28 C
Phnom Penh

ភាគ​៣៖ សេដ្ឋី​ស្រុក​ខ្មែរ​ប្រមូល​ទ្រព្យ​ទៅ​លាក់​ទុក​នៅ​បរទេស និង​តាម​កោះ​ឯ​នាយ​សមុទ្រ​ដោយ​បើក​ក្រុមហ៊ុន​បំភ័ន្ត​ភ្នែក

បទវិភាគ

តើ​មាន​សេដ្ឋី​ស្រុក​ខ្មែរ​ណា​ខ្លះ​ប្រមូល​ទ្រព្យ​ពី​ស្រុក​ខ្មែរ​ទៅ​លាក់​ទុក​នៅ​បរទេស តាម​កោះ​ឯ​នាយ​សមុទ្រ ដោយ​បើក​ក្រុមហ៊ុន​បំភ័ន្ត​ភ្នែក?

នេះ​ជា​ភាគ​ទី​៣ នៃ​សេចក្តី​រាយការណ៍​ស្រង់​ពី​សំណុំ​ឯកសារ​ប៉ាណាម៉ា ឯកសារ​ឋានសួគ៌ និង​ឯកសារ​ការ​ទម្លាយ​ក្រៅ​ដែនដី។ តើ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ធ្វើ​យ៉ាងណា​ដែរ​ចំពោះ​រឿង​នេះ?

ព្រះសម្មាសម្ពុទ្ធ បរមគ្រូ ប្រដៅ​រំឭក​មនុស្ស​លោក​តាំងពី​ជាង ២៥០០​ឆ្នាំ​មុន​ថា «វត្ថុ​បី​យ៉ាង​លើ​លោក​នេះ គេ​មិន​អាច​លាក់បាំង​យូរ​បាន​នោះ គឺ​ព្រះអាទិត្យ ព្រះចន្ទ និង​សច្ចៈ គឺ​ធាតុ​ពិត សេចក្តី​ពិត រឿង​ពិត ឬ​ការណ៍​ពិត»។ សេដ្ឋី និង​សេដ្ឋិនី​ពី​ប្រទេស​កម្ពុជា​ក្តី ពី​ប្រទេស​ដទៃ​ក្តី ដែល​បញ្ចេញ​ទ្រព្យធន​ទៅ​ដាក់​តាម​ប្រទេស និង​កោះ​តូចៗ​នៅ​ក្នុង​សមុទ្រ​ការីប៊ីយែន (Caribbean Sea) អាមេរិក​កណ្តាល មិនមែន​តម្កល់​លុយ​ដាក់​ទុន​ប្រកប​អាជីវកម្ម​អ្វី​មួយ​នោះ​ទេ។

តាម​សេចក្តី​រាយការណ៍​ពី​ក្រុម​អ្នកកាសែត​ស៊ើប​អង្កេត​អន្តរជាតិ ហៅ​ថា ICIJ ដែល​ពិនិត្យ​សំណុំ​ឯកសារ​បី គឺ៖

  • ឯកសារ​ប៉ាណាម៉ា (Panama Papers) ចំនួន ១១​លាន ៥​សែន
  • ឯកសារ​ឋានសួគ៌ (Paradise Papers) ចំនួន ១៣​លាន ៤​សែន និង
  • ឯកសារ​ការ​ទម្លាយ​ក្រៅ​ដែនដី (Offshore Leaks) អំពី​ក្រុមហ៊ុន​បរទេស​ចំនួន​ជិត ៨​សែន​ក្រុមហ៊ុន (៧៨៥,០០០)

ប្រទេស និង​កោះ​ទាំងអស់​នោះ​ជា​ឋានសួគ៌​លាក់​ទ្រព្យ លាក់​លុយ ដើម្បី​គេច​បង់ពន្ធ​លើ​សម្បត្តិ ទ្រព្យ​សម្រាប់​អ្នកមាន​តែប៉ុណ្ណោះ។

ពី​ស្រុក​ខ្មែរ ប្រទេស​កម្ពុជា គេ​រក​ឃើញ​មាន​ឈ្មោះ​ពាណិជ្ជករ​ជា​បន្ត​ទៅទៀត​ក្រៅពី​ឈ្មោះ​ដែល​យើង​បាន​ផ្សាយ​ពីរ​ភាគ​កន្លងទៅ​ពីរ​សប្តាហ៍​មុន។ ការ​ប្រឹង​លាក់បាំង​យ៉ាង​ស្ងាត់ស្ងៀម​រាប់​ឆ្នាំ ទី​បញ្ចប់​លាក់​លែង​បាន​តទៅទៀត ហាក់បីដូចជា​នៅ​កណ្តាល​វាល។

តូវ រស្មី (Tov Reaksmey) ម្ចាស់​ក្រុមហ៊ុន​ចំប៉ី វិនិយោគទុន (Champei Investment Ltd.) មាន​ដៃគូ​ហ៊ុន​ជាមួយ​ជនជាតិ​សិង្ហបុរី៖

  • ឈ្មោះ លិម ប៊ីហ៊ិន ស៊ូហ្សាណា ហៅ ជេត លិន (Lim Bee Hin Susanna or Jade Lin)
  • ឈ្មោះ យ៉ាប់ ប៊ូនលឿង ហៅ យ៉េ វ៉ិនលាង (Yap Boon Leong or Ye Wenliang)
  • ឈ្មោះ ហ្សាក់កឹស ប៊ូន សួន ហ្ស៊ិន (Zacchaeus Boon Suan Zin)

ក្រុមហ៊ុន​ចំប៉ី វិនិយោគទុន ចុះបញ្ជី​នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០០៧ ដោយ​ជួល​ក្រុមហ៊ុន​រត់ការ​នៅ​កោះ British Virgin Islands ឈ្មោះ Portcullis TrustNet Chambers ប្រអប់​សំបុត្រ​៣៤៤៤, Road Town, Tortola, BVI។ រីឯ​អាសយដ្ឋាន​នៅ​ស្រុក​ខ្មែរ ក្រុមហ៊ុន​ចំប៉ី វិនិយោគទុន ស្ថិតនៅ​ផ្ទះ​លេខ​៤៣EO-E1 ផ្លូវ​១១៨ សង្កាត់​ផ្សារថ្មី១ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ រាជាណាចក្រ​កម្ពុជា។

តូវ រស្មី មាន​ក្រុមហ៊ុន​នៅ​ស្រុក​ខ្មែរ​មួយ​ទៀត​ឈ្មោះ Asian Hub Corporation ជាមួយ​ដៃគូ​ហ៊ុន​ជនជាតិ​ជប៉ុន ឈ្មោះ គីយ៉ូស្ហី វ៉ាហ្គា (Kyoshi Waga) ចុះបញ្ជី​ក្នុង​ក្រសួង​ពាណិជ្ជកម្ម នៅ​ខែ​ធ្នូ ឆ្នាំ​២០១៥ ដែល​មាន​អាសយដ្ឋាន បេអា៧ ភូមិ​ក្បាលដំរី សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ រាជាណាចក្រ​កម្ពុជា។

ប៉ាក់ សម្បត្តិ (Pak Sambath) បើក​ក្រុមហ៊ុន​ឈ្មោះ New Image Trading Ltd. ចុះបញ្ជី​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០០៧ មាន​ឋានៈ​ជា​នាយក និង​ជា​អ្នក​មាន​ភាគហ៊ុន​ជាមួយ​នឹង​ឈ្មោះ ប៉ាង ប៊ុននរិន្ទ ប្រើ​ភ្នាក់ងារ​តំណាង​ឈ្មោះ Portcullis TrustNet Chambers ប្រអប់​សំបុត្រ​៣៤៤៤, Road Town, Tortola, BVI។ ក្រុមហ៊ុន​នេះ​ជួល​អ្នក​រត់ការ​ពី​ក្រុង​ហុងកុង ឈ្មោះ Kaizen Certified Public Accountants, Ltd.។

ក្រុមហ៊ុន​នេះ​មាន​អាសយដ្ឋាន​នៅ​ស្រុក​ខ្មែរ ស្ថិតនៅ​ផ្ទះ​លេខ​៣១ ផ្លូវ​៥៩៦ សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ រាជាណាចក្រ​កម្ពុជា។

ប៉ាក់ សម្បត្តិ និង ប៉ាង ប៊ុននរិន្ទ មាន​ក្រុមហ៊ុន​នៅ​ស្រុក​ខ្មែរ​ឈ្មោះ Golden Future Co., Ltd. អាសយដ្ឋាន​ផ្ទះ​លេខ​២៤B ផ្លូវ​លេខ​៥៥០ ភូមិ​៦ សង្កាត់​បឹងកក់១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ រាជាណាចក្រ​កម្ពុជា។

ប៉ាង ប៊ុននរិន្ទ (Pang Bunnorin) មាន​ក្រុមហ៊ុន​មួយ​ទៀត​ហ៊ុន​នឹង​ឈ្មោះ ជិន សុវណ្ណ ហើយ​និង ជិន សុវណ្ណារី ឈ្មោះ​ក្រុមហ៊ុន Rocky Holdings Ltd. ចុះបញ្ជី​ក្នុង​ក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០០៧ មាន​អាសយដ្ឋាន​ផ្ទះ​លេខ​F-8-9 ផ្លូវ​១១០ ភូមិ​ក្បាលដំរី សង្កាត់​កាកាប ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ លេខ​កូដ​ប្រៃសណីយ៍ ១២៤០៦ រាជាណាចក្រ​កម្ពុជា។

សុខ ពិសាល (Sok Pisal) បើក​ក្រុមហ៊ុន​នៅ​កោះ British Virgin Islands ហ៊ុន​ជាមួយ​ឈ្មោះ យូ សុខ ហ៊ុង (You Sok Houng) និង​ឈ្មោះ បែន គាស្រី ថាណាកន (Ben Kiasrithanakorn) ជនជាតិ​ថៃ ដាក់​ឈ្មោះ​ថា​ក្រុមហ៊ុន N.C.X Power Produce Co., Ltd. ដោយ​ជួល​ភ្នាក់ងារ​តំណាង​រត់ការ​ឈ្មោះ Portcullis TrustNet Chambers ប្រអប់​សំបុត្រ​៣៤៤៤, Road Town, Tortola, BVI, ចុះបញ្ជី​នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០០៩។

ក្រុមហ៊ុន​នេះ​មាន​អាសយដ្ឋាន​នៅ​ស្រុក​ខ្មែរ ស្ថិតនៅ​ផ្ទះ​លេខ​៨៨Eo ផ្លូវ​លេខ​១៣៦ សង្កាត់​ផ្សារថ្មី១ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ រាជាណាចក្រ​កម្ពុជា។

ស្រ៊ាង ទីតូ (Sreang Tito) សហ​នាយក​ក្រុមហ៊ុន​នៅ​ស្រុក​ខ្មែរ​ឈ្មោះ អាណាណា កុំព្យូទ័រ ជា​មួយ​ឈ្មោះ សុខ ចណ្តា បើក​ក្រុមហ៊ុន​សម្បក ឬ​ស្នូក​នៅ​កោះ British Virgin Islands ឈ្មោះ Leading Faith Incorporated ចុះបញ្ជី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០០៦ ចូល​ហ៊ុន​ជាមួយ​ជនជាតិ​សិង្ហបុរី ឈ្មោះ Satish Lal Acharya ដោយ​ជួល​ភ្នាក់ងារ​តំណាង​ឈ្មោះ Portcullis TrustNet Chambers ប្រអប់​សំបុត្រ​៣៤៤៤, Road Town, Tortola, BVI, និង​ជួល​ក្រុម​មេអណ្ដើក​រត់ការ​ពី​ប្រទេស​សិង្ហបុរី ឈ្មោះ Corporate Offshore Consultants, Pte., Ltd.។

ក្រុមហ៊ុន អាណាណា កុំព្យូទ័រ ស្ថិតនៅ​ផ្ទះ​លេខ​៩៥ មហាវិថី​ព្រះនរោត្តម សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ រីឯ​អាសយដ្ឋាន​សម្រាប់​ក្រុមហ៊ុន​សម្បក ឬ​ស្នូក ឈ្មោះ Leading Faith Incorporated នៅ​កោះ British Virgin Islands ស្ថិតនៅ​ផ្ទះ​លេខ​១២ សង្កាត់​ទឹកថ្លា ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

ស្រ៊ាង ទីតូ មាន​ក្រុមហ៊ុន​ពីរ​ទៀត​នៅ​ស្រុក​ខ្មែរ គឺ ANNACAM Land Co., Ltd. និង Angkor Data Communications Group Co., Ltd.។

ថៃ ទីណូ (Thai Tino) ប្រធាន​ក្រុមហ៊ុន​ឧស្សាហកម្ម​កសិការ បាត់ដំបង (Battambang Agro Industry Co., Ltd.) មាន​ហ៊ុន​ជាមួយ​ឈ្មោះ Thai Philippe និង Thai Stephane មាន​អាសយដ្ឋាន​ចុះបញ្ជី​ក្រសួង​ពាណិជ្ជកម្ម ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១២ លេខ​១៤៣ ផ្លូវ​២១៧ ភូមិ​១ សង្កាត់​បឹងសាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ លេខ​កូដ​ប្រៃសណីយ៍​១២១៦០ បើក​ក្រុមហ៊ុន​សម្បក ឬ​ស្នូក​ចំនួន​បី​នៅ​កោះ British Virgin Islands។ ក្រុមហ៊ុន Wealth Path Group Inc., និង​ក្រុមហ៊ុន Tech Label Corp. បើក​នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០០១ ឯ​ក្រុមហ៊ុន Team Players Investment Ltd. បើក​នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០០២ ដោយ​ជួល​ក្រុមហ៊ុន​មេអណ្ដើក​រត់ការ​ពី​ក្រុង​ហុងកុង ឈ្មោះ WKL Services Ltd. ដោយ​ជួល​ភ្នាក់ងារ​តំណាង​ឈ្មោះ Portcullis TrustNet Chambers ប្រអប់​សំបុត្រ​៣៤៤៤, Road Town, Tortola, BVI។ អាសយដ្ឋាន​ស្រុក​ខ្មែរ​ស្ថិតនៅ​ផ្ទះ​លេខ​៥ ផ្លូវ​សាលា​អន្តរជាតិ រាជធានី​ភ្នំពេញ។

ជង់ ម៉ីស៊ីង (Chong Mei Sing) បើក​ក្រុមហ៊ុន​ឈ្មោះ De’Cove Investment Ltd. ដែល​មាន​ភាគី​ហ៊ុន​ឈ្មោះ ជង់ ជីមីង និង ដាញ់ ធីត្រាង ជនជាតិ​យៀកណាម ចុះបញ្ជី​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០០៥ ដោយ​ជួល​ក្រុម​មេអណ្ដើក​រត់ការ​សិង្ហបុរី ឈ្មោះ Rikvin Consultancy Pte, Ltd. ហើយ​ជួល​ភ្នាក់ងារ​តំណាង​ឈ្មោះ Portcullis TrustNet Chambers ប្រអប់​សំបុត្រ​៣៤៤៤, Road Town, Tortola, BVI។ អាសយដ្ឋាន​ស្រុក​ខ្មែរ​ស្ថិតនៅ​ផ្ទះ​លេខ​៧៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​បឹងត្របែក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

ឌីមីទ្រី ស្តេប៉ាណូវ (Dmitri Stepanov) ប្រើ​អាសយដ្ឋាន​នៅ​ស្រុកខ្មែរ​ផ្ទះ​លេខ​១១៨ ផ្លូវ​២០១៣ រាជធានី​ភ្នំពេញ បើក​ក្រុមហ៊ុន​សម្បក ឬ​ស្នូក ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៥ ឈ្មោះ PMTAir Corp. ប៉ុន្តែ​គេ​មិនទាន់​ដឹង​ថា​ចុះបញ្ជី​នៅ​ប្រទេស​ណា​ពិតប្រាកដ។ ឌីមីទ្រី ស្តេប៉ាណូវ ជួល​ក្រុម​មេអណ្ដើក​រត់ការ​ពី​ប្រទេស​អង់គ្លេស​ឈ្មោះ Unitrust Corporate Services Ltd. ដែល​មាន​អាសយដ្ឋាន Humphries House បន្ទប់​៣០៤ ៤−១០ Stockwell Street, Greenwich London SE10 9JN United Kingdom។

សប្តាហ៍​ក្រោយ សូម​ជូន​ភាគ​បន្ត៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស