26 C
Phnom Penh

មន្ត្រី​សុខាភិបាល​កម្ពុជា​ថា​ប្រទេស​ផលិត​វ៉ាក់សាំង​ដែល​មិនព្រម​បញ្ចេញ​ជួយ​ប្រទេស​ក្រីក្រ គឺជា​ប្រទេស​អាត្មានិយម

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​របស់​ក្រសួង​សុខាភិបាល​កម្ពុជា រិះគន់​ថា ប្រទេស​មួយ​ចំនួន​ដែល​មាន​វ៉ាក់សាំង ហើយ​មិនព្រម​បញ្ចេញ​ជួយ​ដល់​ប្រទេស​ក្រីក្រ គឺជា​ប្រទេស​អាត្មានិយម បើ​ទោះបីជា​កម្ពុជា​ចង់​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ទាំងនោះ​ក៏ដោយ ក៏​នៅតែ​មិន​អាច​ទិញ​បាន​ដែរ។

អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១ ថា មិនមែន​រដ្ឋាភិបាល​កម្ពុជា​មិន​ចង់​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ដទៃ​ក្រៅពី​ប្រទេស​ចិន​នោះ​ទេ ប៉ុន្តែ​ដោយសារតែ​កម្ពុជា​រក​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ទាំងនោះ​មិន​បាន ខណៈ​ប្រទេស​ខ្លះ​បាន​ផលិត​វ៉ាក់សាំង​ទុក​ចាក់​ឲ្យ​តែ​ពលរដ្ឋ​ពួកគេ​ប៉ុណ្ណោះ មិន​បញ្ចេញ​ដើម្បី​ជួយ​ប្រទេស​ក្រីក្រ​នោះ​ទេ ដែល​នេះ​គឺជា​ភាព​អាត្មានិយម​សុទ្ធសាធ។

អ្នកស្រី​អះអាង​ថា ទោះ​គ្មាន​វ៉ាក់សាំង​ពី​ប្រទេស​ផ្សេងៗ​ក៏ដោយ ក៏​វ៉ាក់សាំង​របស់​ចិន​ទាំង​ពីរ​ប្រភេទ គឺ​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់ ដែល​កម្ពុជា​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​នេះ​មាន​ប្រសិទ្ធភាព​ដូច​វ៉ាក់សាំង​ប្រទេស​ដទៃ​ទៀត​ដែរ ព្រោះ​ថា​មុន​នឹង​អង្គការ​សុខភាព​ពិភពលោក (WHO) អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នូវ​វ៉ាក់សាំង​ទាំង​ពីរ​ប្រភេទ​នេះ ពួកគេ​បាន​សិក្សា​យ៉ាង​ហ្មត់ចត់​ទៅលើ​ប្រសិទ្ធភាព និង​សុវត្ថិភាព​វ៉ាក់សាំង​ទាំងនោះ​រួចរាល់​អស់​ហើយ។

អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​រូប​នេះ​បញ្ជាក់​ថា វ៉ាក់សាំង​ស៊ីណូហ្វាម ស៊ីណូវ៉ាក់ ហ្វាយស័រ (Pfizer) ចនសុន​ចនសុន (Johnson & Johnson) អាស្ត្រាហ្សេនីកា ឬ​ក៏​ម៉ូដឺណា (Moderna) គឺ​សុទ្ធសឹងតែ​ជា​វ៉ាក់សាំង​ដែល​មាន​ប្រសិទ្ធភាព មាន​សុវត្ថិភាព​ដែល​អាច​ប្រើប្រាស់​នៅ​លើ​មនុស្ស​បាន​ដូចគ្នា​ទាំងអស់ ដូច្នេះ​ការ​វាយតម្លៃ​ដោយ​អត្តនោម័តិ និង​គ្មាន​មូលដ្ឋាន​បច្ចេកទេស​វេជ្ជសាស្ត្រ ដែល​ថា​វ៉ាក់សាំង​របស់​ចិន​គ្មាន​គុណភាព ឬ​ប្រសិទ្ធភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid-19 គឺជា​រឿង​មិន​ពិត​នោះ​ទេ។

អ្នកស្រី ឱ វណ្ណឌីន បាន​លើកឡើង​យ៉ាង​នេះ​ក្នុង​ឱកាស​ដែល​ក្រសួង​សុខាភិបាល បាន​ប្រគល់​រង្វាន់​លើក​ទឹកចិត្ត​ដល់​អ្នក​ដែល​ទទួល​ការ​ចាក់​វ៉ាក់សាំង​ទី​៦​លាន កាលពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១ នេះ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia daily នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ថា ការ​លើកឡើង​របស់​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល គឺ​ប្រាសចាក​ពី​គោលការណ៍​វិជ្ជាជីវៈ​ទាំងស្រុង ដែល​ថា​ប្រទេស​ផលិត​វ៉ាក់សាំង​មួយ​ចំនួន​មាន​ភាព​អាត្មានិយម​មិន​បញ្ចេញ​វ៉ាក់សាំង​ជួយ​ដល់​ប្រទេស​ក្រីក្រ​ដូចជា​កម្ពុជា ជាដើម​នោះ។

លោក​អះអាង​ថា ប្រទេស​ដែល​មាន​លទ្ធភាព​ផលិត​វ៉ាក់សាំង​មិនមែន​ចង់​ជួយ​ប្រទេស​នេះ ឬ​ប្រទេស​នោះ​បាន​ស្រេច​នឹង​ចិត្ត​នោះ​ទេ ប៉ុន្តែ​ពួកគេ​ត្រូវ​គោរព​ទៅតាម​លក្ខខណ្ឌ​ដែល​ពួកគេ​បាន​ចុះ​កិច្ចព្រមព្រៀង​បណ្ដាក់ទុន​ដើម្បី​ផលិត​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 នេះ​ជាមួយ​ប្រទេស​ដៃគូ​របស់​ខ្លួន​ជាដាច់ខាត។ បន្ថែម​ពី​នេះ ក៏​ត្រូវ​ផ្គត់ផ្គង់​វ៉ាក់សាំង​ទាំងនោះ​ដល់​ប្រទេស​ដែល​បាន​ដាក់​ទុន​លើ​ការ​ផលិត​ថ្នាំបង្ការ​ទាំងនោះ​ផង​ដែរ។

លោក ម៉ែន ណាត បញ្ជាក់​ថា ចំពោះ​ការ​ចែកចាយ​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ទៅ​ដល់​ប្រទេស​ក្រីក្រ មាន​មជ្ឈមណ្ឌល​កូវ៉ាក់​ដើរ​តួនាទី​សម្របសម្រួល​ហើយ ដូច្នេះ​មិន​អាច​ចោទ​គេ​ថា​ជា​ប្រទេស​អាត្មានិយម ព្រោះ​តែ​មិន​បាន​បញ្ចេញ​វ៉ាក់សាំង​ជួយ​ប្រទេស​ក្រីក្រ​នោះ​ទេ ប៉ុន្តែ​ការ​ទិញ​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 របស់​រដ្ឋាភិបាល​កម្ពុជា​ពី​ប្រទេស​ចិន នៅ​ពេល​នេះ គឺ​ជា​ហេតុផល​នយោបាយ ជាជាង​ការ​គិតគូរ​ពី​សុខភាព និង​គុណភាព​ជីវិត​របស់​ប្រជាពលរដ្ឋ​ខ្លួនឯង នោះ​ទើប​ហៅ​ថា​មាន​ភាព​អាត្មានិយម​ពិតប្រាកដ។

ជុំវិញ​បញ្ហា​គុណភាព​វ៉ាក់សាំង​របស់​ចិន​នេះ ពលរដ្ឋ​ខ្មែរ​ដែល​បាន​ចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់ និង​ស៊ីណូហ្វាម​លើក​ទី​២ ហើយ​នៅតែ​ឆ្លង​ជំងឺ Covid-19 ដដែល ជាក់ស្តែង​កីឡាករ​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ដ៏​ល្បីល្បាញ​ប្រចាំ​នៅ​កម្ពុជា លោក អេ ភូថង បាន​ឆ្លង​វីរុស Covid-19 កាលពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០២១។

មន្ត្រី​យោធា​ក្នុង​អង្គភាព​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ដែល​ជា​សិក្ខាកាម​នៅ​សាកលវិទ្យាល័យ​ការពារ​ជាតិ ឈ្មោះ ដារ៉ា សកល ក៏​បាន​តេស្ដ​ឃើញ​វិជ្ជមាន​វីរុស​នេះ​កាល​ខែ​មីនា ឆ្នាំ​២០២១ និង​មន្ត្រី​បម្រើ​ការងារ​នៅ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​កែប លោក សៅ សារ៉ាក់ ក៏​បាន​រក​ឃើញ​ថា​វិជ្ជមាន​វីរុស​នេះ​កាលពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២១ ផង​ដែរ។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១ ក្រសួង​សុខាភិបាល បាន​អះអាង​ថា ខ្លួន​បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ជូន​ពលរដ្ឋ​បាន​ចំនួន​ជាង ៦​លាន ២​សែន​នាក់​ហើយ ដែល​ស្មើ​នឹង ៦២,០២% ក្នុង​ចំណោម​ពលរដ្ឋ​គោលដៅ ១០​លាន​នាក់ ដោយ​គិត​ចាប់តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១ នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​ណែនាំ​ដល់​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid-19 កាលពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២១ ឲ្យ​រៀប​ផែនការ​ចាក់​វ៉ាក់សាំង​លើ​កុមារ​ដែល​មាន​អាយុ​ចាប់ពី ១២​ឆ្នាំ​រហូត​ដល់​យុវវ័យ​អាយុ ១៧​ឆ្នាំ​ចំនួន ២​លាន​នាក់ ដើម្បី​ឲ្យ​មាន​ភាព​ស៊ាំ​ទូទាំង​ប្រទេស​កម្ពុជា​ឲ្យ​បាន​កាន់តែ​ឆាប់។

ដោយឡែក​ក្រសួង​សុខាភិបាល​កម្ពុជា បាន​អះអាង​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០២១ ថា ខ្លួន​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន ៨១២​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​ចំនួន ៧៤០​នាក់ ខណៈ​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន ១៩​នាក់​ផង​ដែរ។

ក្រសួង​បញ្ជាក់​ថា មក​ទល់​នឹង​ពេល​នេះ អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ដល់​ជិត ៧​ម៉ឺន​នាក់​ហើយ និង​អ្នក​ដែល​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ៦​ម៉ឺន ១​ពាន់​នាក់ ដោយឡែក​អ្នក​ស្លាប់​សរុប​បាន​កើន​ឡើង​ដល់ ១១៦៨​នាក់​ហើយ​មក​ទល់នឹង​ពេលនេះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស