27 C
Phnom Penh

ក្រសួង​សុខាភិបាល​ប្រកាស​ឱ្យ​ពលរដ្ឋ​វ័យ​ចំណាស់​និង​ស្ត្រី​មាន​ផ្ទៃពោះ​ទៅ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា ប្រកាស​ឱ្យ​ពលរដ្ឋ​ដែល​មាន​វ័យ​ចំណាស់ ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​បំបៅ​កូន​ដោយ​ទឹកដោះ អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​ផ្សេងៗ អ្នក​កំពុង​មាន​ជំងឺ Covid-19 និង​អ្នក​មាន​ជំងឺ​ប្រចាំ​កាយ​ផ្សេង​ទៀត​ទៅ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ដើម្បី​បញ្ចៀស​ពី​ស្លាប់​ដោយសារ​ជំងឺ​ឆ្លង​នេះ​ឱ្យ​បាន​ទាន់​ពេល។

អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​អង្គារ សប្តាហ៍​នេះ​ថា ដើម្បី​កាត់បន្ថយ​សភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ និង​កាត់បន្ថយ​អត្រា​នៃ​អ្នក​ស្លាប់​ដោយសារ​ជំងឺ Covid-19 ពលរដ្ឋ​ខ្មែរ​ត្រូវតែ​នាំគ្នា​ទៅ​ចាក់​ថ្នាំបង្ការ​ជំងឺ Covid-19 ឱ្យ​បាន​គ្រប់ៗ​គ្នា ព្រោះថា​ក្រសួង​បាន​សង្កេត​ឃើញ​ថា អ្នក​ដែល​ស្លាប់​ដោយសារ​ជំងឺ Covid-19 ភាគច្រើន​ពួកគេ​មិន​បាន​ចាក់​ថ្នាំបង្ការ​ជំងឺ Covid-19 នោះ​ទេ​នា​ពេល​កន្លងមក។

មន្ត្រី​ដដែល​អះអាង​ថា វិធានការ​ចាក់​វ៉ាក់សាំង​បង្ការ​ដល់​ពលរដ្ឋ គឺ​ដើម្បី​បង្កើត​ភាព​ស៊ាំ​ក្នុង​ខ្លួន និង​ក្នុង​សហគមន៍ ដើម្បី​ទប់ទល់​ពី​ការ​វាយលុក​នៃ​ជំងឺ Covid-19 ដែល​កំពុង​រាតត្បាត​នៅ​កម្ពុជា​នៅ​ពេលនេះ ជាពិសេស​ជំងឺ Covid-19 បំប្លែង​ខ្លួន​ថ្មី​ប្រភេទ DELTA ដែល​កំពុង​វាយលុក​ក្នុង​សហគមន៍។

នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០២១ នេះ ក្រសួង​សុខាភិបាល​កម្ពុជា បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ដែល​មាន​វ័យ​ចំណាស់ ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​បំបៅ​កូន​ដោយ​ទឹកដោះ អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​ផ្សេងៗ អ្នក​កំពុង​មាន​ជំងឺ Covid-19 និង​អ្នក​មាន​ជំងឺ​ប្រចាំ​កាយ​ផ្សេង​ទៀត នាំគ្នា​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ឱ្យ​បាន​គ្រប់ៗ​គ្នា​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន។

ការ​អំពាវនាវ​ឱ្យ​អ្នក​មាន​ជំងឺ Covid-19 និង​អ្នក​មាន​ផ្ទៃពោះ ជាដើម ទៅ​ទទួល​យក​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 នេះ គឺជា​ការ​ប្រកាស​លើកដំបូង​ហើយ​របស់​ក្រសួង​សុខាភិបាល​កម្ពុជា បន្ទាប់​ការ​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​លើ​មនុស្ស​ពេញវ័យ និង​កុមារ​ក្រោម​អាយុ ១២​ឆ្នាំ​រួច​មក។

ទាក់ទិន​នឹង​ការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 នេះ ក្រសួង​សុខាភិបាល​បាន​អះអាង​កាលពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា ក្រសួង​បាន​ចាក់​វ៉ាក់សាំង Covid-19 ដល់​មនុស្ស​ពេញវ័យ​ដូស​ទី​១ បាន​ជាង ១៣​លាន ៦​សែន​នាក់​ហើយ រីឯ​ដូស​ទី​២ បាន​ជាង ១២​លាន ៧​សែន​នាក់ ចំណែក​អ្នក​ចាក់​ដូស​ទី​៣ មាន​ចំនួន​ជាង ១​លាន ៤​សែន​នាក់​ផង​ដែរ។ ដោយឡែក​កុមារ​ក្រោម​អាយុ ១៨​ឆ្នាំ ចាក់​បាន ៩០,៣៣% និង​កុមារ​ក្រោម​អាយុ ១២​ឆ្នាំ​ចាក់​បាន​ចំនួន ៩៩,០៤% ហើយ​នៅ​ពេលនេះ។

ជុំវិញ​បញ្ហា​នេះ ក្រសួង​បង្ហាញ​របាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា នេះ​ថា អ្នក​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ Covid-19 នៅ​ថ្ងៃ​អង្គារ នេះ មាន​ចំនួន ១១​នាក់ ក្នុង​នោះ​មាន ៨​នាក់​មិន​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 នោះ​ទេ ដោយឡែក​អ្នក​ស្លាប់​ដោយសារ​ជំងឺ Covid-19 កាលពី​ថ្ងៃ​ចន្ទ មាន​ចំនួន ១២​នាក់ ក្នុង​នោះ​មាន ៨​នាក់​មិន​បាន​ចាក់​ថ្នាំបង្ការ​ជំងឺ Covid-19 នេះ​ផង​ដែរ។

ក្រសួង​បញ្ជាក់​ថា មក​ទល់នឹង​ពេលនេះ អ្នក​ស្លាប់​ដោយសារ​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ជាង ២៦០០​នាក់ ខណៈ​អ្នក​ឆ្លង​សរុប​បាន​កើន​ឡើង​ជាង ១​សែន ១​ម៉ឺន​នាក់ និង​អ្នក​ដែល​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ១​សែន ១​ម៉ឺន​នាក់៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស