28 C
Phnom Penh

យន្តហោះ​ចម្បាំង​របស់​ចិន​ដី​គោក​បន្ត​រំលោភ​ដែនអាកាស​តៃវ៉ាន់ ធ្វើ​ឲ្យ​តៃវ៉ាន់​ប្រកាស​អំពី​ភាព​អាសន្ន

បទវិភាគ

ក្នុង​រយៈពេល​តែ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ យន្តហោះ​ចម្បាំង​ចិន​ប្រមាណ ១៤៩​គ្រឿង បាន​ហោះ​រំលោភ​ចូល​ក្នុង​តំបន់​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់។

បន្ទាប់ពី​យន្តហោះ​ជិត ៤០​គ្រឿង​ហោះ​ពាសពេញ​ដែនអាកាស​តៃវ៉ាន់ កាលពី​ថ្ងៃ​សៅរ៍ ទី​២ ខែ​តុលា ហើយ​មក​ដល់​ថ្ងៃ​ចន្ទ ទី​៤ តុលា ក្រុង​ប៉េកាំង បាន​បង្ហោះ​យន្តហោះ ៥៦​គ្រឿង​មួយ​លើក​ទៀត​ហោះ​ងងឹត​មេឃ​លើ​ដែនអាកាស​នៃ​ដែនដី​កោះ​មួយ​នេះ ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​តៃវ៉ាន់​ប្រកាស​អាសន្ន​ទៅកាន់​ពិភពលោក​ថា ចិន​គំរាម​តៃវ៉ាន់​ខ្លាំង​ណាស់។

ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ បាន​អះអាង​ថា យន្តហោះ​ចម្បាំង​របស់​ចិន ដល់​ទៅ ៥៦​គ្រឿង​បាន​ហោះ​ក្នុង​តំបន់​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់ ក្នុង​រយៈពេល ១​ថ្ងៃ ហើយ​នេះ​ជា​ចំនួន​ដ៏​ច្រើន​មិន​ធ្លាប់​មាន​ដែល​ក្រុង​ប៉េកាំង បាន​ធ្វើ​បំពាន​លើ​តៃវ៉ាន់។

នាយករដ្ឋមន្ត្រី​តៃវ៉ាន់ លោក Su Tseng-chang បាន​ប្រកាស​ប្រាប់​ពលរដ្ឋ​តៃវ៉ាន់​ឲ្យ​ប្រុងប្រយ័ត្ន​ខ្លួន​ជានិច្ច​នៅ​ចំពោះ​មុខ​សភាពការណ៍​យោធា​ពី​សំណាក់​ប្រទេស​ចិន។

នាយករដ្ឋមន្ត្រី​តៃវ៉ាន់ ចាត់ទុក​សកម្មភាព​រំលោភ​បំពាន​របស់​ចិន ថា​ជា​ការ​គំរាមកំហែង​សន្តិភាព​ក្នុង​តំបន់ និង​ដាក់​សម្ពាធ​លើ​កោះ​តៃវ៉ាន់។

តៃវ៉ាន់​បាន​ទាមទារ​ឲ្យ​ចិន​ឈប់​ជាបន្ទាន់​ចំពោះ​សកម្មភាព​បង្ក​រឿង​ដែល​គ្មាន​ការ​ទទួល​ខុសត្រូវ ខណៈ​ចិន​នៅតែ​បន្ត​បញ្ជូន​យន្តហោះ​ចម្បាំង​ហោះ​រំលោភ​ចូល​តំបន់​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់។

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​តៃវ៉ាន់ បាន​អះអាង​ថា ភាព​តានតឹង​ផ្នែក​យោធា​ជាមួយ​ប្រទេស​ចិន គឺជា​រឿង​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​នោះ​ឡើយ​នៅ​ក្នុង​អំឡុង​ជាង ៤០​ឆ្នាំ​មក​នេះ បន្ទាប់ពី​យន្តហោះ​ចម្បាំង​ចិន​ដ៏​ច្រើន​បាន​ហោះ​ចូល​មក​ក្នុង​តំបន់​ការពារ​ដែនអាកាស​តៃវ៉ាន់​ជាបន្តបន្ទាប់​កាលពី​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ចំនួន ១៤៩​គ្រឿង។

ឆ្លើយតប​នឹង​សំណួរ​របស់​សមាជិក​សភា​កោះ​តៃវ៉ាន់​ជុំវិញ​បញ្ហា​នេះ លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ Chiu Kuo-cheng បាន​ឆ្លើយតប​វិញ​ថា វា​ពិតជា​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់​ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ជាង ៤០​ឆ្នាំ​មក​នេះ ហើយ​នេះ​គឺជា​ហានិភ័យ​នៃ​ការ​ផ្ទុះ​អាវុធ​ជា​យថាហេតុ​នៅ​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់។ លោក​រដ្ឋមន្ត្រី​បាន​សច្ចា​ថា ក្នុង​នាម​ជា​រដ្ឋមន្ត្រី​បាន​ត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​ការពារ​ដែន​អធិបតេយ្យ​តៃវ៉ាន់។

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ Chiu Kuo-cheng ត្រូវ​បាន​សភា​តៃវ៉ាន់​កោះ​មក​សួរនាំ​អំពី​កញ្ចប់​ថវិកា​ប្រមាណ ៩​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ទិញ​អាវុធ​ដែល​ផលិត​ក្នុង​ស្រុក​ផ្ទាល់ ដូចជា​គ្រាប់​មីស៊ីល និង​នាវា​ចម្បាំង​ជាដើម ដើម្បី​បង្កើន​សមត្ថភាព​ការពារ​ដែន​កោះ​មួយ​នេះ។

ក្រោយ​ពី​សមភាព​ធ្ងន់ធ្ងរ​បែប​នេះ ប្រធានាធិបតី​តៃវ៉ាន់ ស្វែងរក​ការ​គាំទ្រ​ពី​អន្តរជាតិ។

ប្រធានាធិបតី​កោះ​តៃវ៉ាន់ អ្នកស្រី Tsai Ing-wen បាន​និយាយ​ថា តៃវ៉ាន់​នឹង​ធានា​ការពារ​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់ ក៏ដូចជា​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ពិភពលោក។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​តុលា នេះ បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា អ្នកស្រី សាយ អ៊ឺងវិន បាន​ធ្វើការ​កត់សម្គាល់​បែប​នេះ​ប្រាប់​សមាជិក​ព្រឹទ្ធសភា​បារាំង ៤​រូប និង​អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Tony Abbott ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​តៃប៉ិ។

ថ្លែង​នៅ​ឯ​វិមាន​ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី សាយ បាន​ប្រាប់​ថា តៃវ៉ាន់​នឹង​បន្ត​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​នាម​ជា​សមាជិក​សហគមន៍​អន្តរជាតិ ដើម្បី​ថែរក្សា​ការពារ​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយ​តៃវ៉ាន់​សង្ឃឹម​ថា​អាច​នឹង​ចូលរួម​ចំណែក​កាន់តែ​ច្រើន​ជាមួយ​ពិភពលោក​ក្រោម​កិច្ចសហការ​ជាមួយ​បារាំង និង​អូស្ត្រាលី។

ក្នុង​ស្ថានភាព​ដែល​មើល​ទៅ​ចិន​ត្រៀម​លើក​ទ័ព​លុកលុយ​ដែន​កោះ​តែវ៉ាន់ គឺជា​ការ​បង្ខំ​ឱ្យ​លោក បៃដិន ទាក់ទង​ទៅ​លោក ស៊ី ជិនពីង ភ្លាមៗ​ដោយ​ព្រមាន​ថា បើ​ចង់​បាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុង​វ៉ាស៊ីនតោន គឺ​ក្រុង​ប៉េកាំង ត្រូវ​ធានា​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​អធិបតេយ្យភាព​ដែន​កោះ​មួយ​នេះ។

ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន បាន​អះអាង​ថា លោក​បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង ស្តី​អំពី​ស្ថានការណ៍​កោះ​តៃវ៉ាន់ ហើយ​នៅ​ក្នុង​នោះ​មេដឹកនាំ​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​ប្រកាន់ខ្ជាប់​នូវ​កិច្ចព្រមព្រៀង​កោះ​តៃវ៉ាន់ ខណៈ​ភាព​តានតឹង​រវាង​ចិន និង​តៃវ៉ាន់ កាន់តែ​កើន​ឡើង។ លោក ចូ បៃដិន បាន​ប្រាប់​ទៅ​លោក ស៊ី ថា​អាមេរិក​ប្រកាន់ខ្ជាប់​នូវ​កិច្ចព្រមព្រៀង​ជាមួយ​នឹង​តៃវ៉ាន់។

កិច្ចព្រមព្រៀង ឬ​សន្ធិសញ្ញា​អាមេរិក-តៃវ៉ាន់ នៅ​ឆ្នាំ​១៩៧៩ គឺជា​ឧបករណ៍​គតិយុត្តិ​ទ្វេភាគី​ដែល​ផ្ដល់​ឱ្យ​អាមេរិក​មាន​ឱកាស​ជួយ​តៃវ៉ាន់ ក្នុង​ការ​បញ្ចេញ​អាវុធ​លក់​ឱ្យ​ដែន​កោះ​នេះ​ជាមួយ​នឹង​ការ​ធ្វើ​យោធូបនីយកម្ម​ទៀត​ផង។

ចំពោះ​កិច្ចព្រមព្រៀង​នេះ គឺ​កាលពី​ថ្ងៃ​ទី​២៣ កញ្ញា សមាជិក​សភា​អាមេរិក​បាន​កែតម្រូវ​ដោយ​បន្ថែម​បញ្ញត្តិ​ជាច្រើន​ទៀត ក្នុង​នោះ​មាន​ទាំង​ស្នើ​ឱ្យ​តៃវ៉ាន់​បញ្ជូន​ទ័ព​មក​ធ្វើ​សមយុទ្ធ​ជាមួយ​នឹង​កងទ័ព​អាមេរិក​ទៀត​ផង ទោះ​ជា​នៅ​ទីណា​ក៏ដោយ រួម​ទាំង​នៅ​លើ​កោះ​តៃវ៉ាន់​ផង​ដែរ។ ប៉ុន្តែ​មាន​កិច្ចព្រមព្រៀង​មួយ​ទៀត គឺ​សំដៅ​ទៅលើ​គោល​នយោបាយ​ចិន​តែ​មួយ​ដែល​សហរដ្ឋ​អាមេរិក​ក៏​បាន​ទទួល​ស្គាល់ និង​អនុវត្ត​ជាច្រើន​ទសវត្សរ៍​មក​ហើយ​ដែរ​រវាង​ទីក្រុង​តៃប៉ិ និង​ទីក្រុង​ប៉េកាំង។

ចិន និង​តៃវ៉ាន់ បែកបាក់​គ្នា​តាំងពី​នៅ​ឆ្នាំ​១៩៤៩ នៅ​ពេល​ទីក្រុង​ប៉េកាំង បាន​ធ្លាក់​ក្រោម​ការ​លុកលុយ​កាន់កាប់​ដោយ​កងទ័ព​ឧទ្ទាម​កុម្មុយនីស្ត​ក្រោម​ការ​ដឹកនាំ​របស់ ម៉ៅ សេទុង។ រដ្ឋាភិបាល​ចាញ់​សង្គ្រាម​បាន​រត់ ហើយ​រក្សា​ភាព​ស្រប​ច្បាប់​នូវ​រដ្ឋាភិបាល​សាធារណរដ្ឋ​ចិន របស់​ខ្លួន​ទៅ​នៅ​លើ​កោះ​តៃវ៉ាន់​មក​ដល់​សព្វថ្ងៃ​នេះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស