាប់​ពន្ធនាគារ​នៅ​ចុង​ទសវត្ស​ឆ្នាំ​១៩៨០ ដើម្បី​ធ្វើការ​តស៊ូ​មតិ​លើក​កម្ពស់​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។

ការិយាល័យ​ដំបូង​បង្អស់​របស់​សមាគម​នេះ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​វត្ត​អារាម​មួយ​កន្លែង ដែល​ស្ថិតនៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ស្ម័គ្រចិត្ត​មួយ​ក្រុម​តូច ដែល​ជឿជាក់​លើ​សារសំខាន់​នៃ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។

សមាគម​អាដហុក ត្រូវ​បាន​ទទួលស្គាល់ និង​យល់ព្រម​ឱ្យ​បង្កើត​ឡើង​ជា​ផ្លូវការ​ដោយ​សម្តេច​ព្រះ នរោត្តម សីហនុ កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​១៩៩២។ អង្គការ​នេះ​ក៏​ទទួលស្គាល់​ពី​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​១៩៩២ ដែល​នៅ​ពេល​នោះ លោក​មាន​តួនាទី​ជា​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី​នៃ​រដ្ឋ​កម្ពុជា ព្រមទាំង​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​ក្រសួង​មហាផ្ទៃ តាមរយៈ​ប្រកាស​លេខ ២៧៨ ចុះ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០០០៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស