28 C
Phnom Penh

បទវិភាគ៖ តើ​សន្តិភាព និង​សេរីភាព​មាន​តម្លៃ​បែប​ណា​សម្រាប់​ពលរដ្ឋ​អ៊ុយក្រែន?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សន្តិភាព និង​សេរីភាព គឺ​សុទ្ធតែ​សំខាន់​សម្រាប់​មនុស្ស​ជាតិ ប៉ុន្តែ​តម្លៃ​របស់​វា​គឺ​ប្រែប្រួល​ទៅ​តាម​ជំហរ​របស់​មនុស្ស។ គេ​និយាយ​ថា ត្រូវការ​មនុស្ស​ពីរ​នាក់​ដើម្បី​សន្តិភាព ប៉ុន្តែ​ត្រូវការ​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ​ដើម្បី​បង្ក​សង្គ្រាម។

សម្រាប់​ជន​កំសាក គេ​តែងតែ​លើកឡើង​អំពី​តម្លៃ​សន្តិភាព​ជា​ខែល​នៃ​ការ​មិន​ហ៊ាន​តស៊ូ​ប្រយុទ្ធ និង​សុខចិត្ត​រស់នៅ​ដោយ​រណប​ជាមួយ​នឹង​អ្នក​ដែល​ខ្លាំង​ជាង​ខ្លួន។ រីឯ​ជន​ផ្ដាច់ការ​ដែល​មាន​អំណាច​ខ្លាំង គេ​តែងតែ​ចង់​ឱ្យ​មនុស្ស​ដែល​ស្ថិត​ក្រោម​អំណាច​របស់​ខ្លួន ធ្វើ​អ្វីៗ​តាម​ខ្លួន ដើម្បី​ទទួល​បាន​សន្តិភាព។

ជាក់ស្តែង លោក ហ៊ុន សែន តែងតែ​ធ្វើ​តាម​ប្រទេស​វៀតណាម​ដើម្បី​ទទួល​បាន​សន្តិភាព និង​តែងតែ​ចង់​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​អ្វីៗ​តាម​គាត់ ដើម្បី​ទទួល​បាន​សន្តិភាព ឬ​សេចក្តី​សុខ។ ប៉ុន្តែ​គេ​ក៏​ឃើញ​មាន​ក្រុម​មនុស្ស​ដែល​ក្លាហាន​ហ៊ាន​តស៊ូ​ប្រឆាំង​នឹង​អំពើ​ជិះជាន់​ផង​ដែរ​ដើម្បី​សេរីភាព។ សម្រាប់​ក្រុម​មនុស្ស​បែបនេះ សេរីភាព​គឺ​មាន​តម្លៃ​ជាង​អ្វីៗ​ទាំងអស់ ព្រោះ​ពួកគេ​មិន​ព្រម​រស់នៅ​ក្រោម​នឹម​ធ្វើជា​អាយ៉ង​ប្រទេស ឬ​ក្រុម​ណា​មួយ។

លោក ហ៊ុន សែន តែងតែ​ខំ​បង្ហាញ​ប្រជាពលរដ្ឋ​ខ្មែរ និង​ពិភពលោក​ថា​គាត់​ជា​អ្នក​ស្រឡាញ់​សន្តិភាព និង​ជា​អ្នក​កសាង​សន្តិភាព​ក្នុង​ប្រទេស​កម្ពុជា។ ជាមួយ​នឹង​អំនួត​បែបនេះ លោក ហ៊ុន សែន ប្រឹង​ព្យាយាម​ធ្វើ​ខ្លួន​ឱ្យ​ក្លាយ​ជា​និមិត្តរូប​សន្តិភាព។

គាត់​បាន​ឱ្យ​គេ​សរសេរ​យីហោ «អរគុណ​សន្តិភាព» នៅ​កញ្ចប់​អំណោយ​ផ្សេងៗ និង​ព្យួរ​តាម​ស្ថាប័ន​រដ្ឋ និង​ឯកជន​នានា។ ពលរដ្ឋ​ដែល​បាន​ទទួល​អំណោយ​របស់​រដ្ឋ និង​សប្បុរសជន​ទាំងនោះ​ត្រូវ​បាន​គេ​បង្គាប់​ឱ្យ​និយាយ​ថា អរគុណ​សន្តិភាព។

ស្រដៀង​គ្នា​នេះ​ដែរ បុគ្គលិក​ក្នុង​ស្ថាប័ន​រដ្ឋ និង​ឯកជន​ខ្លះ ត្រូវ​បាន​គេ​តម្រូវ​ឱ្យ​តម្រង់​ជួរ​ចូល​គោរព​ផ្លាក “អរគុណ​សន្តិភាព” ម្តង​ម្នាក់ៗ​ប្រៀប​ដូច​គេ​ចូល​គោរព​ពិធី​បុណ្យសព​អ៊ីចឹង​ដែរ។ បន្តិច​ទៀត បរិពារ​លោក ហ៊ុន សែន អាច​នឹង​តម្រូវ​ឲ្យ​មនុស្សម្នា​ផង​ពួង​ហៅ​លោក ហ៊ុន សែន ថា​បិតា​សន្តិភាព ជា​បរិវារស័ព្ទ​ត​ភ្ជាប់​នឹង​គោរមងារ​របស់​លោក​មិនខាន​ឡើយ។

លោក ហ៊ុន សែន ប្រហែលជា​គិត​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវការ​ពាក្យ​សន្តិភាព​នេះ​ជាង​អ្វីៗ​ទាំងអស់។ ដើម្បី​បង្ក្រាប​ក្រុម​ប្រឆាំង និង​សកម្មជន លោក ហ៊ុន សែន តែងតែ​ស្រែក​ថា​លោក​នឹង​កម្ចាត់​ចោល​ទាំងអស់ ទោះ​ជា​ក្នុង​តម្លៃ​ណា​ក៏ដោយ គឺ​ដើម្បី​ការពារ​សន្តិភាព។ ប៉ុន្តែ​ទោះបីជា​លោក ហ៊ុន សែន និង​របប​គាត់​ខំ​ប្រឹងប្រែង​យក​យីហោ​សន្តិភាព​នេះ​មក​ឃោសនា​យ៉ាង​ណា​ក្តី ក៏​វា​ហាក់ដូចជា​គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទាក់ទាញ​បេះដូង​ប្រជាពលរដ្ឋ​ខ្មែរ​ដើម្បី​ទទួលស្គាល់​គាត់​ថា​ជា​វីរបុរស​សន្តិភាព​អ្វី​នោះ​ដែរ។

គេ​អាច​ធ្វើ​ការ​អះអាង​បែបនេះ ដោយ​ប្រៀបធៀប​រូបភាព​បិតា​សន្តិភាព​របស់​លោក ហ៊ុន សែន ទៅ​នឹង​រូបភាព​បិតា​ឯករាជ្យ​នៃ​សម្តេច​ព្រះ នរោត្តម សីហនុ។

ចំពោះ​សម្តេច សីហនុ ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​បាន​ផ្តល់​តម្លៃ​ជា​បិតា​ឯករាជ្យ​ជាតិ​បន្ទាប់ពី​ព្រះអង្គ​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​បារាំង​នា​ឆ្នាំ​១៩៥៣។ ដូច្នេះ តើ​អ្វី​ទៅ​ជា​មូលហេតុ​ដែល​យុទ្ធនាការ​លើក​ខ្លួន​ជា​បិតា​សន្តិភាព​របស់​លោក ហ៊ុន សែន គ្មាន​ប្រសិទ្ធភាព​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ?

គេ​ពិបាក​រក​ចម្លើយ​ប្រាកដ​និយម​ក្នុង​ការ​ឆ្លើយ​ទៅ​នឹង​សំណួរ​នេះ ដោយ​មិន​ធ្វើ​ការ​ស្ទង់មតិ​ប្រកប​ដោយ​វិជ្ជាជីវៈ​តាម​បែប​វិទ្យាសាស្ត្រ​នោះ​ទេ។ ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គេ​ពុំ​ដែល​ឃើញ​មាន​ការ​សិក្សា​ណា​មួយ​បែប​នោះ​ឡើយ។ តែ​ទោះជា​យ៉ាង​ណា​ក្តី ក៏​គេ​នៅតែ​អាច​សាកល្បង​ធ្វើការ​វិភាគ​ជាទូទៅ​មួយ​អំពី​ប្រភេទ និង​តម្លៃ​សន្តិភាព​សម្រាប់​មនុស្ស​ជាតិ។ គេ​អាច​លើក​យក​ករណី​សិក្សា​មួយ​ចំនួន​មក​ធ្វើការ​សិក្សា និង​វិភាគ ដូចជា​ករណី​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយក្រែន នា​ពេល​បច្ចុប្បន្ន​នេះ និង​ករណី​មួយ​ចំនួន​ទៀត​ដែល​បាន​កើតឡើង​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​លោក។

តទៅ​នេះ​ជា​ការ​សាកល្បង​គិត​ល្អិតល្អន់​មួយ​ដើម្បី​វិភាគ​ប្រៀបធៀប។

ប្រទេស​រុស្ស៊ី បាន​ចាប់ផ្តើម​ធ្វើ​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ កន្លងទៅ​នេះ។ ប្រទេស​រុស្ស៊ី​ជា​ប្រទេស​ធំ និង​ជា​ប្រទេស​មហាអំណាច​យោធា​ដ៏​មហិមា​មួយ​ក្នុង​លោក ដែល​មាន​សព្វាវុធ​ទំនើប និង​ចំនួន​កងទ័ព​ច្រើន​ជាង​ប្រទេស​អ៊ុយក្រែន​ឆ្ងាយ​ណាស់។

កាលពី​ឆ្នាំ​២០១៤ ប្រទេស​រុស្ស៊ី​ធ្លាប់​ប្រើ​កម្លាំង​ទ័ព​កាត់​ផ្តាច់​តំបន់ Crimea ជា​ដី​របស់​អ៊ុយក្រែន​ដាក់​បញ្ចូល​ទៅ​ក្នុង​ដែនដី​របស់​ប្រទេស​រុស្ស៊ី។ ពេល​នោះ កងទ័ព​អ៊ុយក្រែន​មិន​អាច​ធ្វើ​អ្វី​រុស្ស៊ី​កើត​ទេ។ នៅ​ពេល​រុស្ស៊ី​បើក​ការ​វាយលុក​នា​ថ្ងៃ​ទី​២៤ កុម្ភៈ នោះ ប្រទេស​រុស្ស៊ី​បាន​ប្រកាស​ផែនការ​វាយ​គ្រប់គ្រង​អ៊ុយក្រែន​តែ​ក្នុង​រយៈពេល ៤៨​ម៉ោង​ប៉ុណ្ណោះ។

ពលរដ្ឋ​អ៊ុយក្រែន និង​ពិភពលោក​ក៏​ប្រហែលជា​គិត​ដូច្នោះ​ដែរ ព្រោះ​មាន​អ្នក​ជំនាញការ​សន្តិសុខ​បស្ចិម​ប្រទេស​ខ្លះ​បាន​គិតគូរ​អំពី​ផែនការ​ជម្លៀស​លោក​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskyy ទៅ​រក​កន្លែង​ដែល​មាន​សុវត្ថិភាព។

បើ​គេ​ពិនិត្យ​មើល​ព្រឹត្តិការណ៍​រុស្ស៊ី​កាត់​យក​ដី​តំបន់ Crimea ក្នុង​ឆ្នាំ​២០១៤ គេ​អាច​យល់​ថា កងទ័ព​នៃ​ប្រទេស​អ៊ុយក្រែន​មាន​ភាព​ទន់ខ្សោយ​ជាង​កងទ័ព​រុស្ស៊ី​ឆ្ងាយ​ណាស់ ព្រោះ​ថា​សូម្បីតែ​ប្រទេស​រុស្ស៊ី​កាត់​យក​ដី​របស់​ខ្លួន​ក្តី ក៏​ប្រទេស​អ៊ុយក្រែន​មិន​អាច​តតាំង​នឹង​ប្រទេស​រុស្ស៊ី​បាន​ដែរ។ អ៊ីចឹង​វា​មាន​ន័យ​ថា ប្រទេស​អ៊ុយក្រែន​ខ្លាច​ប្រទេស​រុស្ស៊ី ហើយ​ប្រាកដជា​មាន​ការ​បារម្ភ​ខ្លាំង​នៅ​ពេល​ដែល​ប្រទេស​រុស្ស៊ី​ធ្វើការ​គំរាមកំហែង​មុន​ពេល​លើក​ទ័ព​ចូល​ឈ្លានពាន។

ក្នុង​កាលៈទេសៈ​បែប​នោះ មេដឹកនាំ​អ៊ុយក្រែន​អាច​មាន​ផ្លូវ​ពីរ​សម្រាប់​ធ្វើ​ការ​សម្រេច​ចិត្ត គឺ​ទី​១ ត្រូវ​ធ្វើ​តាម​ការ​ចង់​បាន​របស់​ប្រទេស​រុស្ស៊ី ដើម្បី​សន្តិភាព និង​ទី​២ ត្រូវ​ប្រឆាំង​នឹង​ការ​ទាមទារ​របស់​ប្រទេស​រុស្ស៊ី​ដើម្បី​សេរីភាព។

ប្រសិនបើ​មេដឹកនាំ​ប្រទេស​អ៊ុយក្រែន​ជ្រើសរើស​យក​ផ្លូវ​ទី​១ ដែល​ធ្វើ​តាម​ការ​ចង់​បាន​របស់​ប្រទេស​រុស្ស៊ី ដើម្បី​សន្តិភាព នោះ​ប្រទេស​អ៊ុយក្រែន​អាច​ជៀស​ផុត​ពី​សង្គ្រាម។ ប៉ុន្តែ​ពេល​នោះ ជនជាតិ​អ៊ុយក្រែន ត្រូវតែ​រស់នៅ​ដោយ​គ្មាន​សេរីភាព រណប​ប្រទេស​រុស្ស៊ី និង​ត្រូវតែ​គាំទ្រ ឬ​ធ្វើ​តាម​អ្វី​ដែល​ប្រទេស​រុស្ស៊ី​ចង់​បាន ឬ​តម្រូវ​ដូច​ដែល​របប​លោក ហ៊ុន សែន ធ្លាប់​ធ្វើ​តាម​ប្រទេស​វៀតណាម និង​តែងតែ​គាំទ្រ​ប្រទេស​ចិន​គ្រប់​រឿង​អ៊ីចឹង។

ឧបមា​ថា ប្រទេស​អ៊ុយក្រែន​អាច​សុខចិត្ត​រណប ឬ​ធ្វើជា​អាយ៉ង​របស់​ប្រទេស​រុស្ស៊ី ដើម្បី​ទទួល​បាន​សន្តិភាព នោះ​មិនមែន​ជា​កម្មសិទ្ធិ​របស់​ប្រទេស​អ៊ុយក្រែន​ឡើយ តែ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​រុស្ស៊ី។ ដូច្នេះ វា​ជា​សន្តិភាព​ហេងស៊យ​ដែល​អាស្រ័យ​លើ​អារម្មណ៍​របស់​ប្រទេស​រុស្ស៊ី និង​ជា​សន្តិភាព​ដែល​ពលរដ្ឋ​អ៊ុយក្រែន​អាច​ទទួល​បាន​ជា​ថ្នូរ​នឹង​ការ​រស់នៅ​ដោយ​គ្មាន​សេរីភាព បាត់បង់​អធិបតេយ្យ សេចក្តី​ថ្លៃថ្នូរ និង​ប្រកប​ដោយ​សេចក្តី​ភ័យខ្លាច​តកូនតចៅ។ សន្តិភាព​បែបនេះ គឺជា​សន្តិភាព​ដែល​លោក ហ៊ុន សែន កំពុង​ផ្តល់​ជូន​ពលរដ្ឋ​ខ្មែរ និង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ដូច​សព្វថ្ងៃ​នេះ។

ប៉ុន្តែ​រដ្ឋាភិបាល​អ៊ុយក្រែន​បច្ចុប្បន្ន​នេះ បាន​សម្រេច​ជ្រើសរើស​យក​ផ្លូវ​ទី​២ គឺ​ប្រយុទ្ធ​ស៊ូ​ស្លាប់​រស់​ដើម្បី​សេរីភាព។ ការ​សម្រេច​ចិត្ត​បែប​នោះ បាន​នាំ​ឱ្យ​ប្រទេស​រុស្ស៊ី​លើក​ទ័ព​ចូល​ឈ្លានពាន និង​ទម្លាក់​គ្រាប់​លើ​ទីតាំង​សំខាន់ៗ​ក្នុង​ប្រទេស​អ៊ុយក្រែន​យ៉ាង​សន្ធឹកសន្ធាប់ ដែល​បណ្តាល​ឱ្យ​មាន​ការ​ខូចខាត និង​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​ធ្ងន់ធ្ងរ។

ថ្វីបើ​ការ​សម្រេច​ចិត្ត​បែបនេះ​នាំ​ឱ្យ​មាន​វិនាសកម្ម និង​មហន្តរាយ​ដ៏​ធំធេង​ចំពោះ​ប្រទេស និង​ពលរដ្ឋ​អ៊ុយក្រែន​មែន តែ​គេ​ឃើញ​ជនជាតិ​អ៊ុយក្រែន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​មេ​ដឹកនាំ​ខ្លួន។ ជា​សក្ខីភាព ប្រជាពលរដ្ឋ​អ៊ុយក្រែន​ទាំង​ប្រុស​ទាំង​ស្រី ជាពិសេស​អ្នក​កំពុង​រស់នៅ​ក្រៅ​ប្រទេស បាន​ស្ម័គ្រចិត្ត​ចូលរួម​កាន់​អាវុធ​ការពារ​មាតុភូមិ​ជាមួយ​នឹង​រដ្ឋាភិបាល​របស់​ខ្លួន។

ចំណុច​នេះ​អាច​បញ្ជាក់​ថា ប្រជាពលរដ្ឋ​អ៊ុយក្រែន​សុខចិត្ត​ប្រយុទ្ធ ឬ​ស៊ូ​ស្លាប់​ដើម្បី​សេរីភាព។

ដូច្នេះ គេ​អាច​សន្និដ្ឋាន​ថា ប្រជាពលរដ្ឋ​អ៊ុយក្រែន​ឲ្យ​តម្លៃ​សេរីភាព​ខ្ពស់​ជាង សំខាន់​ជាង​អ្វីៗ​ទាំងអស់ ដោយ​រួម​ទាំង​ជីវិត​ផ្ទាល់ខ្លួន​ផង។

ដូច្នេះ តើ​គេ​អាច​និយាយ​បាន​ថា ប្រជាពលរដ្ឋ​អ៊ុយក្រែន​ត្រូវការ​សេរីភាព​ជាជាង​សន្តិភាព​មែន​ឬ​ទេ?

ការ​សុខចិត្ត​ប្រយុទ្ធ​តតាំង​ជាមួយ​ប្រទេស​រុស្ស៊ី ដើម្បី​សេរីភាព​នោះ​ក៏​អាច​បញ្ជាក់​ថា ពួកគេ​ចង់​បាន​សន្តិភាព​ដែរ តែ​គឺជា​សន្តិភាព​មួយ​ពិតប្រាកដ និង​ស្ថិត​ក្នុង​ដៃ​ជនជាតិ​អ៊ុយក្រែន។ ចំណុច​នេះ​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​តស៊ូ​របស់​បណ្ឌិត ម៉ាទីន លូស៊ើឃីង ក្នុង​ប្រទេស​អាមេរិក នា​អំឡុង​ឆ្នាំ​១៩៦៥ ដល់​ឆ្នាំ​១៩៦៨ និង​ការ​តស៊ូ​របស់​លោក មហាត្មះ គន្ធី ក្នុង​ប្រទេស​ឥណ្ឌា​នា​អំឡុង​ឆ្នាំ​១៩២១ ដល់​ឆ្នាំ​១៩៤០ ដែរ។

បើ​គេ​ពិនិត្យ​មើល​ចលនា​តស៊ូ​ដោយ​អហិង្សា​ក្នុង​ប្រទេស​អាមេរិក និង​ប្រទេស​ឥណ្ឌា គេ​អាច​យល់​ថា សេរីភាព ឬ​ឯករាជភាព​ពិតជា​មាន​តម្លៃ​ជាង​អ្វីៗ​ទាំងអស់។ ក្នុង​សម័យកាល​នៃ​ការ​តស៊ូ​របស់​បណ្ឌិត ម៉ាទីន លូស៊ើឃីង ប្រទេស​អាមេរិក​ពុំ​មាន​សង្គ្រាម​ទេ និង​កំពុង​មាន​សន្តិភាព​ពេញលេញ ប៉ុន្តែ​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ពុំ​មាន​សេរីភាព និង​ទទួល​រង​ការ​រើសអើង ប្រកាន់​ពូជសាសន៍​ពី​ពួក​ស្បែក​ស។ ដូច្នេះ ការ​ដឹកនាំ​ចលនា​តស៊ូ​ដោយ​អហិង្សា​របស់​បណ្ឌិត ម៉ាទីន លូស៊ើឃីង នៅ​ពេល​នោះ គឺ​ដើម្បី​ទាមទារ​សេរីភាព និង​សមភាព​សម្រាប់​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ។

ដូច​គ្នា​នេះ​ដែរ ក្នុង​សម័យកាល​ដឹកនាំ​ចលនា​តស៊ូ​ដោយ​អហិង្សា​របស់​លោក មហាត្មះ គន្ធី ប្រទេស​ឥណ្ឌា​គ្មាន​សង្គ្រាម​ទេ តែ​ប្រជាពលរដ្ឋ​ឥណ្ឌា​រស់នៅ​ដោយ​គ្មាន​សិទ្ធិ​សេរីភាព រស់​ក្រោម​នឹម​អាណានិគម​របស់​ប្រទេស​អង់គ្លេស។ ពេល​នោះ លោក គន្ធី ដឹកនាំ​ចលនា​អហិង្សា​ដើម្បី​តស៊ូ​ទាមទារ​ឯករាជ្យ និង​សេរីភាព​ជូន​ជាតិ និង​ប្រជាពលរដ្ឋ​ឥណ្ឌា។ ផ្ទុយទៅវិញ ប្រសិនបើ​ប្រជាពលរដ្ឋ​ឥណ្ឌា​ចង់​បាន​តែ​ត្រឹម​សន្តិភាព​ដោយ​មិន​ខ្វល់​អំពី​សេរីភាព ម្ល៉េះ​ជនជាតិ​ឥណ្ឌា​ត្រូវ​បន្ត​រស់នៅ​ក្រោម​ការ​ត្រួតត្រា​នៃ​ប្រទេស​អង់គ្លេស។

នៅ​ប្រទេស​កម្ពុជា​វិញ កងទ័ព​វៀតណាម​ប្រមាណ ២​សែន​នាក់​ត្រួតត្រា​កាន់កាប់​ទឹកដី​ខ្មែរ បន្តុប​រដ្ឋ​អំណាច​រណប​ក្រុង​ហាណូយ ដាក់​ជំនាញការ​បង្គាប់​បញ្ជា ដោត​កន្លុះ​ញាក់​ខ្សែ​តាម​គ្រប់​ក្រសួង មន្ទីរ នាយកដ្ឋាន ការិយាល័យ ទាំង​រដ្ឋបាល​ស៊ីវិល ទាំង​អង្គភាព​កងទ័ព ហើយ​បន្សល់​ទុក​រហូត​ដល់​សព្វថ្ងៃ។

បើ​ពលរដ្ឋ​ខ្មែរ​មិន​តស៊ូ មិន​ប្រយុទ្ធ​រើបម្រះ​ទាមទារ​សិទ្ធិ​សេរីភាព ឯករាជភាព អធិបតេយ្យ​ជាតិ​ក្នុង​ទសវត្ស​១៩៨០ ទេ​នោះ សហគមន៍​អន្តរជាតិ​ក៏​មិន​ខ្វល់​រឿង​ខ្មែរ​ជួយ​រក​សន្តិភាព​ឲ្យ​ខ្មែរ​ទូទៅ​ដែរ។

បើ​គេ​ផ្អែកលើ​ករណី​របស់​ប្រទេស​អ៊ុយក្រែន​បច្ចុប្បន្ន និង​ការ​តស៊ូ​របស់​បណ្ឌិត ម៉ាទីន លូស៊ើឃីង និង​លោក មហាត្មះ គន្ធី ក្នុង​អតីតកាល​នោះ គេ​អាច​មើល​ឃើញ​ថា សេរីភាព​ជា​អាទិភាព និង​អត្ថិភាព​ដំបូង​បំផុត​ដែល​មនុស្ស​ត្រូវការ ព្រោះ​វា​ជា​មូលដ្ឋានគ្រឹះ​នៃ​ការ​នាំ​មក​នូវ​សន្តិភាព​ពិតប្រាកដ។

ដូច្នេះ ថ្វីបើ​ការ​តស៊ូ​ដើម្បី​សេរីភាព តែ​លទ្ធផល​ចុងក្រោយ​នោះ​គឺ​ដើម្បី​សន្តិភាព​មួយ​ពិតប្រាកដ​ដែល​ពួកគេ​អាច​បាន​ដោយ​មាន​សេរីភាព និង​ឯករាជ្យ​យូរ​អង្វែង​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ និង​គ្មាន​ការ​គំរាមកំហែង៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស