30 C
Phnom Penh

សម្ព័ន្ធ​សហគមន៍​កសិករ​ថា​បញ្ហា​ចម្បង​របស់​ពលរដ្ឋ​អំឡុង​វិបត្តិ​ជំងឺ​កូវីដ-១៩ គឺ​ការ​បាត់បង់​នូវ​ប្រាក់ចំណូល

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​ខាង​វិស័យ​កសិកម្ម អះអាង​ថា បញ្ហា​ចម្បង​ដែល​ពលរដ្ឋ​កំពុង​ប្រឈម​ក្នុង​អំឡុង​ពេល​នៃ​ការ​រីក​រាលដាល​វិបត្តិ​ជំងឺ Covid-19 នេះ គឺ​ការ​បាត់បង់​នូវ​ប្រាក់ចំណូល ជាពិសេស​គឺ​មិន​មាន​លទ្ធភាព​សង​បំណុល​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​តែម្តង។

ការ​អះអាង​នេះ ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​កំពុងតែ​រង​នូវ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ Covid-19 ក្នុង​រយៈពេល​ជិត ២​ឆ្នាំ​កន្លងមក​នេះ ដែល​បណ្តាល​ឲ្យ​ពួកគាត់​បាត់បង់​នូវ​ប្រាក់ចំណូល​ក្នុង​គ្រួសារ​ស្ទើរតែ​ទាំងស្រុង។

លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១ ថា ដើម្បី​ជួយ​ស្រោចស្រង់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​ធ្លាក់​ដុនដាប​នៅ​ពេលនេះ រដ្ឋាភិបាល​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវតែ​ផ្តល់​ជំនួយ​សង្គម​ដល់​ពលរដ្ឋ​រងគ្រោះ​ទាំងនោះ​ជាបន្ទាន់ ដើម្បី​ជួយ​សម្រាល​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​របស់​ពួកគេ។

លោក​អះអាង​ថា ប្រសិនបើ​រដ្ឋាភិបាល​អាច​ដាក់​ចេញ​នូវ​ផែនការ​កញ្ចប់​ថវិកា​ដើម្បី​ជួយ​បង្កើត​មុខរបរ​ដល់​ពលរដ្ឋ​រងគ្រោះ និង​ជួយ​ផ្តល់​ការ​បណ្តុះបណ្តាល​បច្ចេកទេស​មួយ​ចំនួន​ទៀត​ទាក់ទង​នឹង​ការ​ចិញ្ចឹម​សត្វ​ជាដើម ដែល​ជា​មធ្យោបាយ​អាច​ជួយ​ស្ដារ​ជីវភាព​របស់​ពលរដ្ឋ​ឲ្យ​ងើប​ឡើង​វិញ នោះ​ជីវភាព​ពលរដ្ឋ​រងគ្រោះ​ទាំងនោះ​នឹង​មាន​ភាព​ល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​នេះ។

សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បាន​ផ្សព្វផ្សាយ​វីដេអូ​ឯកសារ​នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១ ស្ដីពី​ជីវភាព​របស់​ពលរដ្ឋ​ដែល​រង​នូវ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ​ក្នុង​អំឡុង​ពេល​នៃ​វិបត្តិ Covid-19 ដែល​បាន​កើត​មាន​ទៅលើ​កម្មករ អាជីវករ កសិករ​នៅ​តាម​សហគមន៍​ជនបទ​យ៉ាង​ធ្ងន់ធ្ងរ​នា​ពេល​កន្លងមក។

ប្រភព​ដដែល​អះអាង​ថា ការ​ចេញ​ផ្សាយ​វីដេអូ​នេះ គឺ​មាន​គោលបំណង​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ដើម្បី​បង្ហាញ​ពី​ទុក្ខ​កង្វល់ និង​ស្វែងរក​ដំណោះស្រាយ​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ដែល​កំពុង​រង​ផល​ប៉ះពាល់​ចំពោះ​សេដ្ឋកិច្ច​គ្រួសារ​ពី​វិបត្តិ​សកល​នេះ។

ចំណែក​អគ្គហេរញ្ញិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១ ថា ពលរដ្ឋ​ដែល​រស់នៅ​សង្កាត់​ទួលសង្កែ១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ប្រមាណ​ជា ៣០​គ្រួសារ ដែល​តំណាង​ឱ្យ​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ទៀត​បាន​នាំគ្នា​ទៅ​សួរនាំ​ប្រធាន​ភូមិ​ទួលសង្កែ អំពី​ប្រាក់​ឧបត្ថម្ភ ១​គ្រួសារ ៣០​ម៉ឺន​រៀល​ដែល​រដ្ឋាភិបាល​សន្យា​ផ្តល់​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ក្នុង​តំបន់​បិទ​ខ្ទប់ ឬ​តំបន់​ក្រហម​នា​ពេល​កន្លងមក។

លោក​ត្អូញត្អែរ​ថា តើ​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ​បម្រើ​បក្ស ឬ​បម្រើ​ប្រជាជន​ទូទៅ? តើ​ពលរដ្ឋ​ប្រភេទ​ណា និង​មាន​ស្ថានភាព​ដូចម្តេច ទើប​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នេះ? លោក​បន្ត​ថា ពេល​បិទ​ខ្ទប់ គឺ​បិទ​ទាំងអស់​គ្នា សូម្បី​ស្រមោច​មួយ​ក្បាល​មិន​ឱ្យ​វារ​ចេញ​ផង ចុះ​ប្រាក់​ឧបត្ថម្ភ​ហេតុ​អ្វី​មាន​ការរើសអើង​បក្ខពួក​បែប​នេះ?

កាលពី​ដើម​ខែ​ឧសភា ឆ្នាំ​២០២១ អង្គការ​អភិវឌ្ឍន៍​ផ្នត់​គំនិត បាន​បញ្ចេញ​របាយការណ៍​ស្រាវជ្រាវ​របស់​ខ្លួន​ថា វិធានការ​ទប់ស្កាត់​ជំងឺ Covid-19 របស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ធានា​សុវត្ថិភាព​របស់​ពលរដ្ឋ​ទាំង​បញ្ហា​សុខភាព និង​សេដ្ឋកិច្ច ហាក់​មិនទាន់​អាច​អនុវត្ត​បាន​ល្អ​ប្រសើរ​នៅឡើយ​ទេ។

ប្រភព​ដដែល​អះអាង​ថា របាយការណ៍​ស្រាវជ្រាវ​ដដែល​នេះ​បាន​រក​ឃើញ​ថា ក្នុង​ចំណោម​មនុស្ស ១០០​គ្រួសារ​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ Covid-19 មាន​កម្រិត​ខ្ពស់​ជាទីបំផុត ជាពិសេស​គឺ​ការ​ប្រឈមមុខ​ទៅ​នឹង​បំណុល​ធនាគារ​តែម្តង។ ក្នុង​នោះ សម្រាប់​ក្រុង​ភ្នំពេញ បាន​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​រហូត​ដល់​ទៅ ៨៩% ឯណោះ។

បញ្ហា​នេះ បាន​បណ្តាល​ពលរដ្ឋ​រងគ្រោះ​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​លក់​ដីធ្លី និង​អចលនទ្រព្យ​ផ្សេងៗ​ដែល​ពួកគេ​ខំ​សន្សំ​ទុក​កន្លងមក ដើម្បី​សង​បំណុល​របស់​ខ្លួន​ដែល​បាន​ជំពាក់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ជា​ម្ចាស់​បំណុល។

ជុំវិញ​បញ្ហា​នេះ អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​អង្គការសុខភាព​ពិភពលោក WHO បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ឆ្លង​វីរុស Covid-19 បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព ជីវភាព​រស់នៅ និង​ប្រព័ន្ធ​ផ្គត់ផ្គង់​អាហារ​របស់​ប្រជាជន​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​ជីវភាព​របស់​ពលរដ្ឋ​ធ្លាក់ចុះ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​កម្រិត​ធ្ងន់ ហើយ​ប្រជាជន​ជាង ៦៩០​លាន​នាក់​ជុំវិញ​ពិភពលោក នឹង​ស្ថិតនៅ​ក្រោម​ការ​ខ្វះខាត​អាហារ​ផ្គត់ផ្គង់​នៅ​ចុង​ឆ្នាំ​២០២១ នេះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​អនុវត្ត​ក្នុង​ការ​ផ្តល់​ជំនួយ​សង្គម និង​សាច់ប្រាក់​ទៅដល់​ពលរដ្ឋ​ដែល​កំពុងតែ​ជួប​ការ​លំបាក​ឲ្យ​បាន​សមរម្យ​នោះ​ឡើយ ផ្ទុយទៅវិញ លោក ហ៊ុន សែន ឆ្លៀត​ឱកាស​ឃោសនា​រក​សន្លឹកឆ្នោត​ជា​ចំហ​ផង និង​លាក់លៀម​ផង ដោយ​ប្រើ​ការឧបត្ថម្ភ​ស្បៀង​បន្តិចបន្តួច​ដល់​ពលរដ្ឋ​រងគ្រោះ ស្រប​ពេល​ដែល​ពលរដ្ឋ​រងគ្រោះ​ទាំងនោះ​កំពុងតែ​ត្រូវការ​ស្បៀង​យ៉ាង​ខ្លាំង​ដើម្បី​ដោះស្រាយ​ជីវភាព​របស់​ពួកគេ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស