27 C
Phnom Penh

ភរិយា​បណ្ឌិត កែម ឡី ចេញ​មុខ​សុំទោស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ

បទវិភាគ

ភរិយា​បណ្ឌិត កែម ឡី បាន​ចេញ​មុខ​សុំ​អភ័យទោស​ចំពោះ​ពលរដ្ឋ​ខ្មែរ និង​សាធារណជន​ទាំងអស់​ចំពោះ​ការ​និយាយ​របស់​អ្នកស្រី​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន The Cambodia Daily ដែល​អ្នកស្រី​មិន​បាន​បញ្ជាក់​ឲ្យ​អស់​សេចក្តី និង​ខ្លឹមសារ​នៃ​ការ​លើកឡើង​ទាំងនោះ ក្រោយ​ពី​មាន​ការ​រិះគន់​ពី​អ្នក​នយោបាយ​មួយ​ចំនួន។

កាលពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២១ ភរិយា​បណ្ឌិត កែម ឡី គឺ​អ្នកស្រី ប៊ូ រចនា បាន​សរសេរ​លើ​គណនី Facebook របស់​អ្នកស្រី​ថា អ្នកស្រី​សូម​អភ័យទោស​ចំពោះ​លោក​យាយ លោកតា អ៊ំ ពូ​មីង និង​បងប្អូន​ទាំងអស់​ចំពោះ​ការ​និយាយ​ក្នុង​បទសម្ភាសន៍​កន្លងមក ដែល​អ្នកស្រី​មិន​បាន​បញ្ជាក់​ឲ្យ​អស់​សេចក្តី និង​ខ្លឹមសារ​នូវ​វត្ថុបំណង​នៃ​ការ​លើកឡើង​នោះ។

អ្នកស្រី​ក៏​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បងប្អូន​ជន​រួមជាតិ​ទាំងអស់​ដែល​បាន​ជួយ​ធ្វើ​ការណែនាំ​នូវ​ការ​លើកឡើង​របស់​អ្នកស្រី ដែល​បាន​ផ្តល់​បទសម្ភាសន៍​កន្លងមក ហើយ​អ្នកស្រី​ក៏​សូម​ទទួល​យក​នូវ​ការរិះគន់​ដើម្បី​ស្ថាបនា​របស់​បងប្អូន​ជន​រួមជាតិ​ទាំងអស់​គ្នា ដោយ​ក្តី​សោមនស្ស​រីករាយ​ផង​ដែរ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ថា លោក​សូម​កោតសរសើរ​នូវ​មនសិការ​របស់​អ្នកស្រី ប៊ូ រចនា ដែល​បាន​លើកឡើង គឺ​ពិតជា​មាន​ន័យ​ខ្លឹមសារ​ត្រឹមត្រូវ និង​គ្រប់គ្រាន់​ដែល​នេះ​បង្ហាញ​ថា អ្នកស្រី​ពិតជា​ស័ក្តិសម​ជា​ភរិយា​របស់​វីរបុរស កែម ឡី ប្រាកដ​មែន។

លោក​បន្ត​ថា ការ​ចេញ​មុខ​សុំទោស​ជា​សាធារណៈ​របស់​អ្នកស្រី ប៊ូ រចនា គឺជា​គំរូ​មួយ​សម្រាប់​អ្នក​នយោបាយ​ផង​ដែរ ជាពិសេស​អ្នក​នយោបាយ​ពី​ខាង​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី តែ​ម្តង គួរតែ​ចេះ​សុំទោស​ពលរដ្ឋ​នៅ​ពេល​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ខុស​ដោយ​ចេតនា​ក្តី និង​អចេតនា​ក្តី ដើម្បី​ជា​គំរូ​ល្អ​ក្នុង​នាម​ខ្លួនឯង​ជា​អ្នក​តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​តស៊ូ​រក​យុត្តិធម៌​សង្គម។

លោក ម៉ែន ណាត សម្ដែង​ការ​សោកស្តាយ​ដែល​ពលរដ្ឋ​ខ្មែរ​មាន​មេដឹកនាំ​ប្រឆាំង​ដូច​ប្រទេស​ដទៃ​ទៀត​ដែរ ប៉ុន្តែ​មិន​ចេះ​ដោះស្រាយ​សូម្បី​បញ្ហា​បន្តិចបន្តួច មិន​ចេះ​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ មិន​មាន​ការ​អធ្យាស្រ័យ រឿង​តូច​ផ្តួច​ឲ្យ​ទៅ​ជា​រឿង​ធំ មិន​មាន​គុណធម៌​ជា​អ្នកដឹកនាំ ដែល​ខ្លួនឯង​កើត​ពី​ពលរដ្ឋ តែ​មិន​ចេះ​រក​យុត្តិធម៌​ឲ្យ​ពលរដ្ឋ ប៉ុន្តែ​បែរជា​នាំគ្នា​ឈ្លោះ​ប្រមាថ​មាក់ងាយ​ប្រជាពលរដ្ឋ​ទៅវិញ។ លើស​ពី​នេះ ក៏​មាន​លក្ខណៈ​ទុច្ចរិត​ក្នុង​កិច្ចការ​នយោបាយ​របស់​ខ្លួន​ថែមទៀត។

លោក​បញ្ជាក់​ថា មន្ត្រី​បក្ស​ប្រឆាំង​ដែល​មាន​លក្ខណៈ​ទុច្ចរិត និង​គ្មាន​គុណធម៌​គួរ​ឲ្យ​គោរព​បែប​នេះ តើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ផ្ញើ​ក្តី​សង្ឃឹម​ផ្លាស់ប្ដូរ​សង្គម​ជិះជាន់​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ​ទៅ​រក​សង្គម​ស្អាតស្អំ​ម្តេច​នឹង​កើត​ទៅ បើ​សូម្បីតែ​ស្ត្រី​មេម៉ាយ​តែលតោល​ម្នាក់​ដែល​កំពុង​រស់នៅ​ស្រុក​គេ ក៏​នៅតែ​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ​ចាប់​ទោស​អូស​ដំណើរ​ប្រមាថ​មាក់ងាយ​ទៅ​ហើយ​នោះ។

កាលពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២១ អ្នកស្រី ប៊ូ រចនា បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily ថា ក្រៅតែ​ពី​ជំនួយ​របស់​រដ្ឋាភិបាល​អូស្ត្រាលី គ្មាន​ជំនួយ​ណា​ផ្សេង​ទៀត​ទេ​ដែល​បាន​ផ្តល់​មក​ឲ្យ​អ្នកស្រី​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​ជាមួយ​កូនៗ​ទាំង ៥​នាក់​នោះ សូម្បី​ការឧបត្ថម្ភ​ពី​ខាង​បក្ស​នយោបាយ​ផ្សេងៗ ឬ​បក្ស​ប្រឆាំង ក៏​អ្នកស្រី​មិន​ដែល​បាន​ទទួល​ផង​ដែរ​តាំងពី​អ្នកស្រី​មក​ដល់​ប្រទេស​អូស្ត្រាលី​នេះ។

បន្ទាប់ពី​ការ​ផ្តល់​បទសម្ភាសន៍​របស់​អ្នកស្រី ប៊ូ រចនា សកម្មជន​បក្ស​ប្រឆាំង និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ​បាន​នាំគ្នា​ប្រមាថ​មើលងាយ​កិត្តិយស​ភរិយា​បណ្ឌិត កែម ឡី ព្រោងព្រាត ដែល​មាន​ទាំង​អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី ជាដើម។

អ្នកស្រី​ក៏​ដឹង​ដែរ​ថា តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក ជា ប៉ូច ក៏​បាន​សរសេរ​លើ​គណនី Facebook របស់​លោក​ដោយ​ភ្ជាប់​រូបថត​អ្នកស្រី ប៊ូ រចនា កាលពី​ថ្ងៃ​ទី​១៣ កក្កដា ផង​ដែរ​ថា មនុស្ស​នៅ​លើ​លោក​នេះ​អ្នក​ដែល​ភ្លេច​កំណើត​ខ្លួនឯង​ដែល​ចេញពី​អាចម៍គោ អនាគត​នឹង​វិល​ទៅជា​អាចម៍គោ​វិញ​មិនខាន។

ជុំវិញ​ការ​ជេរប្រមាថ​នេះ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២១ ដោយ​លោក​សូម​អង្វរ សូម​ឲ្យ​ទុក​ស្ត្រី​ម្នាក់​ឈ្មោះ ប៊ូ រចនា ឲ្យ​ចិញ្ចឹម​កូនៗ​របស់​បណ្ឌិត កែម ឡី ដោយ​រលូន​ផង​ចុះ ព្រោះ​គាត់​គ្រាន់តែ​ជា​ស្ត្រី​រងគ្រោះ​ម្នាក់ ហើយ​កំពុង​តស៊ូ​ក្នុង​ជីវិត​ដើម្បី​អនាគត​កូនប្រុស​ទាំង​៥ របស់​គាត់​តែ​ប៉ុណ្ណោះ។

លោក​លើកឡើង​ទៀត​ថា សូម​អ្នក​ទាំងអស់​គ្នា​កុំ​ទាញ​គាត់​ចូល​ក្នុង​ល្បែង​នយោបាយ​របស់​ខ្លួន​អី បើ​ចង់​លាប​ពណ៌ ជេរប្រមាថ ឬ​ចង់​ទាញ​នរណា​ម្នាក់​ចូល​ក្នុង​ល្បែង​នយោបាយ​របស់​ខ្លួន អាច​ពិចារណា​យក​រូបលោក ឬ​អ្នក​ផ្សេង​ទៀត​ជំនួស​ចុះ តែ​សូម​លើកលែង​ឲ្យ​ស្ត្រី​មេម៉ាយ​ម្នាក់​ដែល​កំពុង​រង​ភាព​អយុត្តិធម៌​ដោយ​ការ​បាត់បង់​ស្វាមី​នោះ​ទៅ​ចុះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស