28 C
Phnom Penh

ភាគ​១២៖ ប្រតិកម្ម​របស់​អ្នកគាំទ្រ​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស​ជាពិសេស​នៅ​សហរដ្ឋ​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​មួយ​ចំនួន មិន​សប្បាយ​ចិត្ត​នឹង​ការ​អំពាវនាវ​ពី​ក្រុម​ប្រឆាំង ឲ្យ​ដក​សញ្ជាតិ ព្រោះ​តែ​គាំទ្រ​រដ្ឋាភិបាល និង​បក្ស​ផ្ដាច់ការ​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ គេ​នាំគ្នា​ប្រឆាំង​លោក សម រង្ស៊ី តាម​ការ​អំពាវនាវ​ពី​លោក ហ៊ុន សែន ឲ្យ​សភា​អាមេរិកាំង​ដក​សញ្ជាតិ។

តើ​អ្នក​ចូល​សញ្ជាតិ​ចាំ​ពាក្យពេចន៍​ក្នុង​សម្បថ​ដូចម្តេច​ខ្លះ?

សហរដ្ឋ​អាមេរិក​ដែល​ផ្តើម​ពី​រដ្ឋ​អាណានិគម​ចំនួន​១៣ (13 colonies) រហូត​ផ្តុំ​បង្កើត​បាន​រដ្ឋ​ចំនួន​៥០ គឺ​ផុស​ចេញពី​ស្មារតី​រើបម្រះ​រំដោះ​ខ្លួន​ចេញ​ឲ្យ​រួច​ផុត​ពី​នឹម​អាណានិគម​គាប​ត្បៀត​ពី​សំណាក់​ព្រះរាជា​ផ្ដាច់ការ ស្វែងរក​សិទ្ធិ​សេរីភាព​រស់នៅ​ជា​ពលរដ្ឋ​ឯករាជ្យ អធិបតេយ្យ និង​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ​ពី​ឆ្នាំ​១៧៧៥ ដល់​ឆ្នាំ​១៧៨៣។

អ្នក​ស្នេហា​ជាតិ​អាមេរិកាំង​ធ្វើ​បដិវត្តន៍​ក្នុង​ឆ្នាំ​១៧៧៥ ប្រកាស​ឯករាជ្យ​នៅ​ឆ្នាំ​១៧៧៦ ហើយ​ច្បាំង​នឹង​អង់គ្លេស​រយៈពេល ៨​ឆ្នាំ។

បន្ទាប់មក​ធ្វើ​សង្គ្រាម​ស៊ីវិល​រយៈពេល ៤​ឆ្នាំ​រវាង​ពលរដ្ឋ​ភាគ​ខាងជើង និង​ភាគ​ខាងត្បូង ដើម្បី​បំបាត់​ទាសកម្ម រំលោភ​សិទ្ធិមនុស្ស​ជា​ជនជាតិ​ស្បែក​ខ្មៅ​ពី​ឆ្នាំ​១៨៦១ ដល់​ឆ្នាំ​១៨៦៥។ ព្រឹត្តិការណ៍​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិកាំង​ចាប់ពី​សង្គ្រាម​បដិវត្តន៍​ដល់​សង្គ្រាម​ស៊ីវិល រួម​ទាំង​ការ​ចូលរួម​ក្នុង​សង្គ្រាម​លោក​លើក​ទី​១ លើក​ទី​២ សង្គ្រាម​ជ្រោយ​កូរ៉េ និង​សង្គ្រាម​យៀកណាម។ល។ សុទ្ធតែ​ទាក់ទង​នឹង​សិទ្ធិ​សេរីភាព សេចក្តី​ថ្លៃថ្នូរ​របស់​បុគ្គល​គ្រប់​រូប​ជា​មនុស្ស​ជាតិ​ដែល​រស់​ក្រោម​របប​គាបសង្កត់​បែប​ណា​មួយ។

មាត្រា​១ កថាខណ្ឌ​ទី​២ នៃ​រដ្ឋធម្មនុញ្ញ​អាមេរិកាំង​ពេល​ប្រកាស​ឯករាជ្យ ស្ថាបនិក​ឯករាជភាព​អាមេរិកាំង ចារឹក​ថា៖ ជីវិត សេរីភាព (ពី​ការ​រឹតត្បិត​ប្រិតប្រៀង​របស់​រដ្ឋអំណាច) និង​ការ​ស្វែងរក​សុភមង្គល (Life, Liberty and the Pursuit of Happiness)។ នេះ​មាន​ន័យ​ថា មនុស្ស​ត្រូវការ​រស់ ត្រូវការ​សេរីភាព និង​ត្រូវការ​រស់​ដោយ​សុភមង្គល ឬ​ដោយ​សេចក្តី​សុខ​ចម្រើន​ល្អ​ប្រពៃ។ ពោល​គឺ​មិនមែន​គ្រាន់តែ​មាន​ជីវិត ហើយ​រស់​រហេមរហាម​តោកយ៉ាក​ក្រោម​ការ​គាបសង្កត់ រឹតត្បិត​ពី​សំណាក់​រដ្ឋអំណាច​នោះ​ឡើយ។

ស្ថាបនិក​អាមេរិកាំង​បង្កបង្កើត​សហរដ្ឋ​អាមេរិក ឬ​ពី​រដ្ឋ​ជាច្រើន​បញ្ចូល​គ្នា​ជា​ជាតិ​តែ​មួយ (E Pluribus Unum) មាន​បំណង​ឲ្យ​ទឹកដី​នេះ​ក្លាយ​ជា​របប​សាធារណរដ្ឋ មិនមែន​រាជាណាចក្រ ឬ​រាជាធិបតេយ្យ សង្គម​និយម កុម្មុយនីស្ត​និយម ឬ​របប​ផ្ដាច់ការ​និយម​បែប​ណា​មួយ​នោះ​ទេ។ ពាក្យពេចន៍​ឃ្លា​ប្រយោគ​ក្នុង​ពេល​សច្ចា​ប្រណិធាន គេ​បន្ទរ​ព្រម​គ្នា​ក្នុង​ពិធី​គោរព​ទង់ជាតិ ភ្លេងជាតិ ត្រូវ​បាន​គេ​កែ​សម្រួល ៣​ដង៖

  • សម្បថ​ដើម​ដំបូង​បង្អស់​នៅ​ឆ្នាំ​១៨៩២ គេ​សូត្រ​ថាខ្ញុំ​សន្យា​សេចក្តី​ស្មោះ​ពិត (ឥត​ងាករេ) ចំពោះ​ទង់ជាតិ​ខ្ញុំ និង​របប​សាធារណរដ្ឋ​ដែល​ទង់ជាតិ​ជា​តំណាង​ប្រជាជាតិ​មួយ មិន​អាច​បំបែក​បាន ប្រកប​ដោយ​សេរីភាព និង​យុត្តិធម៌​សម្រាប់​គ្រប់​គ្នា។
  • ឆ្នាំ​១៩២៣ គេ​បន្ថែម​ពាក្យ​ខ្លះ​ថាខ្ញុំ​សន្យា​សេចក្តី​ស្មោះ​ពិត (ឥត​ងាករេ) ចំពោះ​ទង់ជាតិ​នៃ​សហរដ្ឋ​អាមេរិក និង​របប​សាធារណរដ្ឋ​ដែល​ទង់ជាតិ​ជា​តំណាង​ប្រជាជាតិ​មួយ មិន​អាច​បំបែក​បាន ប្រកប​ដោយ​សេរីភាព និង​យុត្តិធម៌​សម្រាប់​គ្រប់​គ្នា។
  • នៅ​ឆ្នាំ​១៩៥៤ ដោយ​ឆ្លើយតប​នឹង​ការ​គំរាមកំហែង​ពី​របប​កុម្មុយនីស្ត គេ​បន្ថែម​ពាក្យ​ខ្លះ​ទៀត​ថាខ្ញុំ​សន្យា​សេចក្តី​ស្មោះ​ពិត (ឥត​ងាករេ) ចំពោះ​ទង់ជាតិ​នៃ​សហរដ្ឋ​អាមេរិក និង​របប​សាធារណរដ្ឋ​ដែល​ទង់ជាតិ​ជា​តំណាង​ប្រជាជាតិ​មួយ មិន​អាច​បំបែក​បាន ប្រកប​ដោយ​សេរីភាព និង​យុត្តិធម៌​សម្រាប់​គ្រប់​គ្នា។

ជនបរទេស​មក​រស់​លើ​ទឹកដី​សហរដ្ឋ​អាមេរិក ដែល​មាន​សិទ្ធិ​ចូល​សញ្ជាតិ​អាមេរិកាំង ត្រូវ​រៀន​ទន្ទេញ​ចងចាំ​មាត់ ឬ​សូត្រ​ត្រាប់​តាម​មគ្គុទ្ទេសក៍​ជា​រដ្ឋអាជ្ញា​ម្នាក់​រៀងរាល់​ពេល​ស្បថ​សច្ចា​ក្រោម​អធិបតីភាព​ចៅក្រម​តុលាការ​សហព័ន្ធ។ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក រំពឹង​ថា មនុស្ស​ម្នាក់ៗ​ដែល​ទៅ​ស្បថ​ចូល​សញ្ជាតិ ពិត​ជា​មាន​ចិត្ត​គំនិត​ស្មោះត្រង់​ដូច​ដែល​អណ្តាត​របស់​ខ្លួន​បាន​សូត្រ​តាម​ឃ្លា​ទាំង ៣១​ពាក្យ​សម្បថ​ទាំងអស់​នោះ ដោយ​ឥត​លាក់ពុត ឥត​ភូត​កុហក​ខ្លួនឯង​តាម​តែ​សម្ដី​ស្មោះងារ ឬ​ថា​ឲ្យ​តែ​រួច​ពី​មាត់​នោះ​ឡើយ។

អ្នក​ដែល​ស្វះស្វែង​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក ឬ​ប្រទេស​សេរី​ឯ​ទៀត ភាគច្រើន​ជា​ជនភៀសខ្លួន​ពី​សឹក​សង្គ្រាម ភៀស​ខ្លួន​ពី​ទុរ្ភិក្ស ភៀស​ពី​ការ​តាម​ធ្វើ​ទុក្ខបុកម្នេញ​ពី​រដ្ឋអំណាច​កុម្មុយនីស្ត​ផ្ដាច់ការ​ផ្ដាច់មុខ​គ្រប់​ប្រភេទ។ ម្យ៉ាង​ទៀត គេ​ដឹង​ថា​សហរដ្ឋ​អាមេរិក​ជា​ប្រទេស​សេរី ប្រកាន់​ប្រជាធិបតេយ្យ យក​ច្បាប់​ជា​គោល​រក​យុត្តិធម៌ ទោះ​ជា​វា​មិន​គ្រប់​លក្ខណ៍​ដូច​ឋាន​ទេវតា​ក៏ដោយ។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ក៏​មិន​ដែល​នឹកស្មាន​ថា អ្នក​សុំ​ចូល​សញ្ជាតិ​អាមេរិកាំង​មិន​ស្មោះត្រង់​នឹង​រដ្ឋធម្មនុញ្ញ ទង់ជាតិ ហើយ​និង​ច្បាប់​នៃ​ប្រទេស​នេះ​ដែរ ទោះ​ជា​គេ​មិន​បាន​ហាមប្រាម​ចំៗ​បិទ​សិទ្ធិ​បិទ​សេរីភាព​មិន​ឲ្យ​គាំទ្រ​ប្រទេស​ផ្ដាច់ការ​ដទៃ​ក្តី។

ការ​សម្រេច​ចិត្ត​របស់​ពលរដ្ឋ​អាមេរិកាំង​ទៅ​គាំទ្រ​រដ្ឋអំណាច​បក្ស​កុម្មុយនីស្ត ឬ​បក្ស​ផ្ដាច់ការ​ផ្ដាច់មុខ ទោះ​ជា​ដឹង​ខ្លួន​ក្តី មិន​ដឹង​ខ្លួន​ក្តី ជា​ការ​ទទួល​ខុសត្រូវ​ផ្ទាល់ខ្លួន​របស់​បុគ្គល​ម្នាក់ៗ​ចំពោះ​មុខ​ច្បាប់។ ខ្មែរ​អាមេរិកាំង​ដែល​ចេញមុខ​ចេញមាត់​ចេញ​ឈ្មោះ​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា ដោយ​គិត​ថា​ជា​បក្ស​នយោបាយ​ការពារ​ប្រយោជន៍​ខ្មែរ ជា​បក្ស​នយោបាយ​សេរី ប្រជាធិបតេយ្យ មិន​ខុសច្បាប់​សហរដ្ឋ​អាមេរិក​នោះ គួរតែ​ហ៊ាន​នាំគ្នា​រៀបចំ​ពិធី​ជួបជុំ​ថ្លែងការណ៍​ជា​សាធារណៈ ស្លៀកពាក់​ឯកសណ្ឋាន​បក្ស​គ្រប់​គ្នា ថត​បង្ហោះ​ផ្សព្វផ្សាយ​តាម​ហ្វេសប៊ុក មិន​បាច់​ព្រួយបារម្ភ មិន​បាច់​លាក់បាំង​អ្វី​ទេ។

កម្ម និង​ផលវិបាក បុគ្គល​ជា​អ្នក​ទទួល។

ក្នុង ៥០​រដ្ឋ​នៃ​សហរដ្ឋ​អាមេរិក ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សកម្មភាព​មមាញឹក​ជាងគេ​ស្ថិតនៅ​ក្នុង​រដ្ឋ​ភាគ​ពាយព្យ គឺ​រដ្ឋ​អ៊័រីហ្គឹន (Oregon) ជាប់​នឹង​រដ្ឋ​វ៉ាស៊ីនតុន (Washington State)។

ថ្ងៃ​អាទិត្យ ទី​២៧ ខែ​មិថុនា ឆ្នាំ​២០២១ ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា ទទួល​បន្ទុក​រដ្ឋ​អ៊័រីហ្គឹន នៃ​តំបន់​ឆ្នេរ​ខាងលិច រៀបចំ​កិច្ចប្រជុំ​ស្តីអំពី “ការ​ពិភាក្សា​លើ​វឌ្ឍនភាព​ការងារ និង​ទិសដៅ​អនុវត្ត​បន្ត” ជាមួយ​ប្រធាន អនុប្រធាន សមាជិក​គណៈកម្មាធិការ​សាខា​បក្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​រដ្ឋ​អ៊័រីហ្គឹន អម​ជាមួយ​ការ​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​អធិបតីភាព​ឯកឧត្តម​ឧកញ៉ា ស្រី ចាន់ថន អនុប្រធាន​តំបន់​ឆ្នេរ​ខាងលិច​ទទួល​បន្ទុក​រដ្ឋ​អ៊័រីហ្គឹន តាម​ប្រព័ន្ធ​អនឡាញ។

បុរស​ចូលរួម​មាន​ឈ្មោះ ដោក ខេមរិន្ទ, ឈឹម កុសាតសេរីវុទ្ធ, សេក រ៉ាតា, ឌី បូរីម៉ា, ជិន វិទូ, ឈ្មោះ ទឹង, ស្ត្រី អ៊ុង រដ្ឋា, កញ្ញា រ៉ាង។ បុរស យិន សាម៉ុន, ស្ត្រី រ៉ន់ដា រ៉ហ្សាន់ឌើ (Rhonda Rosander) ក៏​ស្ថិត​ក្នុង​ក្រុម​ការងារ​នេះ​ដែរ។

ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៩ ក្រុម​ការងារ​យុវជន​រដ្ឋ​អ៊័រីហ្គឹន រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ និង​ការ​ដាក់​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ​២០២០ និង​ពិសា​អាហារ​សាមគ្គី​របស់​ក្រុម​ការងារ​យុវជន​ក្រៅ​ប្រទេស​ប្រចាំ​រដ្ឋ​អ៊័រីហ្គឹន នៃ​តំបន់​ឆ្នេរ​ខាងលិច។

ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ក្រុម​ការងារ​យុវជន​ក្រៅ​ប្រទេស​ប្រចាំ​រដ្ឋ​អ៊័រីហ្គឹន បាន​នាំគ្នា​ទៅ​ស្រុក​ខ្មែរ​ដោយ​មាន​ការ​ទទួល​បដិសណ្ឋារកិច្ច​នៅ​ប្រទេស​កម្ពុជា​ពី​ក្រុម​ទទួល​ខុសត្រូវ​សម្រាប់​រដ្ឋ​អ៊័រីហ្គឹន ភាគ​ខាងលិច​សហរដ្ឋ​អាមេរិក។

ថ្មីៗ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ដែល​គាំទ្រ​រាជរដ្ឋាភិបាល និង​បក្ស​ប្រជាជន​កម្ពុជា ឲ្យ​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​វិមាន​សភាជាតិ​ដើម្បី​ឲ្យ​អ្នក​ធ្វើ​ច្បាប់​ដក​សញ្ជាតិ​អាមេរិកាំង​របស់​គេ​វិញ។ លោក​បាន​សម្ដែង​ប្រតិកម្ម​ទៅ​នឹង​ការ​ប្រកាស​ពី​លោក សម រង្ស៊ី ដែល​ថា​លោក​នឹង​រក​មេធាវី​ពិនិត្យ​មើល​លទ្ធភាព​ដក​សញ្ជាតិ​អាមេរិកាំង​ពី​ជនជាតិ​ខ្មែរ​ចូល​សញ្ជាតិ ព្រោះ​តែ​គេ​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា ដែល​ជា​អតីត​បក្ស​កុម្មុយនីស្ត និង​រាជរដ្ឋាភិបាល​ផ្ដាច់ការ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន និង​បក្សពួក​មួយ​ចំនួន​ដែល​ជា​អតីត​កម្មាភិបាល​យោធា​ជាន់ខ្ពស់​ខ្មែរក្រហម។

នៅ​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​តូច​នៅ​ក្រុង​ឡូវ៉ែល រដ្ឋ​ម៉ាស្សាឈូស្សេត៍ (Massachusetts) និង​ក្រុង​ខ្លះ​ទៀត​ក្នុង​កាលីហ្វ័នីញ៉ា ដឹកនាំ​ដោយ​សិល្បករ យស់ បូវណ្ណៈ បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក សម រង្ស៊ី ដែល​ចង់​ស្នើ​ឲ្យ​រដ្ឋាភិបាល​អាមេរិកាំង​ដក​សញ្ជាតិ​ពី​ខ្លួន។

នេះ​បង្ហាញ​ថា ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ស្តាប់ និង​ធ្វើ​តាម​ការ​អំពាវនាវ​ពី​លោក ហ៊ុន សែន ប៉ុន្តែ​ប្រឆាំង​នឹង​លោក សម រង្ស៊ី មិន​បាន​ទៅ​សុំ​ឲ្យ​អ្នក​ធ្វើ​ច្បាប់​អាមេរិកាំង​ដក​សិទ្ធិ ដក​សញ្ជាតិ​អាមេរិកាំង​របស់​គេ​នោះ​ទេ។ ទោះជាយ៉ាងណា​ក្តី ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​ខំ​លាក់​មុខ​លាក់​ឈ្មោះ មិន​ចង់​ឲ្យ​គេ​ដឹង​គេ​ស្គាល់​សុះសាយ​អំពី​ការ​ចូល​ធ្វើជា​សមាជិក​បក្ស​ប្រជាជន​កម្ពុជា ជា​អ្នកគាំទ្រ​បក្ស​កាន់​អំណាច​ផ្ដាច់ការ​ផ្ដាច់មុខ​នោះ ទីបំផុត​ក៏​បាន​ចេញ​បង្ហាញ​ខ្លួន​ជា​សាធារណៈ។

តើ​អ្នក​ណា​ចាញ់​កល​អ្នក​ណា​ឥឡូវ​នេះ បើសិនជា​គេ​មាន​រឿង?

ក្រៅពី​អ្វី​ដែល​លោក សម រង្ស៊ី បាន​អធិប្បាយ​អំពី​ច្បាប់​អន្តោប្រវេសន៍ និង​សញ្ជាតិ​អាមេរិកាំង ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​គួរ​ដឹង​ច្បាស់​ខ្លួនឯង​ថា តើ​ច្បាប់​ហ្នឹង​ចែង​ថា​ដូចម្តេច​ខ្លះ ហើយ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អនុវត្ត​តាម​ច្បាប់​ណា​ខ្លះ​ចំពោះ​ជនបរទេស​ចូល​សញ្ជាតិ មុន​នឹង​នាំគ្នា​ភ័យ​ឆោឡោ​លោត​តាម​លោក ហ៊ុន សែន ហើយ​កេណ្ឌ​គ្នា​ប្រឆាំង​នឹង​លោក សម រង្ស៊ី នោះ។

តុលាការ​ច្បាប់​សហរដ្ឋ​អាមេរិក​ចាប់​កំហុស​ដាក់​ទោស​ផ្ដន្ទា​មនុស្ស​ឈរ​លើ​ព័ស្តុតាង​ជាក់ស្តែង (material facts) អំពើ ទង្វើ​ដែល​ផ្ទុយ ឆ្គង ល្មើស​នឹង​មាត្រា​ច្បាប់​មាន​ចែង​ស្រាប់ ហៅ​ថា​ធរមាន ប្បញ្ញត្តិ មិនមែន​ប្រព្រឹត្ត​ទៅ​តាម​អារម្មណ៍ តាម​ទស្សនៈ យោបល់ ការ​យល់​ឃើញ ការ​ស្មាន ឬ​សន្និដ្ឋាន​គ្មាន​ការពិត​ពី​មនុស្ស​ណា​ម្នាក់​ទេ។

ភាគ​បន្ត សូម​ជូន​នៅ​សប្តាហ៍​ក្រោយ​ទៀត៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស