29 C
Phnom Penh

មហាជន​រង់ចាំ​មើល​ចំណាត់ការ​លោក ហ៊ុន សែន លើ​ថ្នាក់​ដឹកនាំ​កំពូល​៣​រូប​នៅ​ខេត្ត​ព្រះសីហនុ​ដែល​អនុញ្ញាត​ឲ្យ​មាន​ល្បែង​អនឡាញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ចាត់​វិធានការ​ផ្លូវច្បាប់​ចំពោះ​ថ្នាក់​ដឹកនាំ​ខេត្ត ៣​រូប គឺ​លោក គួច ចំរើន អភិបាល​ខេត្ត លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត និង​លោក ហេង ប៊ុនទី មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ដែល​បាន​ឃុបឃិត​អនុញ្ញាត​ឲ្យ​បើក​បនល្បែង​ល្មើស​ច្បាប់​តាម​អនឡាញ​ផ្ទុយពី​បទបញ្ជា​របស់​នាយករដ្ឋមន្ត្រី និង​ល្មើស​វិធានការ​របស់​ក្រសួង​សុខាភិបាល។

កាលពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា មាន​វីដេអូ​មួយ​បាន​បែកធ្លាយ​តាមរយៈ​បុគ្គលិក​មួយ​បម្រើ​ការងារ​នៅ​ក្នុង​កាស៊ីណូ ដឺសេនជូរី ដែល​ធ្វើការ Live video តាម​បណ្ដាញ​សង្គម Facebook ដោយ​អះអាង​ថា​មាន​ស្ត្រី​ម្នាក់​ជា​បុគ្គលិក​ធ្វើការ​នៅ​ក្នុង​កាស៊ីណូ​នេះ​បាន​ស្លាប់​ដោយសារ​ជំងឺ Covid-19 និង​បុគ្គលិក​ជាង ៤០០​នាក់​ទៀត​បាន​ឆ្លង​ជំងឺ Covid-19 ទាំងអស់ ប៉ុន្តែ​ត្រូវ​ថៅកែ​កាស៊ីណូ​នេះ​បង្ខាំង​មិន​ឲ្យ​ចេញ​ក្រៅ​អគារ ដោយ​គ្រាន់តែ​ចែក​ថ្នាំ​ឲ្យ​លេប​តែប៉ុណ្ណោះ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា កាស៊ីណូ ដឺសេនជូរី នេះ​មាន​បុគ្គលិក​បម្រើ​ការ​សរុប​ចំនួន ៤៣៧​នាក់ ហើយ​បាន​បើក​ដំណើរការ​ប្រមាណ ១​ឆ្នាំ​កន្លះ​មក​ហើយ។

បុគ្គលិក និង​កម្មករ​ទាំងអស់​ត្រូវ​បាន​ថៅកែ​កាស៊ីណូ​ហាម​ចេញ​ក្រៅ​ចាប់តាំង​ពី​ខែ​មីនា ឆ្នាំ​២០២០ មក​ម្ល៉េះ ដោយ​ម្យ៉ាង​ខ្លាច​បែកការ​លើ​ករណី​លួច​បើក​ល្បែងស៊ីសង​តាម​អនឡាញ​ផង និង​ខ្លាច​ឆ្លង​រាលដាល​ជំងឺ Covid-19 ផង។

ទោះ​យ៉ាងណាក៏ដោយ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ថា ក្រុម​គ្រូពេទ្យ​បាន​យក​វត្ថុ​សំណាក​របស់​បុគ្គលិក​ធ្វើការ​នៅ​កាស៊ីណូ ដឺសេនជូរី កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ជា​លទ្ធផល​បង្ហាញ​ថា រក​ឃើញ​អ្នក​មាន​វិជ្ជមាន​ជំងឺ Covid-19 ជាច្រើន​នាក់។

រដ្ឋបាល​ខេត្ត​ក៏​បាន​ដាក់​ទីតាំង​កាស៊ីណូ ដឺសេនជូរី និង​អគារ​ស្នាក់​នៅ​របស់​បុគ្គលិក​កាស៊ីណូ​នេះ​សម្រាប់​ជា​កន្លែង​ធ្វើ​ចត្តាឡីស័ក និង​សម្រាប់​ជា​កន្លែង​ព្យាបាល​អ្នក​ជំងឺ។ ទោះ​យ៉ាងណា រដ្ឋបាល​ខេត្ត​ក៏​បាន​ផ្តល់​ជម្រើស​ដល់​អ្នក​ជំងឺ​ដែល​ចង់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ឬ​ស្នាក់​នៅ​ព្យាបាល​ក្នុង​ទីតាំង​កាស៊ីណូ​នេះ​តាម​ការ​ស្ម័គ្រចិត្ត​ផង​ដែរ។

ក្រុម​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ អះអាង​ថា ពួកគេ​នឹង​រង់ចាំ​មើល​ចំណាត់ការ​របស់​លោក ហ៊ុន សែន ចំពោះ​ថ្នាក់​ដឹកនាំ​ខេត្ត​ទាំង ៣​រូប គឺ​លោក គួច ចំរើន អភិបាល​ខេត្ត លោក ជួន ណារិន្ទ ស្នងការ​នគរបាល និង​លោក ហេង ប៊ុនទី មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​នេះ​កម្រិត​ណា​ចំពោះ​សកម្មភាព​ដែល​ល្មើស​បទបញ្ជា​របស់​លោក ហ៊ុន សែន ហើយ​បាន​ឃុបឃិត​ជាមួយ​ថៅកែ​ល្បែង អនុញ្ញាត​ឲ្យ​ល្បែង​អនឡាញ​អាច​បន្ត​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​មូលដ្ឋាន​ក្រុង​ព្រះសីហនុ នេះ។

លោក ហ៊ុន សែន ធ្លាប់​ចេញ​សារាចរ ឬ​បទបញ្ជា​បិទ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​តាម​អនឡាញ​នៅ​ដំណាច់​ខែ​ធ្នូ ឆ្នាំ​២០១៩ កន្លងទៅ ក៏ប៉ុន្តែ​ល្បែង​ប្រភេទ​នេះ​នៅតែ​បន្ត​លួច​ធ្វើ​សកម្មភាព​នៅ​តាម​ទីតាំង​សណ្ឋាគារ ឬ​កាស៊ីណូ​ជាច្រើន​ក្នុង​ខេត្ត​ទេសចរណ៍​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ​ដដែល ដោយ​គ្រាន់តែ​ថយ​ចុះ​ចំនួន​តែប៉ុណ្ណោះ។

ទោះ​ជា​បែប​នេះ​ក្តី សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត និង​លោក ហេង ប៊ុនទី មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត ដើម្បី​បំភ្លឺ​លើ​ករណី​អនុញ្ញាត​ឲ្យ​មាន​ទីតាំង​ល្បែង​កាស៊ីណូ​ហ្គេម​អនឡាញ​បើក​ធ្វើ​អាជីវកម្ម​អនាធិបតេយ្យ ផ្គើន​ទៅ​នឹង​បទបញ្ជា​លោក ហ៊ុន សែន ទាំងនេះ​បាន​ទេ​នៅ​ថ្ងៃ​សុក្រ ទី​០១ ខែ​តុលា ឆ្នាំ​២០២១។ ចំណែក​ឯ​តំណាង​ក្រុមហ៊ុន​កាស៊ីណូ​ហ្គេម​អនឡាញ​ឈ្មោះ ដឺសេនជូរី ក៏​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស