28 C
Phnom Penh

សភា​អឺរ៉ុប​បោះឆ្នោត​ទទួលស្គាល់​រដ្ឋាភិបាល​ស្រមោល​ភូមា​នៃ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ

បទវិភាគ

សភា​អឺរ៉ុប បាន​បោះឆ្នោត​ទទួលស្គាល់​រដ្ឋាភិបាល​ស្រមោល​នៃ​ប្រទេស​ភូមា ដោយ​ចាត់ទុក​ថា​ជា​រដ្ឋាភិបាល​តំណាង​ឱ្យ​ប្រជាជន​ភូមា។

តាម​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ គឺ​មាន ៦៤៧​រូប​បោះឆ្នោត​គាំទ្រ និង ៣១​រូប​បោះឆ្នោត​អនុប្បវាទ និង ២​សំឡេង​ជំទាស់។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ភូមា Irrawaddy នៅ​ថ្ងៃ​សុក្រ ទី​៨ ខែ​តុលា នេះ។

ជាមួយ​គ្នា​នេះ គណៈកម្មាធិការ​សាតាំង​នៃ​សភា​សហភាព​អឺរ៉ុប ក៏​បាន​សម្រេច​ទទួល​យក​តំណាង​រដ្ឋាភិបាល​ស្រមោល​នេះ​ដែល​មាន​ការិយាល័យ​នៅ​អឺរ៉ុប ដោយ​ចាត់ទុក​ថា​ជា​តំណាង​ស្រប​ច្បាប់​របស់​ប្រទេស​ភូមា។

នេះ​ជា​លើកដំបូង​ហើយ​ដែល​សភា​របស់​សហគមន៍​អន្តរជាតិ​ដ៏​ធំ​មួយ​ទទួលស្គាល់​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដែល​ប្រឆាំង​នឹង​របប​សឹក​ភូមា ជា​ស្ថាប័ន​តំណាង​ភាព​ស្រប​ច្បាប់​ក្នុង​កម្រិត​ការទូត​ខ្ពស់​បំផុត​នៅ​អឺរ៉ុប។

ដំណោះស្រាយ​របស់​សភា​អឺរ៉ុប ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​តុលា បាន​បញ្ជាក់​អំពី​ការ​គាំទ្រ​រដ្ឋាភិបាល​ស្រមោល ឬ​រដ្ឋាភិបាល​ឯកភាព​ជាតិ​នៃ​ប្រទេស​ភូមា គឺជា​រូបភាព​មួយ​វាយប្រហារ​ទៅលើ​របប​សឹក និង​បណ្ដា​ប្រទេស​ដែល​នៅ​ពីក្រោយ​របប​សឹក​មួយ​នេះ។

ដំណោះស្រាយ​របស់​សភា​អឺរ៉ុប​នេះ គឺជា​ការ​វាយ​បំបាក់​ស្មារតី​របស់​ពួក​យោធា​ភូមា​ដែល​កំពុង​ស្វែងរក​ភាព​ស្រប​ច្បាប់​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ ជាពិសេស​នៅ​អង្គការ​សហប្រជាជាតិ​ដែល​គណៈកម្មាធិការ​សាតាំង​របស់​ស្ថាប័ន​នេះ នឹង​ធ្វើ​សេចក្ដី​សម្រេច​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ ថា​តើ​ត្រូវ​ទាត់​ចោល​សាតាំង​របស់​ពួក​យោធា ឬ​ក៏​ត្រូវ​ទទួលស្គាល់​សាតាំង​របស់​រដ្ឋាភិបាល​ស្រមោល​នៃ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ភូមា។

ចាប់តាំង​ពី​របប​សឹក​ឡើង​កាន់​អំណាច​តាមរយៈ​រដ្ឋប្រហារ​ថ្ងៃ​ទី​១ កុម្ភៈ មក គេ​សង្កេត​ឃើញ​សហគមន៍​អន្តរជាតិ​ធំៗ​បាន​ថ្កោលទោស​របប​នេះ ដោយ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៀត​ផង។ សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប មាន ២៧​ប្រទេស បាន​ឈាន​មុខ​គេ​ប្រឆាំង​នឹង​របប​សឹក។

ជាថ្មី​ម្ដង​ទៀត ក្រុម​ប្រទេស​ជា​សមាជិក​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន កំពុង​ពិភាក្សា​គ្នា​អំពី​លទ្ធភាព​ទាត់​ចោល​មេដឹកនាំ​យោធា​ភូមា មិន​ឱ្យ​ចូលរួម​ក្នុង​ជំនួប​កំពូល​អាស៊ាន ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុង​ខែ​តុលា ខាងមុខ​នេះ។

មេ​រដ្ឋប្រហារ មីន អ៊ុងឡាំង ដែល​រំពឹង​ថា​នឹង​ដឹកនាំ​ប្រតិភូ​ទៅ​ចូល​ប្រជុំ​កំពូល​នេះ។

នៅ​ក្នុង​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​តាម​វីដេអូ កាលពី​ថ្ងៃ​ទី​៦ តុលា តំណាង​ប្រទេស​ម៉ាឡេស៊ី និង​បណ្តា​ប្រទេស​ផ្សេង​ទៀត​បាន​លើក​សំណើ​អំពី​លទ្ធភាព​បដិសេធ​មេដឹកនាំ​ភូមា មិន​ឱ្យ​មក​ចូលរួម​ក្នុង​ជំនួប​កំពូល​អាស៊ាន​ខាងមុខ​នេះ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក Eriwan Yosof ប្រេសិត​អាស៊ាន​ទទួល​បន្ទុក​វិបត្តិ​ភូមា។ បើ​តាម​ប្រេសិត​រូប​នេះ អាស៊ាន​អាច​នឹង​ពិចារណា​ព្យួរ​ភូមា​ទៀត​ផង។

អាស៊ាន​ដែល​មាន​សមាជិក ១០​ប្រទេស រាប់​ទាំង​ភូមា​មួយ​ផង​នោះ កំពុង​ស្ថិត​ក្រោម​សម្ពាធ​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ ដោយ​ចោទ​ថា​សមាគម​នេះ​មិន​អាច​ជួយ​ដោះស្រាយ​បាន​វិបត្តិ​នៅ​ភូមា។

ការ​វាយប្រហារ​នេះ បាន​នាំ​ឱ្យ​ប្រទេស​មួយ​ចំនួន​ក្នុង​សមាគម​អាស៊ាន​រក​វិធី​ទាត់​ចោល​របប​សឹក​ពី​អាស៊ាន​តែម្ដង។ មូលហេតុ​ដែល​ឱ្យ​សមាគម​អាស៊ាន​មាន​ផែនការ​ទាត់​ចោល​តំណាង​ភូមា មិន​ឱ្យ​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ព្រោះតែ​របប​សឹក​មួយ​នេះ​ចេះតែ​រក​លេស​ជំទាស់​មិន​ឱ្យ​ប្រេសិត​អាស៊ាន​បាន​ចូល​ទៅ​ប្រទេស​ភូមា ហើយ​ជាពិសេស ពួក​យោធា​បដិសេធ​ប្រេសិត​អាស៊ាន​មិន​ឱ្យ​ជួប​អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​ជា​តំណាង​កម្លាំង​ប្រជាធិបតេយ្យ និង​ឯកភាព​ជាតិ​ភូមា។ ពួក​យោធា​ប្រកែក​ថា ខ្លួន​គេ​មិន​ឱ្យ​ប្រេសិត​អាស៊ាន​ជួប​អ្នកស្រី ស៊ូជី ព្រោះ​អ្នកស្រី​ជា​ជនជាប់ចោទ​ដែល​កំពុង​ស្ថិត​ក្នុង​ពេល​ជំនុំ​ជម្រះ​ក្ដី។

យ៉ាងណា សេចក្ដី​សម្រេច​របស់​សភា​អឺរ៉ុប ដែល​ទទួលស្គាល់​រដ្ឋាភិបាល​ស្រមោល​ភូមា គឺជា​សញ្ញា​ប្រាប់​ទៅ​សមាគម​អាស៊ាន​ថា មិន​ត្រូវ​អែអង់​នឹង​ល្បិច​កិច្ចកល​របស់​របប​សឹក​ទៀត​នោះ​ទេ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស