28 C
Phnom Penh

កម្លាំង​ចម្រុះ​ប្រឆាំង​របប​សឹក​ភូមា សច្ចា​រារាំង​លោក ហ៊ុន សែន មិន​ឱ្យ​ជាន់​ដី​ភូមា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្លាំង​ចម្រុះ​ប្រឆាំង​របប​សឹក​ភូមា បាន​សច្ចា​ថា ពួកគេ​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ស្ថិត​ក្នុង​ដែន​អំណាច​របស់​ខ្លួន ដើម្បី​រារាំង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​មាន​ផែនការ​ជាន់​ដី​ភូមា នៅ​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ ដើម្បី​ជួប​មេ​រដ្ឋប្រហារ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ភូមា ឈ្មោះ​ថា Myanmar Now ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​៥ មករា នេះ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី​៤ ខែ​មករា ឆ្នាំ​២០២២ នេះ កម្លាំង​សម្របសម្រួល​ការ​វាយប្រហារ​ដែល​ជា​ក្រុម​ចម្រុះ​ចំនួន ២៦០​អង្គភាព បាន​និយាយ​ថា ខ្លួន​កំពុង​តវ៉ា​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ដែល​ក្រុម​ប្រឆាំង​របប​សឹក​ភូមា ថា​ជា​ការ​ស្វែងរក​ការ​ធ្វើ​សមាហរណកម្ម​ឱ្យ​ក្រុមប្រឹក្សា​យោធា​ទៅ​ក្នុង​សហគមន៍​អាស៊ាន គឺជា​ការ​ប្រមាថ​ដល់​ប្រជាជន​ភូមា។

ក្រុម​នេះ​បាន​ប្រកាស​ថ្កោលទោស​លោក ហ៊ុន សែន ដោយ​ចាត់ទុក​ថា​ជើង​របស់​លោក ហ៊ុន សែន ជាន់​ទឹកដី​ភូមា គឺជា​ការ​បង្ហាញ​ការ​គាំទ្រ​របប​ភេរវកម្ម​របស់​ពួក​យោធា​ភូមា ដោយ​សច្ចា​ថា​នឹង​មិន​ឱ្យ​លោក ហ៊ុន សែន ជាន់​ដី​ភូមា​បាន​ឡើយ។

បើ​តាម​ការ​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា លោក ហ៊ុន សែន នឹង​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​ភូមា តាម​ការ​អញ្ជើញ​របស់​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​នៃ​សាធារណរដ្ឋ​សហភាព​ភូមា នៅ​ថ្ងៃ​ទី​៧ មករា ហើយ​ទស្សនកិច្ច​នេះ​មាន​រយៈពេល ២​ថ្ងៃ។ មន្ត្រី​ជាន់ខ្ពស់​អម​ដំណើរ​លោក ហ៊ុន សែន រួម​មាន​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​នាក់​ទៀត។

នៅ​ក្នុង​ប្រទេស​ភូមា លោក ហ៊ុន សែន នឹង​ជួប​ពិភាក្សា​ជាមួយ​លោក មីន អ៊ុងឡាំង។ ក្នុង​ជំនួប​នោះ លោក ហ៊ុន សែន នឹង​លើកឡើង​អំពី​សហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី រួម​នឹង​ស្ថានភាព​នៅ​ក្នុង​តំបន់​អាស៊ាន។

មាន​ការ​ព្រួយ​បារម្ភ​អំពី​ភាព​លម្អៀង​របស់​លោក ហ៊ុន សែន ជាមួយ​នឹង​ពួក​យោធា​ភូមា ទៅ​លើ​ការ​អនុវត្ត​កុងសង់ស៊ីស ៥​ចំណុច​របស់​មេដឹកនាំ​អាស៊ាន ដែល​បាន​ឯកភាព​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​កាលពី​ខែ​មេសា ឆ្នាំ​២០២១ កន្លងទៅ ដោយ​ប្រាប់​យោធា​ភូមា​ត្រូវ​បញ្ចប់​ហិង្សា និង​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ​តាមរយៈ​ការ​ចរចា​រវាង​ពួក​យោធា និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់។

សមាជិក​ក្រុម​ចម្រុះ​ប្រឆាំង​របប​សឹក Chit Win Maung និយាយ​ថា គោលការណ៍ ៥​ចំណុច តាម​មើល​ទៅ គឺ​មេដឹកនាំ​កម្ពុជា​ចង់​ទុក​ចោល ខណៈ​គេ​បាន​រក​ឃើញ​ថា កម្ពុជា​បាន​បញ្ជូន​សារលិខិត​ទៅ​កាន់​មេដឹកនាំ​យោធា​ភូមា ដោយ​អបអរ​សាទរ​ទិវា​ឯករាជ្យ​ជាតិ​ភូមា ដែល​បាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃ​ទី​៤ ខែ​មករា។

លោក ហ៊ុន សែន កាលពី​ខែ​មុន​នេះ បាន​ជួប​នឹង​រដ្ឋមន្ត្រី​ការបរទេស​ភូមា នៃ​របប​សឹក​ភូមា ដែល​បាន​មក​ជួប​លោក​ដោយ​ផ្ទាល់​ក្នុង​ទីក្រុង​ភ្នំពេញ។ ក្រោយ​ពី​ជំនួប​ជាមួយ​លោក Wunna Maung Lwin ក្រសួង​ការបរទេស​កម្ពុជា ប្រកាស​ទទួល​យក​ការ​ស្នើ​ឱ្យ​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ភូមា ដើម្បី​ជួប​នឹង​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែល​ជា​មេ​រដ្ឋប្រហារ។ ក្រោយ​ពី​កម្ពុជា​ប្រកាស​ដូចនេះ ក៏​ធ្វើ​ឱ្យ​មាន​ការ​តវ៉ា​មួយ​របស់​ប្រជាជន​ភូមា ដោយ​ពួកគេ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​រដ្ឋធានី​យ៉ាំងហ្គូន ហើយ​ដែល​នៅ​ពេល​នោះ​មាន​គ្រាប់បែក​ចំនួន ២​គ្រាប់​ត្រូវ​បាន​បំផ្ទុះ ដោយ​សង្ស័យ​ថា​ក្រុម​ប្រឆាំង​របប​សឹក​ជា​អ្នក​បង្កើត​ព្រឹត្តិការណ៍​នេះ។

ទោះ​ជា​មាន​ការ​គំរាមកំហែង​សុវត្ថិភាព​របស់​លោក ហ៊ុន សែន ក៏ដោយ ក៏​មេដឹកនាំ​កម្ពុជា​រូប​នេះ​មិន​បាន​ផ្លាស់ប្ដូរ​ជំហរ​របស់​លោក​នោះ​ទេ ដែល​ត្រូវ​ទៅ​កាន់​ប្រទេស​ភូមា។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា។ លោក កុយ គួង បញ្ជាក់​ទៀត​ថា លោក ហ៊ុន សែន នឹង​ទៅ​កាន់​ប្រទេស​ភូមា ដូច​អ្វី​ដែល​បាន​គ្រោង​ទុក។ តែ​ជាមួយ​គ្នា​នេះ អ្នក​នាំពាក្យ​របប​សឹក Zaw Min Tun បាន​បង្ហើប​ថា លោក ហ៊ុន សែន ទោះ​ជា​មាន​បំណង​ជួប​អ្នកស្រី អ៊ុងសាន ស៊ូជី ក៏ដោយ ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឡើយ។

ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅកាន់​ប្រទេស​ភូមា ចំ​ពេល​ស្ថានការណ៍​សឹក​នៅ​ភូមា​កំពុង​ផ្ទុះ​ឡើង​ធ្ងន់ធ្ងរ គឺ​នៅ​ទូទាំង​ប្រទេស។

ការិយាល័យ​កិច្ចការ​មនុស្សធម៌​នៃ​អង្គការ​សហប្រជាជាតិ ឲ្យ​ដឹង​ថា ចំនួន​ជនភៀសខ្លួន​កើន​ឡើង​ជាង ៦៥​ម៉ឺន​នាក់ ចាប់តាំង​ពី​រដ្ឋប្រហារ​ផ្ទុះឡើង​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១។

លោក Chit Win Maung សមាជិក​ក្រុម​ចម្រុះ​ប្រឆាំង​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន និយាយ​ថា បំណង​របស់​លោក ហ៊ុន សែន គឺ​ចង់​ធ្វើ​ឱ្យ​របប​សឹក​ភូមា មាន​ភាព​ស្រប​ច្បាប់ ដែល​លោក​ថា​ជា​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ឆន្ទៈ​របស់​ប្រជាជន​ភូមា។ លោក​បញ្ជាក់​ថា ប្រជាជន​ភូមា​មិន​ចង់​ឲ្យ​មេដឹកនាំ​ផ្ដាច់ការ​របស់​កម្ពុជា មក​ជួប​មេដឹកនាំ​ផ្ដាច់ការ​ភូមា​ដូច​គ្នា​នោះ​ទេ។

នៅ​ខណៈ​នេះ​ដែរ នៅ​លើ​បណ្ដាញ​សង្គម​ទ្វិតធើ មាន​ការ​ចូល​ទៅ​បញ្ចេញមតិ​ជុំវិញ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ភូមា។ អ្នក​បញ្ចេញមតិ​ទាំងនោះ ភាគច្រើន​ជា​អ្នកជំនាញ​សិទ្ធិមនុស្ស។ ដូចជា​បុរស​ម្នាក់​ឈ្មោះ​ថា Kenneth Roth ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ Human Rights Watch បាន​សរសេរ​ថា វា​អាក្រក់​ណាស់​ទៅ​ហើយ​ដែល​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ក្នុង​នាម​តំណាង​អាស៊ាន លើក​សំណើ​ទៅ​ជួប​មេ​រដ្ឋប្រហារ​នៅ​ពេល​ដែល​របប​សឹក​ភូមា មិន​ឲ្យ​លោក ហ៊ុន សែន ជួប​មេដឹកនាំ​ប្រជាធិបតេយ្យ​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន ដូចជា​អ្នកស្រី អ៊ុងសាន ស៊ូជី ជាដើម។

រីឯ​លោក Johann Solomon សរសេរ​ថា ពួក​យោធា​ភូមា ជា​បុគ្គល​ដែល​កំពុង​មាន​ជាប់ចោទ​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​ជៀស​មិន​រួច​ទេ នឹង​ត្រូវ​នាំ​ខ្លួន​ទៅ​ជំនុំជម្រះ​ក្ដី​នៅ​តុលាការ ICC នៅ​ប្រទេស​ហុឡង់ដ៍ ដែល​មិន​ត្រូវ​រាប់អាន​មនុស្ស​ដូចនេះ​ទេ។ លោក​ថា ការ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា លុះត្រាតែ​កាត់ទោស​ជនជាប់ចោទ​រូប​នេះ​ហើយ​សិន។

បុរស​ម្នាក់​ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​មនុស្សធម៌​របស់​រដ្ឋាភិបាល​ស្រមោល​នៃ​ប្រទេស​ភូមា គឺ​លោក Win Myat Aye បាន​សរសេរ​ថា ប្រជាជន​កម្ពុជា​បាន​ថ្កោលទោស​ខ្លាំង​ណាស់​ទៅ​លើ​នាយករដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ ដែល​ព្យាយាម​ទទួលស្គាល់​របប​សឹក​របស់​មេ​រដ្ឋប្រហារ មីន អ៊ុងឡាំង។ លោក​បញ្ជាក់​ថា លោក ហ៊ុន សែន មិន​បាន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​នោះ​ទេ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស