29 C
Phnom Penh

វៀតណាម​ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​និង​ព្រមព្រៀង​នានា​ជាមួយ​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បក្ស​កុម្មុយនីស្ត​វៀតណាម ប្ដេជ្ញាចិត្ត​ពង្រីក និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ រួម​ទាំង​កិច្ចព្រមព្រៀង​ទាំងឡាយ​របស់​ថ្នាក់​ដឹកនាំ​កម្ពុជា និង​វៀតណាម ដែល​បាន​ព្រមព្រៀង​គ្នា​កន្លងមក​ឱ្យ​កាន់តែ​ប្រសើរ​ឡើង។

តាមរយៈ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន បាន​សរសេរ​នៅ​ថ្ងៃ​ទី​២៧ មេសា នេះ​ថា ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សមាជិក​ការិយាល័យ​នយោបាយ​បក្ស​កុម្មុយនីស្ត​វៀតណាម និង​ជា​លេខា​បក្ស​រដ្ឋធានី​ហាណូយ លោក ឌិញ ទៀនហ្ស៊ុង បាន​ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋធានី​ហាណូយ និង​រាជធានី​ភ្នំពេញ។

បើ​តាម​លោក ហ៊ុន សែន ក្នុង​ជំនួប​ពិភាក្សា​ការងារ​នោះ វៀតណាម​ថា​នឹង​ពង្រីក​ពង្រឹង​មិត្តភាព និង​ការ​អនុវត្ត​ឲ្យ​ទទួល​បាន​នូវ​ភាព​ជោគជ័យ​នូវ​រាល់​សេចក្តី​ថ្លែងការណ៍ ក៏ដូចជា​កិច្ចព្រមព្រៀង​ទាំងឡាយ​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ដែល​បាន​ព្រមព្រៀង​គ្នា​កន្លងមក។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បង្ហាញ​ពី​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ស្រប​ពេល​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា-វៀតណាម​បាន​កើនឡើង​លើស​ផែនការ ៥​ពាន់​លាន​ដុល្លារ។

ទោះជា​យ៉ាងនេះ​ក្តី លោក ហ៊ុន សែន ថា​កម្ពុជា-វៀតណាម​នឹង​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការ​កែប្រែ​តំបន់​ដែល​ធ្លាប់​ជា​តំបន់​ប្រយុទ្ធ​គ្នា​ឱ្យ​ទៅ​ជា​តំបន់​អភិវឌ្ឍន៍ តំបន់​សេដ្ឋកិច្ច​ពិសេស និង​ពាណិជ្ជកម្ម​បន្ថែម​ទៀត រួម​ជាមួយ​នឹង​ការ​ពិនិត្យ​មើល​អ្វី​ដែល​រដ្ឋធានី​ហាណូយ និង​រាជធានី​ភ្នំពេញ អាច​ធ្វើ​ការ​រួម​គ្នា​បន្ត​ទៀត​បាន​នៅពេល​ខាងមុខ។

យោង​តាម​សៀវភៅ ១៣​ទសវត្សរ៍​នៃ​ដំណើរ​កម្ពុជា ដែល​សរសេរ​ដោយ​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បាន​សរសេរ​ថា៖ «កម្ពុជា-វៀតណាម ជា​ធាតុ​ពីរ​ដែល​មិន​អាច​ខ្វះ​មួយ​ណា​បាន​ឡើយ»។

កាលពី​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​១៩៧៩ មួយ​ថ្ងៃ​ក្រោយ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​ដួល​រលំ ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា​ក្រោម​អាណាព្យាបាល​របស់​វៀតណាម។ សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១២ មករា ដោយ​មាន​លោក ហេង សំរិន ជា​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋ (មាន​ឋានៈ​ស្មើ​នឹង​ប្រមុខ​រដ្ឋ) និង​លោក ប៉ែន សុវណ្ណ ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈរដ្ឋមន្ត្រី (មាន​ឋានៈ​ស្មើ​នឹង​នាយករដ្ឋមន្ត្រី)។

កាលពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​១៩៧៩ រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មិត្តភាព​សម្រាប់​រយៈពេល ២៥​ឆ្នាំ។ តាមរយៈ​សន្ធិសញ្ញា​នេះ បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​បាន​សុខចិត្ត​ទទួល​យក​អាណាព្យាបាល​វៀតណាម​នៅ​កម្ពុជា ដោយ​អនុញ្ញាត​ឲ្យ​កងទ័ព​វៀតណាម ប្រមាណ ១៥​ម៉ឺន​នាក់​ឈរ​ជើង​នៅ​លើ​ទឹកដី​កម្ពុជា។ នៅ​ក្នុង​ផ្នែក​ស៊ីវិល​វិញ វៀតណាម​បាន​ដាក់​អ្នក​ជំនាញការ​នៅ​តាម​គ្រប់​មន្ទីរ ក្រសួង​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស