32 C
Phnom Penh

ក្រសួង​ធនធាន​ទឹក​ណែនាំ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​នូវ​ឥទ្ធិពល​កូន​ព្យុះ​ដែល​នឹង​ជះ​ឥទ្ធិពល​ដល់​កម្ពុជា

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម អះអាង​ថា កម្ពុជា​នឹង​ទទួលរង​នូវ​ឥទ្ធិពល​កូន​ព្យុះ​ទី​៧ ឈ្មោះ «សេមប៉ាកា» ដែល​នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន ដែល​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ និង​មាន​ខ្យល់​កន្ត្រាក់​ខ្លាំង​ថែមទៀត​ផង។

រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក លឹម គានហោ បាន​ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២១ ស្ដីពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ថា​ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២១ កម្ពុជា​នឹង​ទទួលរង​នូវ​សម្ពាធ​ទាប​ដែល​បណ្តាល​មកពី​កូន​ព្យុះ​ទី​៧ ឈ្មោះ «សេមប៉ាកា» រួម​ជាមួយ​នឹង​ខ្យល់​មូសុង​និរតី​ខ្លាំង ដែល​បណ្តាល​ឲ្យ​ខេត្ត​មួយ​ចំនួន​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​នឹង​ខ្យល់​កន្ត្រាក់​ខ្លាំង​ផង​ដែរ។

លោក​អះអាង​ថា នៅ​តាម​បណ្តា​ខេត្ត​វាលទំនាប ដូចជា​ខេត្ត​ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប ជាដើម រួម​ជាមួយ​ខេត្ត​ដែល​ស្ថិត​នៅ​តាម​ដង​ទន្លេមេគង្គ ជួរ​ភ្នំដងរែក និង​ជួរ​ភ្នំក្រវាញ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​លាយ​ជាមួយ​ខ្យល់​កន្ត្រាក់​កម្រិត​ខ្លាំង​ដូចគ្នា។

លោក លឹម គានហោ បញ្ជាក់​ថា ចំណែក​នៅ​តាម​បណ្តា​ខេត្ត​តំបន់​មាត់សមុទ្រ​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ដែល​អាច​បង្ក​ទៅជា​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង ខណៈ​លើ​ផ្ទៃ​សមុទ្រ​អាច​នឹង​មាន​ភ្លៀង ខ្យល់​បោកបក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​ទៀត​ផង។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​រំឭក​ដល់​ពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តា​ខេត្ត​វាលទំនាប ខេត្ត​នៅ​តាម​តំបន់​មាត់សមុទ្រ និង​ខេត្ត​តាម​ដង​ទន្លេមេគង្គ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ​នេះ ជាពិសេស​ប្រជា​នេសាទ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​នឹង​កើត​មាន​ឡើង​ជា​យថាហេតុ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស