29 C
Phnom Penh

ហេតុ​អ្វី​បាន​ជា​លោក ម៉ៅ ធនិន មាន​អំណាច​អាច​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​សម្ដី​ផ្អែម មុខមាំ ម៉ឺងម៉ាត់ ប្រកប​ដោយ​ទេពកោសល្យ​ខ្ពស់ និង​វោហារសព្ទ​ពេញ​ខ្លួន​ដែល​ហ៊ាន​ចេញ​មុខ​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ថ្នាក់​មូលដ្ឋាន គឺ​លោក ម៉ៅ ធនិន។ មូលហេតុ​អ្វី​បាន​ជា​លោក ម៉ៅ ធនិន អាច​មាន​សិទ្ធិ និង​មាន​អំណាច​អាច​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន? តើ​បុរស​រូប​នេះ​ជា​នរណា​ឲ្យ​ប្រាកដ?

លោក ម៉ៅ ធនិន បច្ចុប្បន្ន​នេះ​ជា​អភិបាល​ខេត្ត​កំពត ទើប​បាន​តែងតាំង​ថ្មី​ជំនួស​លោក ជាវ តាយ ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​ខេត្ត​ពោធិ៍សាត់ វិញ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ លោក ម៉ៅ ធនិន បាន​ឆក់​យក​បេះដូង​ពលរដ្ឋ ជាពិសេស​អ្នក​នៅ​តាម​មូលដ្ឋាន​មិន​ចាញ់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្មាន​នោះ​ទេ ដោយសារតែ​វោហារសព្ទ​របស់​លោក។ គេ​អាច​និយាយ​បាន​តាម​មួយ​បែប​ទៀត​ថា ក្នុង​ចំណោម​អភិបាល​ខេត្ត​ទាំង ២៥​រាជធានី-ខេត្ត ស្ទើរតែ​ពុំ​មាន​អភិបាល​ខេត្ត​ណា​ម្នាក់​អាច​ទាក់ទាញ​ប្រជាប្រិយភាព​ស្មើ​លោក​បាន​នៅឡើយ​ដែរ​រហូត​មកដល់​ពេលនេះ។

លោក ម៉ៅ ធនិន ចាប់​ប្រើប្រាស់​ជំនាញ​របស់​លោក​ក្នុង​តួនាទី​ជា​ប្រធាន​គណៈកម្មាធិការ​សុរិយោដី​ថ្នាក់​ខេត្ត ដោះស្រាយ​បញ្ហា​ប្រឈម​នានា​កម្រិត​មូលដ្ឋាន​ជូន​ពលរដ្ឋ ក្រោយ​ពី​លោក​ឡើង​ជា​អភិបាល​ខេត្ត​ពោធិ៍សាត់។

នៅ​ចំពោះ​មុខ​បញ្ហា​ដែល​លោក​ដោះស្រាយ​បញ្ចប់​រឿង​វិវាទ គេ​សង្កេត​ឃើញ​ថា ភាគច្រើន​គឺជា​រឿង​ក្តី​ក្នុង​គ្រួសារ​ច្រើន​ជាង​បញ្ហា​ដែល​ប្រឈម​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដូចជា​ទំនាស់​ដី​សមូហភាព ឬ​ដី​សហគមន៍ ជាដើម។ យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​បែប​នេះ នាំ​ឱ្យ​លោក ម៉ៅ ធនិន អាច​ទទួល​បាន​ការ​ស្វាគមន៍ និង​សាទរ​មិន​តិច​ណាស់​ទេ​ពី​មហាជន​ទូទៅ។

លោក ម៉ៅ ធនិន ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ពលរដ្ឋ​កាល​លោក​នៅ​ជា​អភិបាល​ខេត្ត​ពោធិ៍សាត់។ រូបថត​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០២០។

តាម​ពិត​ទៅ យន្តការ​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ ក៏​ត្រូវ​បាន​កំណត់​ដោយ​ច្បាប់ និង​យន្តការ​មួយ​ចំនួន​ទៀត​ដែរ។ គោលការណ៍​នេះ ក៏​វា​មិន​ខុស​គ្នា​ទៅ​នឹង​នីតិវិធី​មួយ​ចំនួន ដូច​មាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស​ស្ដីពី​សមាជ​ជាតិ។

ប្រហែល​ស្ថិត​ក្រោម​នីតិវិធី​ទាំងនេះ​ហើយ​ទើប​អាច​ជា​ដើមចម​ដែល​នាំ​ឱ្យ​លោក ម៉ៅ ធនិន ប្រើប្រាស់​យន្តការ​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ យម​មក​អនុវត្ត​ក្នុង​ដែន​សមត្ថកិច្ច​របស់​លោក​ដែល​អាច​ធ្វើ​បាន។ បើ​គេ​ពិនិត្យ​មើល​ទៅ​ភាព​អំណោយផល​របស់​លោក ម៉ៅ ធនិន នៅ​ពេលនេះ អាច​មាន​ករណី​ពិសេស​ផ្សេង​ពី​នេះ​ផង​ក៏​ថា​បាន បើ​ធៀប​ទៅ​នឹង​ចៅហ្វាយ​ខេត្ត​ដទៃ​ទៀត។

គេ​ពិតជា​ពិបាក​ប្រកែក​បាន​ណាស់​ថា គ្រប់​ចៅហ្វាយ​ខេត្ត និង​គ្រប់​អាណត្តិ​នៃ​ការ​ផ្ទេរ​ខេត្ត​គ្នា​កាន់ សុទ្ធតែ​មាន​លទ្ធភាព​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន​ដូច​លោក ម៉ៅ ធនិន ណាស់។ បញ្ហា​នេះ បង្កើត​បាន​ជា​សំណួរ​ជាច្រើន​ថា តើ​មូលហេតុ​អ្វី​ទើប​លោក ម៉ៅ ធនិន អាច​មាន​សិទ្ធិ​ជ្រើសរើស​យន្តការ​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ​បាន? ហើយ​ហេតុ​អ្វី​បាន​ជា​ចៅហ្វាយ​ខេត្ត​ផ្សេង​ទៀត​មិន​អនុវត្ត​ដូច​ចៅហ្វាយ​ខេត្ត​កំពត ដែល​ទើប​ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​ផ្ទេរ​ភារកិច្ច​ថ្មី​នេះ​ដែរ​ទៅ?

មាន​ដើម​កំណើត​នៅ​ខណ្ឌ​ច្បារអំពៅ ទីក្រុង​ភ្នំពេញ ហើយ​ម្តាយ​ជា​គ្រូពេទ្យ លោក ម៉ៅ ធនិន បាន​រៀបការ​ជាមួយ​អ្នកស្រី ហ៊ុន ចាន់ធី ដែល​ត្រូវ​ជា​កូនស្រី​បង្កើត​របស់​អ្នកស្រី ហ៊ុន ប៊ុនធឿន។ អ្នកស្រី ហ៊ុន ប៊ុនធឿន គឺជា​ប្អូនស្រី​ពៅ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ បើ​និយាយ​ទៅ អភិបាល​ខេត្ត​កំពត នៅ​ពេលនេះ គឺជា​ក្មួយ​ប្រសា​របស់​លោក ហ៊ុន សែន តែម្តង។

លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត និង​ភរិយា អ្នកស្រី ហ៊ុន ចាន់ធី។

ភាព​លេចធ្លោ​របស់​លោក ម៉ៅ ធនិន នេះ​វា​អាច​គួបផ្សំ​នឹង​ទេពកោសល្យ​របស់​លោក​ដែរ។ បើ​ពិនិត្យ​រាល់​ការ​សម្រេច​ក្តី​ម្តងៗ​ដែល​មហាជន​ផ្សព្វផ្សាយ​តាមរយៈ​បណ្ដាញ​សង្គម លោក​ហាក់​មាន​សិល្បៈ​ក្នុង​ការ​បញ្ចុះបញ្ចូល និង​សម្របសម្រួល​ភាគី​ទំនាស់​ទាំងសងខាង​បាន​យ៉ាង​ល្អ។ ករណី​នេះ​ទំនង​ផ្តើម​ចេញពី​ការ​ផ្សះផ្សា​វិវាទ​ដែល​មិន​រំលោភ​នឹង​គោល​នយោបាយ​បែប​នេះ​ហើយ ទើប​រដ្ឋាភិបាល​នៅ​បន្ត​ឱ្យ​លោក ម៉ៅ ធនិន ប្រើប្រាស់​យន្តការ​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ​រហូត​ដល់​ខេត្ត​កំពត ទៀត។

យ៉ាងណា បើ​គិត​ឱ្យ​បាន​សមហេតុផល (Logical) រដ្ឋាភិបាល ពិសេស​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ទទួល​បាន​សំឡេង​គាំទ្រ​មិន​ណយ​ប៉ុន្មាន​ដែរ​តាមរយៈ​វេទិកា​ដែល​លោក ម៉ៅ ធនិន ប្រើប្រាស់​នេះ។ មែនទែន​ទៅ បើ​ទោះ​ជា​វេទិកា​នេះ​មើល​ទៅ​ហាក់​សាមញ្ញ​បន្តិច​មែន ហើយ​បញ្ហា​ដែល​បាន​លើក​យក​មក​ដោះស្រាយ វា​ដូចជា​ធម្មតា ប៉ុន្តែ​នេះ​ជា​ជីវិត​ស្លាប់​រស់​របស់​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ដែល​ពួកគាត់​បាន​ជួប​ផ្ទាល់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។

ដោយសារ​បញ្ហា​អសកម្ម ឬ​អយុត្តិធម៌​តូចៗ​កើតឡើង​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​សំឡេង​ឆ្នោត​របស់​បក្ស​ប្រជាជន​កម្ពុជា ត្រូវ​ដាំ​ក្បាល​ចុះ​ស្ទើរ​ហៅ​លែង​ឮ​នៅ​តំបន់​ខ្លះ ក្នុង​ពេល​ដែល​បក្ស​ប្រឆាំង​មិនទាន់​ត្រូវ​បាន​រំលាយ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ម៉ៅ ធនិន។

គេ​នៅចាំ​បាន​ថា លោក ហ៊ុន សែន មាន​ប្រតិកម្ម​ខ្លាំង​ចំពោះ​លោក ម៉ៅ ធនិន ដោយសារ​សំឡេង​ឆ្នោត​នៅ​តំបន់​មួយ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ឡពាង ត្រូវ​បាត់បង់។ ការ​ធ្លាក់​ចុះ​សំឡេង​គាំទ្រ​នេះ ទំនង​ជា​លោក ហ៊ុន សែន មើលឃើញ​ថា​ផ្តើម​ចេញពី​ជម្លោះ​ដីធ្លី​ដែល​បង្ក​ឡើង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល គឺ​លោក ស៊ុយ សែម បណ្តាល​ឱ្យ​ពលរដ្ឋ​ខឹងសម្បា។ ក្រោយមក គេ​សង្កេត​ឃើញ​វេទិកា​សាធារណៈ​មួយ​បាន​ផុស​ឡើង។ ក្នុង​តំណែង​ជា​ចៅហ្វាយ​ខេត្ត​ប្រមាណ ៧​ឆ្នាំ​នៅ​ឯ​ខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន ក្នុង​រយៈពេល​ចុងក្រោយ​ហាក់​ទទួល​បាន​ការ​ស្វាគមន៍​មកវិញ​ពី​ពលរដ្ឋ​នៅ​ទីនោះ។ ចាប់តាំង​ពី​ពេល​នោះ​ហើយ លោក ម៉ៅ ធនិន ចាប់​មាន​កេរ្តិ៍ឈ្មោះ ហើយ​បាន​ឆក់​យក​ទឹកចិត្ត​របស់​ពលរដ្ឋ បន្ទាប់ពី​រឿង​ក្តី​មួយ​ចំនួន​ត្រូវ​បាន​ដោះស្រាយ​ជា​បន្តបន្ទាប់។ ភាព​ជោគជ័យ​នេះ លោក​បាន​យក​មក​សាបព្រោះ​បន្ត​រហូត​ដល់​ខេត្ត​កំពត ទៀត។

លោក ម៉ៅ ធនិន ធ្លាប់​ជា​អភិបាល​រង​ខេត្ត​ស្ទឹងត្រែង ប្រមាណ ៣​ឆ្នាំ មុន​នឹង​លោក​ត្រូវ​ផ្លាស់​មក​ជា​ចៅហ្វាយ​ខេត្ត​ពោធិ៍សាត់។ ប៉ុន្តែ​ទន្ទឹម​នឹង​ភាព​ជោគជ័យ​នេះ នៅ​ពីក្រោយ​ជីវិត​ឯកជន​របស់​លោក ក៏​មាន​រឿង​អាស្រូវ​ជាច្រើន​ផង​ដែរ។

អំឡុង​ពេល​ជា​អភិបាល​រង​ខេត្ត លោក ម៉ៅ ធនិន បាន​សាងសង់​ភូមិគ្រឹះ​ដែល​ធ្វើ​ពី​ឈើ​ប្រណិត​មិន​ចាញ់​ភូមិគ្រឹះ​របស់​លោក​នៅ​ម្តុំ​បុប្ផា​ព្រែកឯង​ប៉ុន្មាន​ដែរ។ ថ្វីត្បិត​ភូមិគ្រឹះ​ដែល​ធ្វើ​ពី​ឈើ​ក៏​ពិតមែន ប៉ុន្តែ​សុទ្ធតែ​ជា​ប្រភេទ​ឈើ​ប្រណិត ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​តម្លៃ​ថា ភូមិគ្រឹះ​នៅ​ស្ទឹងត្រែង​នោះ​ធ្វើ​អស់​តម្លៃ​រាប់​លាន​ដុល្លារ​អាមេរិក ហើយ​ជា​ភូមិគ្រឹះ​ដែល​នៅ​ជាប់​នឹង​ទន្លេ​សេកុង​តែម្តង។

ចំណែក​ភូមិគ្រឹះ​ដែល​ដាក់​ឈ្មោះ​ថា «ធនិន នរបតី» ជំនាន់​ទី​២ ឯណេះ​វិញ ត្រូវ​បាន​សាងសង់​ឡើង​លើ​ផ្ទៃដី​ទំហំ​ប្រមាណ ៥​ហិកតារ។ ទីតាំង​ថ្មី​មួយ​ទៀត​នេះ​ស្ថិតនៅ​សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ ជាប់​នឹង​ទន្លេ​បាសាក់ រាជធានី​ភ្នំពេញ។ ទីតាំង​ភូមិគ្រឹះ​ថ្មី​ដែល​មើល​ទៅ​បំពាក់​ដោយ​ឈើ​ប្រណិត​រំលេច​ដោយ​ក្បូរក្បាច់ និង​ប្រក់​ដោយ​ក្បឿង ហើយ​មាន​រចនាបថ​តាម​បែប​ខ្មែរ​បុរាណ​ពី​អតីតកាល​ផង​នោះ ត្រូវ​បាន​គេ​ឃើញ​ជា​លើកដំបូង​តាមរយៈ​វីដេអូ​ខ្នាត​ខ្លី​មួយ​នៅ​ក្នុង​បណ្ដាញ​សង្គម នៅ​ចំ​ថ្ងៃ​ភ្ជាប់​ពាក្យ​កូនស្រី​ច្បង​របស់​លោក កាលពី​ខែ​ឧសភា ឆ្នាំ​២០១៨ កន្លងមក​នេះ។

ភូមិគ្រឹះ ធនិន​នរបតី​ជំនាន់​ទី​២ ដែល​សង់​លើ​ផ្ទៃដី​ទំហំ​ប្រមាណ ៥​ហិកតារ​របស់​អភិបាល​ខេត្ត​កំពត​បច្ចុប្បន្ន លោក ម៉ៅ ធនិន ស្ថិត​នៅ​សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

លោក ម៉ៅ ធនិន និង​ភរិយា អ្នកស្រី ហ៊ុន ចាន់ធី មាន​កូន ៣​នាក់​នៅ​ក្នុង​បន្ទុក គឺ​ស្រី​២ និង​ប្រុស​ម្នាក់។ កូនស្រី​ច្បង​របស់​លោក​ឈ្មោះ ម៉ៅ នរនាថ ត្រូវ​បាន​ផ្គូផ្គង​ជាមួយ​នឹង​លោក នាវ ស៊ីចាន់ ត្រូវ​ជា​កូនប្រុស​របស់​អតីត​ចៅហ្វាយ​ខេត្ត​កំពង់ស្ពឺ លោក នាវ ស៊ីថុង និង​អ្នកស្រី នាវ ចន្ទថាណា អតីត​អគ្គ​ព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍​កូតា​មកពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ហើយ​បច្ចុប្បន្ន​អ្នកស្រី​ជា​ទេសាភិបាល​រង​ធនាគារ​ជាតិ​នៃ​កម្ពុជា។

ការ​ផ្សា​សាច់ឈាម​ប៉ះ​ចំ​កន្លែង​ខ្លាញ់​ដូចនេះ​ហើយ ទើប​គេ​ឃើញ​នៅ​ថ្ងៃ​ភ្ជាប់​ពាក្យ​ដំបូង ក្រុម​គ្រួសារ​ខាង​កូនកំលោះ​បាន​ផ្តល់​មាស​សុទ្ធ​ទម្ងន់ ៥​គីឡូក្រាម​ជា​ថ្លៃ​បណ្ណាការ និង​ទុក​ជា​ចំណងដៃ។

លោក ម៉ៅ ធនិន បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​ទុតិយភូមិ ឬ​ហៅថា​បាក់ឌុប (Bac II) នៅ​អំឡុង​ឆ្នាំ​១៩៨៩ និង​បន្ត​ការ​សិក្សា​នៅ​រុស្ស៊ី។ បើ​តាម​ប្រវត្តិ​ការ​សិក្សា​នៅ​លើ​ទឹកដី​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ លោក​សិក្សា​មិន​បាន​គ្រប់​ឆ្នាំ​ទេ ហើយ​ក៏​ត្រឡប់​មក​ស្រុក​វិញ។

សព្វថ្ងៃ​នេះ លោក ម៉ៅ ធនិន ក្រៅពី​មាន​តួនាទី​ជា​ចៅហ្វាយ​ខេត្ត​កំពត លោក​ក៏​មាន​តួនាទី​នៅ​ក្នុង​បក្ស​មួយ​ទៀត ជា​សមាជិក​មជ្ឈិម​បក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។ ចំណែក​ភរិយា​របស់​លោក គឺ​អ្នកស្រី ហ៊ុន ចាន់ធី មាន​ឋានៈ​ជា​ប្រធាន​កិត្តិយស​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍។

លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត និង​ភរិយា អ្នកស្រី ហ៊ុន ចាន់ធី។

យ៉ាងណា ការ​បញ្ចេញ​មន្ត្រី​មាន​វោហារសព្ទ​ទៅ​តាម​មូលដ្ឋាន​មួយ​ក្ដារ​នេះ ទំនង​ជា​រដ្ឋាភិបាល​ឯក​បក្ស​ចង់​ស្វះស្វែង​រក​ការ​ជឿ​ទុកចិត្ត​ពី​មហាជន​ខ្លះៗ​មកវិញ​ប៉ុណ្ណោះ ក្នុង​ពេល​ប្រជាប្រិយភាព​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា ហាក់​ស្រកស្រុត​ចុះ​ខ្លាំង​នៅ​ថ្នាក់​មូលដ្ឋាន។ បើ​ទោះបីជា​រដ្ឋាភិបាល ជាពិសេស​គណបក្ស​ប្រជាជន​កម្ពុជា ពិតជា​មិន​ចង់​មាន​តួអង្គ​ណា​ដែល​លេចធ្លោ​ជាង​លោក ហ៊ុន សែន ឬ​កូនចៅ​របស់​គាត់​ផ្ទាល់​ឡើយ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស